លោកអគ្គលេខាធិការអង្គការសហប្រជាជាតិកំពុងចាប់ផ្តើមធ្វើសវនកម្មហិរញ្ញវត្ថុផ្ទៃក្នុងរវាងអង្គការពិភពលោក និងអង្គការ២ដែលបានរងការចោទប្រកាន់ពីរដ្ឋអាជ្ញារបស់សហរដ្ឋអាមេរិកពីការនាំអតីតមន្រ្តីអង្គការសហប្រជាជាតិម្នាក់ឡើងតុលាការ។
លោក Stephane Dujarric អ្នកនាំពាក្យរបស់លោក Ban Ki-moon បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការិយាល័យសវនកម្មហិរញ្ញវត្ថុផ្ទៃក្នុងនឹងពិនិត្យមើលឡើងវិញនូវកិច្ចសន្យារវាងមូលនិធិ Global Sustainability និងអង្គការ Sun Kian Ip Group ហើយនិងការប្រើប្រាស់ថវិកាទទួលបានមកពីអង្គការទាំងនោះ។
អង្គការទាំងនោះបានរងការចោទប្រកាន់ពីការស្ថិតនៅជាផ្នែកមួយនៃគម្រោងផែនការសូកប៉ាន់អស់រយៈពេលជាច្រើនឆ្នាំដើម្បីផ្តល់ផលប្រយោជន៍ឲ្យ Ng Lap Seng ជាពាណិជ្ជករជនជាតិចិនអាយុ៦៧ឆ្នាំ ដែលបានដឹកនាំអង្គការ Sun Ip Group ដែលមានទីតាំងក្នុងទីក្រុងម៉ាកាវ។
កាលពីថ្ងៃអង្គារ ក្រុមអាជ្ញាធរសហរដ្ឋអាមេរិកបានចាប់ខ្លួនលោក John Ashe អាយុ៦១ឆ្នាំនៅគេហដ្ឋានរបស់លោកខាងក្រៅទីក្រុងញូវយ៉ក។ នៅឆ្នាំ២០១៣ លោក Ashe ជាប្រធានសម័យប្រជុំទី៦៨របស់មហាសន្និបាតអង្គការសហប្រជាជាតិ។ មុននោះ លោកជាឯកអគ្គរដ្ឋទូតរបស់ប្រទេសអង់ទីហ្គា និងបាប៊ុយដា (Antigua and Barbuda) នៅអង្គការសហប្រជាជាតិអស់រយៈពេលជិតមួយទសវត្សរ៍។
ក្រុមអាជ្ញាធរនិយាយថា នៅដើមឆ្នាំ២០១១ លោក Asheបានទទួលសំណូកជាង១លានដុល្លារហើយបានលួចបន្លំពន្ធនៅក្នុងការជួយមហាសេដ្ឋី Ng៕