អ៊ីស្រាអែល៖ ក្រុមបាតុករ ផាឡេស្ទីន (Palestine) ប្រមាណ៤០នាក់ រួមទាំងញាតិសន្តានរបស់អ្នកទោស ផាឡេស្ទីន នៅក្នុងគុក អ៊ីស្រាអែលដែលមានកំហឹងនឹងនយោបាយរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន (Ban Ki-moon) បានចោលស្បែកជើង ដំបង និងដុំថ្ម ទៅលើក្បួនរថយន្តលោក នៅពេលលោកចូលទៅបំពេញទស្សនកិច្ចដ៏ខ្លីមួយនៅតំបន់ កាហ្សា ស្រ្តីប (Gaza Strip) កាលពីថ្ងៃព្រហស្បតិ៍។
ប៉ាគីស្ថាន៖ ភាពតានតឹងនយោបាយដែលមានជាយូរមកហើយនៅប៉ាគីស្ថានបានចាប់ផ្តើមពុះកញ្ជ្រោលជាថ្មីឡើងវិញ នៅពេលដែលតុលាកាជាន់ខ្ពស់បំផុតរបស់ប្រទេសនេះហាក់ដូចជាកំពុងត្រៀមបង្ខំឲ្យលោកនាយករដ្ឋមន្រ្តី យួសហ្វ រ៉ាហ្សា គីឡានី (Yousuf Raza Gilani) ចុះចេញពីតំណែងពីបទមិនស្តាប់បង្គាប់។
អាហ្វហ្គានីស្ថាន៖ មន្រ្តីកំពូលរបស់អង្គការអូតង់បានគាំទ្រផែនការមួយដែលនឹងប្រគល់មុខនាទីសន្តិសុខនាំមុខទៅឲ្យកងកម្លាំងអាហ្វហ្គានីស្ថាននៅឆ្នាំ២០១៣ មួយឆ្នាំមុនពេលដែលបានគ្រោងទុកជាមុន។ តែលោកបានព្រមានថាគ្មានផែនការនឹងចាកចេញពីប្រទេសនេះភ្លាមៗទេ។
អេហ្ស៊ីប៖ សកម្មជនបានចេញធ្វើបាតុកម្មនៅតាមផ្លូវកាលពីថ្ងៃព្រហស្បតិ៍ដើម្បីតវ៉ានឹងបរាជ័យរបស់កងនគរបាលក្នុងការធ្វើអន្តាគមន៍និងជៀសវាងអំពើហិង្សាក្នុងការប្រកួតកីឡាបាល់ទាត់មួយ ដែលបានបណ្តាលឲ្យមនុស្ស៧៤នាក់បាត់បង់ជីវិត និងធ្វើឲ្យរបួសមនុស្សជាច្រើនរយនាក់ទៀតនៅក្នុងទីក្រុងផត សេត (Port Said) នៅភាគខាងជើងប្រទេស។
កុងហ្គោ៖ លទ្ធផលបោះឆ្នោតផ្លូវការនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោល (Congo) បង្ហាញថា គណបក្សរបស់លោកប្រធានាធិបតី ជូសឺផ កាប៊ីឡា (Joseph Kabila) បានឈ្នះអសនៈ៦៣ ចុះថយពី១១១ នៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា កាលពីខែវិច្ឆិកា តែគណបក្សរបស់គាត់នៅតែមានសំឡេងច្រើនជាងគេក្នុងរដ្ឋសភា។
សូម៉ាលី៖ លោករដ្ឋមន្រ្តីការបរទេសអង់គ្លេស វីលៀម ហេក (William Hague) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា អង់គ្លេសនឹងតែងតាំងឯកអគ្គរាជទូតទីមួយគឺលោកឯកអគ្គរាជទូត ម៉ាត់ ប៉ាជ (Matt Baugh) ទៅកាន់សូម៉ាលី ក្នុងមុខនាទីជាប្រេសិតជាន់ខ្ពស់ថ្មីរបស់ក្រុងឡុងដ៍។
សហរដ្ឋអាមេរិក៖ នាយកធនាគារកណ្តាលសហរដ្ឋអាមេរិចថ្លែងថា ឱនភាពថវិកាប្រចាំឆ្នាំដ៏មហិមារបស់រដ្ឋាភិបាល «មិនអាចទុកឲ្យនៅមានតទៅយូរបានទេ» ហើយធ្វើឲ្យមាន «ផលវិបាកសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ» សម្រាប់ប្រទេស។