អង្គការសហប្រជាជាតិបានសម្តែងកង្វល់ជាថ្មីម្តងទៀតចំពោះការបញ្ជូនចេញជនជាតិតំបន់ភ្នំ ឬម៉ុងតាញ៉ាវៀតណាមដោយបង្ខំពីប្រទេសកម្ពុជាទៅកាន់ស្រុកកំណើតរបស់ពួកគេវិញ។
កង្វល់នេះធ្វើឡើងក្រោយពីអាជ្ញាធរប៉ូលិសកម្ពុជាបានចាប់បញ្ជូនជនភៀសខ្លួនចារ៉ាយវៀតណាមចុងក្រោយកាលពីខែមុនចំនួន៣៦នាក់ដែលជាការចាប់បញ្ជូនចំនួនច្រើនបំផុតលើកដំបូង ក្រោយពីជនជាតិដើមភាគតិចទាំងនេះបានរត់គេចពីការធ្វើទុក្ខបុកម្នេញពីប្រទេសវៀតណាម ហើយបានស្វែងរកការលាក់ខ្លួនក្នុងព្រៃនៃខេត្តរតនគីរីរបស់ប្រទេសកម្ពុជា កាលពីចុងឆ្នាំ២០១៤ដើម្បីសុំសិទ្ធិជ្រកកោនជាជនភៀសខ្លួនទៅកាន់ប្រទេសទី៣។ ជនភៀសខ្លួនទាំងនេះត្រូវពួនស្ទាក់ចាប់នៅពេលដែលពួកគេកំពុងធ្វើដំណើរតាមរថយន្តក្នុងទិសដៅឆ្ពោះមកកាន់ទីក្រុងភ្នំពេញដើម្បីស្វែងរកការជួយជ្រោមជ្រែងពីអង្គការសហប្រជាជាតិ។
ការចាប់បញ្ជូនដោយបង្ខំនេះធ្វើឲ្យជនជាតិចារ៉ាយវៀតណាមចំនួន៤៥នាក់ហើយត្រូវបញ្ជូនត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញចាប់តាំងពីដើមឆ្នាំ២០១៥មក។ នេះបើយោងតាមរបាយការណ៍របស់ការិយាល័យសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគីរី។
លោកស្រី វីវាន តាន់ អ្នកនាំពាក្យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប្រចាំតំបន់បានឲ្យដឹងថា អង្គការសហប្រជាជាតិបានសរសេរលិខិតទៅកាន់រដ្ឋាភិបាលកម្ពុជាក្រោយពីមានការចាប់បញ្ជូនជនជាតិម៉ុងតាញ៉ាវៀតណាមចុងក្រោយនោះ ដោយបញ្ជាក់ពីការព្រួយបារម្ភរបស់ខ្លួនលើបញ្ហានេះ។
មន្ត្រីអ្នកនាំពាក្យអង្គការសហប្រជាជាតិដដែលបានបញ្ជាក់តាមសារអេឡិចត្រូនិកនៅថ្ងៃនេះថា «ការបញ្ជូនជនដែលស្វែងរកសិទ្ធិជ្រកកោនទៅកាន់ស្រុកកំណើតរបស់ពួកគេវិញ ដោយមិនបានអនុញ្ញាតឲ្យពួកគេទទួលបាននីតិវិធីកំណត់ពីលក្ខន្តិកៈជនភៀសខ្លួននោះ គឺជាការបង្កគ្រោះថ្នាក់ដល់ពួកគេនិងផ្ទុយទៅនឹងច្បាប់អន្តរជាតិ»។
ចាប់តាំងពីចុងឆ្នាំ២០១៤មក មានជនជាតិចារ៉ាយវៀតណាមចំនួន៧៥នាក់បានភៀសខ្លួនមកកាន់ព្រៃនៃខេត្តរតនគីរីដើម្បីស្វែងរកសិទ្ធិជ្រកកោននៅប្រទេសទី៣។ ជនភៀសខ្លួនចំនួន៤៥នាក់ត្រូវចាប់ខ្លួនដោយប៉ូលិសកម្ពុជា និងបញ្ជូនទៅឲ្យអាជ្ញាធរវៀតណាមវិញចំនួនបីលើកផ្សេងៗគ្នា។ ដោយឡែកជនភៀសខ្លួនចំនួន១៣នាក់ត្រូវក្រសួងមហាផ្ទៃរកឃើញថា មានលក្ខខណ្ឌគ្រប់គ្រាន់ជាជនភៀសខ្លួន ហើយជនភៀសខ្លួនចំនួន៤នាក់ផ្សេងទៀតកំពុងស្ថិតនៅក្រោមការគាំពាររបស់អង្គការសហប្រជាជាតិក្នុងទីក្រុងភ្នំពេញ។
