ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប​​ អំពា​វនាវ​ឲ្យផ្អាក​ការ​ប្រហារ​ជីវិត​ទាំងអស់​នៅ​អ៊ីរ៉ង់ ខណៈ​ចំនួន​កើនឡើង


ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) លោក Volker Türk ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ ទីក្រុង Guatemala។
ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) លោក Volker Türk ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ ទីក្រុង Guatemala។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) លោក Volker Türk បាន​សម្តែងការ​ភ្ញាក់ផ្អើល​នៅ​ថ្ងៃ​អង្គារ​ចំពោះ​ការ​កើនឡើង​យ៉ាងខ្លាំង​នូវ​ចំនួន​ជន​ដែល​ត្រូវ​ប្រហារជីវិតនៅ​អ៊ីរ៉ង់ ហើយ​បាន​អំពាវនាវ​ឲ្យ​អ៊ីរ៉ង់ផ្អាក​ការ​ប្រហារ​ជីវិត​ថែមទៀត​លើ​អ្នក​ដែលកំពុង​ប្រឈម​នឹង​ទោសប្រហារជីវិត​ដោយសារ​បទឧក្រិដ្ឋផ្សេងៗ។

លោក Türk បាន​និយាយក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ «‍វា​គួរ​ឲ្យ​រំខានចិត្ត​យ៉ាង​ខ្លាំងដែល​យើង​ឃើញ​ចំនួន​មនុស្ស​ដែល​ត្រូវ​ទទួល​ទោស​ប្រហារជីវិតកើនឡើង​ម្តងទៀត​នៅអ៊ឺរ៉ង់ ក្នុង​ពេល​១ឆ្នាំ ធៀបនឹង​ឆ្នាំមុន។ ដល់ពេល​ហើយ​ដែលអ៊ីរ៉ង់ត្រូវ​ទប់​រលក​នៃ​ការ​ប្រហារជីវិត​ដែលកាន់​តែរីកធំឡើង​នេះ»។

យោងតាម​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស មនុស្ស​យ៉ាង​តិច​៩០១​នាក់ ត្រូវ​បាន​រាយការណ៍​ថា​ត្រូវ​បាន​ប្រហារជីវិត​ក្នុង​ឆ្នាំ២០២៤ រួម​ទាំង​មនុស្ស​ប្រមាណ​៤០​នាក់​ដែល​ត្រូវបាន​ប្រហារជីវិត​ក្នុងពេល​១​សប្តាហ៍​ក្នុង​ខែធ្នូ​កន្លងទៅ​នេះផង។

ការិយាល័យ​នេះ​ថា​ចំនួន​នៃ​ការ​ប្រហារជីវិត​ច្រើន​បំផុត​ក្នុង​ពេលប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​បាន​កើន​ច្រើន​បំផុត​ក្នុង​ឆ្នាំ២០១៥ ដែល​នៅ​ពេល​នោះ​មនុស្ស​យ៉ាង​តិច​៩៧២​នាក់ ត្រូវ​បាន​ប្រហារជីវិត​នៅក្នុង​ប្រទេស​អ៊ីរ៉ង់។ ក្រោយ​ពី​ចំនួននេះធ្លាក់ចុះ ការិយាល័យនេះ​កត់​សម្គាល់​ថា​វា​បាន​កើនយ៉ាង​ខ្លាំង​ចាប់​តាំងពី​ឆ្នាំ​២០២២មក​។​

អ្នកស្រី Liz Throssell អ្នកនាំពាក្យ​របស់​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស បាន​ប្រាប់​ក្រុម​អ្នកកាសែត​នៅ​ក្នុង​សន្និសីទកាសែត​មួយ​ក្នុង​ទីក្រុង​ហ្សឺណែវ​ថា «‍មនុស្សយ៉ាង​តិច​៨៥៣​នាក់ ត្រូវ​បាន​ប្រហារជីវិត​ក្នុង​ឆ្នាំ២០២៣»។ អ្នកស្រី​បន្ថែម​ថា នៅ​ឆ្នាំ​២០២៤ ចំនួន​អ្នក​ត្រូវ​បាន​ប្រហារជីវិត​មាន​៩០១នាក់ ដែល​ជា​ចំនួន«‍កើនឡើងខ្លាំងគួរឲ្យ​រន្ធត់និង​ព្រួយបារម្ភ»។

ការិយាល័យ​ឧត្តមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស រាយការណ៍​ថា​ការ​ប្រហារជីវិត​ភាគច្រើន​ឆ្នាំមុន គឺ​ដោយសារ​បទល្មើស​ទាក់ទង​នឹង​គ្រឿងញៀន តែ​ការិយាល័យ​នេះ​ថា​«‍ក្រុម​ប្រឆាំងនិង​អ្នកពាក់ព័ន្ធ​នឹង​ការ​តវ៉ា​នៅ​ឆ្នាំ២០២២ ក៏​ត្រូវ​បាន​ប្រហារជីវិត​ផង​ដែរ»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG