ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ UNESCO បញ្ចូល​តំបន់​ប្រវត្តិសាស្ត្រ និង​វប្បធម៌​មួយ​ចំនួន​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក


បំណែក​នៃ​ផែ Cais do Valongo នៅ​ក្នុង​ក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។
បំណែក​នៃ​ផែ Cais do Valongo នៅ​ក្នុង​ក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។

គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ UNESCO បាន​ចំណាយ​ពេល​មួយ​សប្ដាហ៍​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង Krakow ប្រទេស​ប៉ូឡូញ ដើម្បី​ពិនិត្យ ពិភាក្សា និង​វាយ​តម្លៃ​ទីតាំង​ប្រវត្តិសាស្ត្រ និង​វប្បធម៌​សំខាន់ៗ​ចំនួន ៣៤ កន្លែង នៅ​លើ​ពិភពលោក ក្នុង​គោល​បំណង​ចុះ​បញ្ជី​កន្លែង​ទាំង​នោះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។

កន្លែង​ប្រវត្តិសាស្ត្រ និង​វប្បធម៌​សំខាន់ៗ​ដែល​អង្គការ UNESCO ជ្រើសរើស​ឆ្នាំ​នេះ មាន​ដូចជា ទីក្រុង​ Yazd ដែល​ជា​ទីក្រុង​វាយ​ខ្សាច់​នៅ​អ៊ីរ៉ង់ រូង​ជួរ​ភ្នំ Swabian Jura យុគ​សម័យ​ទឹកកក​ក្នុង​ប្រទេស​អាល្លឺម៉ង់ កំពង់​ផែ Valongo Wharf ដែល​ជា​កំពង់​ផែ​ថ្ម​ក្នុង​ប្រទេស​ប្រេស៊ីល និង​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​ក្នុង​ប្រទេស​កម្ពុជា​ជា​ដើម។

អង្គការ UNESCO បាន​បញ្ចូល​កន្លែង​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ជាង ២២ កន្លែង ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដែល​ក្នុង​នោះ​មាន​ទាំង​ជម្រើស​មួយ​ចំនួន​ដែល​មាន​លក្ខណៈ​ប្រទាំង​ប្រទើស​ផង​ដែរ។

តំបន់​ប្រទាំង​ប្រទើស​មួយ​ក្នុង​ចំណោម​នោះ គឺ​តំបន់ Hoh Xil ក្នុង​ខេត្ត Qinghai ប្រទេស​ចិន ដែល​កាល​ពី​បុរាណ​ជា​តំបន់​ទីបេ។ អង្គការ​យុទ្ធនាការ​អន្តរជាតិ​ដើម្បី​តំបន់​ទីបេ (International Campaign for Tibet) ដែល​ជា​អង្គការ​រិះគន់​ការ​គ្រប់គ្រង​របស់​ចិន​នៅ​តំបន់ Hoh Xil នោះ បាន​បញ្ជាក់​ថា ការ​ដាក់​បញ្ចូល​តំបន់ Hoh Xil ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដូច​នេះ មាន​ន័យ​ថា អង្គការ UNESCO បាន​គាំទ្រ​ចំពោះ​ទង្វើ​អាជ្ញាធរ​ចិន​ដែល​ធ្វើ​មក​លើ​ជនជាតិ​ទីបេ។

តំបន់​ប្រទាំង​ប្រទើស​មួយ​ទៀត​គឺ​ទីក្រុង​ចាស់ និង​ផ្នូរ​របស់​ព្រឹទ្ធាចារ្យ​នានា​ក្នុង​ទីក្រុង Hebron នៃ​ដែន​ដី​ប៉ាឡេស្ទីន។ ការ​ដាក់​បញ្ចូល​ទីក្រុង​នេះ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក គឺ​បាន​ធ្វើ​ឲ្យ​ប្រទេស​អ៊ីស្រាអែល​ខឹង​សម្បា។ អ៊ីស្រាអែល​បាន​ចោទ​អង្គការ UNESCO ថា​បាន​ព្យាយាម​លាក់​អំពី​ទំនាក់ទំនង​របស់​ជនជាតិ​ជ្វីហ្វ​ជាមួយ​នឹង​ទីក្រុង Hebron ចំណែក​ឯ​ប៉ាឡេស្ទីន​វិញ ចោទ​អ៊ីស្រាអែល​ថា​កំពុង​ព្យាយាម​បំផ្លាញ​ប្រវត្តិសាស្ត្រ​ប៉ាឡេស្ទីន៕

XS
SM
MD
LG