លោកឆាយ ធី អ្នកសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគីរី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះដែរថា នៅមានជនភៀសខ្លួនជនជាតិតំបន់ភ្នំវៀតណាមចំនួន១៣នាក់ផ្សេងទៀតកំពុងលាក់ខ្លួននៅក្នុងព្រៃនៃខេត្តភាគឦសាននេះ។
«បន្ទាប់ពីក្រសួង(មហាផ្ទៃ)ប្រកាសទទួលស្គាល់១៣នាក់ រហូតដល់ពេលនេះសភាពការណ៍របស់អាជ្ញាធរស្ងប់ស្ងាត់ខុសប្លែកពីធម្មតា។ ចំណែកឯជនភៀសខ្លួននៅមានវត្តចំនួន១៣នាក់កំពុងលាក់ខ្លួននៅក្នុងព្រៃនៅពេលនេះ»។
លោកស្រី វីវាន តាន់បញ្ជាក់ថា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបន្តធ្វើការតស៊ូមតិជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើយ៉ាងណាឲ្យជនភៀសខ្លួនដែលស្វែងរកសិទ្ធិជ្រកកោនមានលទ្ធភាពទទួលបាននីតិវិធីថ្នាក់ជាតិមួយ ដូចជនភៀសខ្លួនទាំង១៣នាក់ ដែលត្រូវរកឃើញថា មានលក្ខខណ្ឌគ្រប់គ្រាន់ជាជនភៀសខ្លួនដូច្នោះដែរ។
នេះជាលើកទី២ហើយដែលអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនបានសម្តែងកង្វល់របស់ខ្លួនជុំវិញការរឹតត្បិតរបស់អាជ្ញាធរកម្ពុជាលើជនភៀសខ្លួនតំបន់ភ្នំវៀតណាម ក្រោយពីមានសេចក្តីរាយការណ៍ថា ក្រុមអាជ្ញាធរកម្ពុជាបានធ្វើតាមសំណើរបស់អាជ្ញាធរវៀតណាមក្នុងការស្វែងរកឃាត់ខ្លួននិងបញ្ជូនជនម៉ុងតាញ៉ាទៅកាន់ប្រទេសវៀតណាមវិញ។
VOA បានព្យាយាមទាក់ទងសុំការបំភ្លឺពីលោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ តែមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។
សូមបញ្ជាក់ថា នៅក្នុងការចាប់បញ្ជូនជនម៉ុងតាញ៉ាវៀតណាមចំនួន៣៦នាក់ដោយស្ងាត់កំបាំងទៅកាន់ប្រទេសវៀតណាមវិញនោះ មានជនជាតិចារ៉ាយកម្ពុជាម្នាក់ ដែលជាអ្នកអមដំណើរពួកគេក៏ត្រូវចាប់បញ្ជូនទៅជាមួយជនភៀសខ្លួនទាំងនេះដែរ តែក្រោយមកជនជាតិចារ៉ាយកម្ពុជានេះត្រូវដោះលែងមកវិញបន្ទាប់ពីត្រូវអាជ្ញាធរវៀតណាមសាកសួរមួយរយៈក្នុងទីក្រុងហូជីមិញ៕