ក្រុមសហជីពកម្មករនិងសាច់ញាតិរបស់លោកជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ ដែលត្រូវបានគេបាញ់សម្លាប់កាលពី១៥ឆ្នាំមុន គ្រោងនឹងជួបជុំគ្នាមុខរូបសំណាករបស់លោកក្បែរវិមានឯករាជ្យ នៅថ្ងៃទី២២ខែមករានេះ ដើម្បីដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ខណៈយុត្តិធម៌មិនទាន់ត្រូវបានរកឃើញនៅឡើយ។
លោកម៉ាន់ សេងហាក់ អនុប្រធានសហជីពសេរីកម្មករ ប្រាប់ VOA នារសៀលថ្ងៃសុក្រនេះថា ក្នុងពិធីដាក់កម្រងផ្កានៅមុខរូបសំណាករបស់លោកជា វិជ្ជា ខាងមុខវត្តលង្ការ ក្បែរវិមានឯករាជ្យ នៅព្រឹកថ្ងៃអង្គារទី២២ខែមករាខាងមុខ នឹងមានអ្នកចូលរួមប្រមាណជា២០០នាក់។ លោកបន្ថែមថា ក្នុងពិធីគោរពវិញ្ញាណក្ខន្ធនោះក៏នឹងមានការរំឭកពីវីរភាពរបស់លោកជា វិជ្ជា ក្នុងការទាមទារសិទ្ធិសម្រាប់កម្មករ និងស្នើឲ្យមានការពន្លឿនការស៊ើបអង្កេតដើម្បីស្វែងរកឃាតកពិតផងដែរ។
លោកបញ្ជាក់ថា៖
«ខ្ញុំជឿជាក់ថា បើសិនជារដ្ឋាភិបាលមានចេតនាចង់រកឃាតកពិត នោះនឹងឃើញតែម្តង ពីព្រោះការអនុវត្តច្បាប់ បើមិនមាននិទណ្ឌភាពទេ នោះការអនុវត្តច្បាប់ត្រូវមានប្រសិទ្ធភាព។ ហើយយ៉ាងណាក៏ដោយ យើងមានសង្ឃឹមរហូតដល់ភាពស៊ើបអង្កេតហ្នឹងចប់ ពីព្រោះយើងឃើញហើយថា ការតស៊ូដើម្បីយុត្តិធម៌នឹងទទួលបានជោគជ័យ ហើយអ្នកប្រព្រឹត្តបទល្មើសគង់តែរកឃើញទេ»។
លោកជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករដ៏ល្បីល្បាញ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០០៤ ខណៈលោកចូលទិញកាសែតនៅក្បែរវត្តលង្ការ ក្នុងក្រុងភ្នំពេញ។ មួយសប្តាហ៍ក្រោយមក ជនសង្ស័យពីររូបដែលក្រុមសង្គមស៊ីវិលហៅថា ជាឃាតកសិប្បនិមិ្មតគឺលោកប៊ន សំណាង និងលោក សុខ សំអឿនត្រូវបានចាប់ខ្លួន។ ក្រោយការឃុំខ្លួនអស់ជាច្រើនឆ្នាំ លោកប៊ន សំណាង និងលោកសុខ សំអឿនត្រូវបានរកឃើញថា គ្មានទោសកំហុស និងត្រូវបានដោះលែងឲ្យមានសេរីភាពវិញ តាមដីកាសម្រេចរបស់តុលាការកំពូលនៅចុងឆ្នាំ២០១៣។
នាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ VOA ថា សមត្ថកិច្ចកំពុងបន្តការស៊ើបអង្កេតករណីឃាតកម្មលើលោកជា វិជ្ជា ប៉ុន្តែលោកថា ករណីឃាតកម្មនេះមិនមានការសហការពីសាក្សី។ យ៉ាងណាក្តី នាយឧត្តមសេនីយ៍ខៀវ សុភ័គបន្ថែមថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានបញ្ជាឲ្យស៊ើបអង្កេតករណីនេះ រហូតឃាតកពិតត្រូវបានរកឃើញ។
លោកមានប្រសាសន៍ថា៖
«តម្រុយយើងចេះតែមាន ចេះតែឮសូរ ប៉ុន្តែអ្នកខ្លះ អ្នកដែលដឹងហ្នឹង គ្នាដូចជាមិនផ្តល់នូវកិច្ចសហការសោះ។ គ្រាន់តែដឹងទៅ បានតែផ្សព្វផ្សាយតាមព័ត៌មាន តែមិនបានបង្ហាញខ្លួន ឬក៏ចូលខ្លួនមកសហការ ឬផ្តល់ព័ត៌មាន ឬផ្តល់សាក្សី ឬផ្តល់វត្ថុតាងអីផ្សេងៗ។ វាគ្មាន។ អាកន្លែងហ្នឹងហើយដែលធ្វើឲ្យការស៊ើបអង្កេតហ្នឹងវាមិនបានដល់ទីជម្រៅ ឬក៏មិនបានដល់គោលដៅច្បាស់លាស់»។
ក្រៅពីឃាតកម្មលើលោកជា វិជ្ជា ដែលជាប្រធានសហជីពដ៏សកម្ម និងល្បីក្នុងការទាមទារសិទ្ធិឲ្យកម្មករនោះ ក៏នៅមានករណីនៃការបាញ់សម្លាប់ធំៗមួយចំនួនទៀត កើតមានជាបន្តបន្ទាប់។
កាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៦ លោកបណ្ឌិតកែម ឡី អ្នកវិភាគឯករាជ្យ ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំនួនពីរគ្រាប់ បណ្ដាលឲ្យស្លាប់ភា្លមៗនៅហាងលក់ទំនិញមួយកន្លែង ក្នុងស្ថានីយ៍ប្រេងឥន្ធនៈមួយ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
ចំណែកលោកឈុត វុទ្ធី អតីតសកម្មជនការពារបរិស្ថានដ៏សកម្មមួយរូប ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងខេត្តកោះកុង កាលពីខែមេសាឆ្នាំ២០១២។
ក្នុងរយៈពេលជិត២០ឆ្នាំកន្លងមកនេះ មានសកម្មជនគណបក្សនយោបាយ សកម្មជនបរិស្ថាន អ្នកវិភាគ ព្រះសង្ឃ សហជីព និងអ្នកកាសែតជាច្រើនរូប ត្រូវបានឃាតកបាញ់សម្លាប់។ ក្រុមអ្នករិះគន់បាននិយាយថា មិនមានឃាតកពិតប្រាកដណាម្នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួនយកមកកាត់ទោសតាមច្បាប់នៅឡើយ៕