កាលពីថ្ងៃច័ន្ទ លោកអគ្គលេខាធិការអ.ស.ប. បាន គីមូន (Ban Ki-moon) បានមាន ប្រសាសន៍ថា ទោះណាជាមាន«ឧប្បត្តិហេតុខ្លះ»ក៏ដោយ ក៏ការបញ្ឈប់អរិភាពនៅក្នុងប្រទេសស៊ីរីបានកើតមានដោយភាគច្រើននៅក្នុងថ្ងៃទីបី។
លោកក៏បានមានប្រសាសន៍ដែរថា គណៈកម្មាធិការចំពោះកិច្ចមួយដែលមានប្រទេសជាតិច្រើនជាសមាជិក កំពុងធ្វើការដើម្បីធ្វើឱ្យប្រាកដប្រជាថាការរំលោភលើកិច្ចឈប់បាញ់គ្នាមិនរាលដាល ហើយការបញ្ឈប់ការប្រយុទ្ធគ្នាអាចមានបន្តទៅទៀត។
លោករដ្ឋមន្ត្រីការបរទេសបារាំង Jean-Marc Ayrault បានអំពាវនាវឱ្យមានការប្រជុំមួយនៃគណៈកម្មាធិការចំពោះកិច្ចការនេះ«ដោយគ្មានការពន្យាពេល» ដើម្បីពិភាក្សាគ្នាអំពីការវាយប្រហារតាមអាកាសដែលត្រូវបានរាយការណ៍នៅលើតំបន់កាន់កាប់ដោយពួកឧទ្ទាម។
លោករដ្ឋមន្ត្រីការពារប្រទេសស.រ.អា. Ash Carter បានមានប្រសាសន៍ថា«ប្រសិនបើមានការគោរពត្រឹមត្រូវតាមកិច្ចព្រមព្រៀងនេះ«ការឈប់បាញ់គ្នាអាចនាំឱ្យមានការចុះថយអំពើហិង្សាជាទូទៅ។
លោកបាននិយាយបន្ថែមថា «ការណ៍នេះអាចជាជំហានទីមួយឆ្ពោះទៅកាន់ដំណោះស្រាយនយោបាយមួយ ដែលអាចបញ្ចប់សង្គ្រាមស៊ីវិលនិងទុក្ខវេទនារបស់ប្រជារាស្ត្រស៊ីរីផងដែរ»។
ការឈប់បាញ់គ្នានេះបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍។
កាលពីថ្ងៃច័ន្ទមានការអះអាងគួរឱ្យកត់សម្គាល់ អំពីការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់គ្នាដោយពួកឧទ្ទាមស៊ីរីបានចោទប្រកាន់របបគ្រប់គ្រង Assad ថា បានវាយប្រហារ២៦លើកលើក្រុងនិងភូមិដែលពួកគេកាន់កាប់។ ការរំលោភ៧ដងក្នុងបណ្តាការរំលោភទាំងនេះដែលពួកឧទ្ទាមបានអះអាង គឺជាការទម្លាក់គ្រាប់បែកធុងដោយកងឧទ្ធម្ភាគចក្រនៃរបបគ្រប់គ្រង Assad ដែលហោះទាបៗ។
លោក Riad Hijab ប្រធានក្រុមអ្នកធ្វើការចរចារបស់ក្រុមឧទ្ទាម បានត្អូញត្អែរនៅក្នុងលិខិតជាផ្លូវការមួយច្បាប់ផ្ញើជូនទៅអ.ស.ប.ថា «របបគ្រប់គ្រង Assad បានបន្តយកតំបន់មានមនុស្សរស់នៅធ្វើជាទីដៅនៃការវាយប្រហារដោយប្រើប្រាស់ការវាយឆ្មក់ដោយកងឧទ្ធម្ភាគចក្រដែលប្រើប្រាស់ធុងផ្ទុកដោយគ្រឿងផ្ទុះ ដែលបាននាំឱ្យមានមនុស្សច្រើននាក់ស្លាប់និងបានធ្វើឱ្យមានមនុស្សច្រើននាក់ត្រូវរបួសផងដែរ ដោយភាគច្រើនជាក្រុមស្ត្រីនិងកុមារស្លូតត្រង់គ្មានទោសពៃរ៍អ្វីឡើយ»។
ពួកឧទ្ទាមក៏បានអះអាងដែរថា មានការរំលោភ២៤ដងទាក់ទិននឹងការបាញ់ផ្តក់ដោយកាំភ្លើងធំរបស់របបគ្រប់គ្រង Assad និងមានឧប្បត្តិហេតុ៥ នៃកិច្ចប្រតិបត្តិការវាយលុកនៅលើដី៕