ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​បញ្ជូន​ជំនួយ​បន្ទាន់​ទៅ​ឱ្យ​អ្នករួច​ជីវិត​ពី​គ្រោះ​រញ្ជួយ​ដី​នៅ​អាហ្វហ្គានីស្ថាន​


បុរស​អាហ្វហ្គានីស្ថាន​ប្រមូល​ផ្តុំ​គ្នា​​ដើម្បី​រៀប​ប្រអប់​ជំនួយ​​​ ​ក្រោយ​ពី​មាន​ការ​រញ្ជួយ​ផែនដី​នៅ​​តំបន់ Gayan ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២២។
បុរស​អាហ្វហ្គានីស្ថាន​ប្រមូល​ផ្តុំ​គ្នា​​ដើម្បី​រៀប​ប្រអប់​ជំនួយ​​​ ​ក្រោយ​ពី​មាន​ការ​រញ្ជួយ​ផែនដី​នៅ​​តំបន់ Gayan ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២២។

ទីភ្នាក់ងារ​ផ្ដល់​ជំនួយ​នានា​របស់​អង្គការ​សហ​ប្រជាជាតិ​កំពុង​ប្រញាប់​ប្រញាល់​បញ្ជូន​ជំនួយ​សង្គ្រោះ​រាប់​តោន​សម្រាប់​មនុស្ស​រាប់​ពាន់​នាក់​ដែល​រង​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​ កាល​ពី​ថ្ងៃ​ពុធ​ ទី​២២ ខែ​មិថុនា នៅ​ខេត្ត​ Khost ​និង​ខេត្ត​ Paktika ​ប្រទេស​អាហ្វហ្គានីស្ថាន។ ​មនុស្ស​ជាង ​១.០០០ ​នាក់​ត្រូវ​បាន​រាយ​ការណ៍​ថា បាន​ស្លាប់​ និង​យ៉ាង​ហោច​ណាស់ជាង ​១.៦០០ ​នាក់​បាន​រង​របួស។​

ទីភ្នាក់ងារ​ផ្ដល់​ជំនួយ​នានា​រំពឹង​ថា​ ចំនួន​នៃ​មនុស្ស​ស្លាប់ ​និង​រង​របួស​អាច​នឹង​កើន​ឡើង​ ខណៈ​ដែល​ប្រតិបត្តិការ​ស្វែង​រក​ និង​ជួយ​សង្គ្រោះ​កំពុង​បន្ត​ធ្វើ​ នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន។ ​ ពួក​គេ​បាន​កត់​សម្គាល់​ថា ​មនុស្ស​ជាច្រើន​កំពុង​ដេក​នៅ​ក្នុង​ផ្ទះ​ដែល​សាង​សង់​ពី​ភក់​ នៅ​ពេល​ការ​រញ្ជួយ​ដី​កម្លាំង​រំញ័រ​៥,៩​លើ​ជញ្ជីង​រិចទ័រ​បាន​កើត​ឡើង។​

ថ្លែង​ពី​រដ្ឋធានី​កាប៊ុល ​លោក​ Mohamed Ayoya ​តំណាង​អង្គការ​ UNICEF​ ប្រចាំ​ប្រទេស​អាហ្វហ្គានីស្ថាន ​បាន​និយាយ​ថា​ កុមារ​យ៉ាង​ហោច​ណាស់​ចំនួន​១២១​នាក់ ​បាន​ស្លាប់ ​និង​៦៧​នាក់​នាក់​បាន​រង​របួស​ នៅ​ក្នុង​ការ​បំផ្លិច​បំផ្លាញ​ដែល​បាន​បណ្ដាល​ឲ្យ​ផ្ទះ​រាប់​ពាន់​ខ្នង​រង​ការ​បំផ្លាញ​ទាំង​ស្រុង​ ឬ​ រង​ការ​ខូច​ខាត។​

លោក​ថ្លែង​ថា​ ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​បាន​ទៅ​ដល់នៅ​កន្លែង​កើត​ហេតុ​ភ្លាមៗ​នៅ​ក្នុង​ស្រុក​ដែល​រង​ការ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ ​បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​កាល​ពី​ពាក់​កណ្ដាល​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ​២២ ខែ​មិថុនា។​ ពួក​គេ​កំពុង​វាយ​តម្លៃ​ការ​ខូច​ខាត ​និង​តម្រូវ​ការ​ចាំបាច់​បន្ទាន់។​

លោក​ថ្លែង​ដូច្នេះ​ថា៖ ​«យើង​បាន​ដឹង​ហើយ​ថា ​ក្មេងៗ ​និង​ក្រុម​គ្រួសារ​ពួក​គេ​ ដែល​ទទួល​រង​ការ​ប៉ះ​ពាល់​ពី​ការ​រញ្ចួយ​ដី​នេះ ​កំពុង​ត្រូវ​ការ​ជា​បន្ទាន់​នូវ​ទីជម្រក​ ទឹក​សម្រាប់​បរិភោគ ការ​ថែទាំ​ផ្នែក​សុខាភិបាល​ និង​ការ​ការពារ។ ​កុមារ ​និង​មនុស្ស​វ័យ​ជំទង់ ​គឺ​ជា​ក្រុម​ជន​ងាយ​រងគ្រោះ​ និង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​បំបែក​ចេញ​ពី​គ្រួសារ ​ ​ការ​រង​ទុក្ខ​វេទនា​ផ្លូវ​អារម្មណ៍ ​និង​ផ្លូវ​ចិត្ត ​ ការ​រំលោភ​បំពាន ​ការ​កេង​ប្រវ័ញ្ច​ និង​អំពើ​ហិង្សា​ក្នុង​ទម្រង់​ផ្សេង​ទៀត»។

លោក ​Ayoya ​បាន​ថ្លែង​ទៀត​ថា​ អង្គការ ​UNICEF ​កំពុង​ផ្ដល់​ថ្នាំ​ពេទ្យ​សម្រាប់​គ្រា​អាសន្ន ​គ្រឿង​ផ្គត់​ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ​ផ្សេង​ទៀត​ និង ​សម្ភារៈ​សម្រាប់​ព្យាបាល​កុមារ ​ដែល​មាន​ជំងឺ​រាគរូស​ និង​ជួយ​បង្ការ​ការ​ឆ្លង​ជំងឺ​អាសន្នរោគ។ ​ លោក​កត់​សម្គាល់​ថា​ មនុស្ស​ជា​ច្រើន​កំពុង​ស្ថិត​នៅ​ក្នុង​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​ទាំង​នេះ​ ដោយសារ​តែ​ការ​ខូច​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ និង ​អនាម័យ​មាន​កម្រិត​ទាប។​

ទីភា្នក់ងារ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​ ក៏​បាន​បញ្ចេញ​ជំនួយ​សង្គ្រោះ​ច្រើន​តោន​ចេញ​ពី​ឃ្លាំង​របស់​ខ្លួន​នៅ​ទីក្រុង​កាប៊ុល​ ទៅ​កាន់​កាន់​តំបន់​នានា​ដែល​រង​ផល​ប៉ះពាល់។ ​អ្នកស្រី ​Shabia Mantoo​ អ្នក​នាំពាក្យ​ឧត្តម​ស្នងការ​អង្គការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ UNHCR បាន​ថ្លែង​ថា ​ សម្ភារៈ​ទាំង​នោះ​ ដែល​រួមមាន​តង់ ​ ភួយ ​ ប៊ីដុងទឹក ​សម្ភារៈ​ផ្ទះ​បាយ ​និង​សម្ភារៈ​សំខាន់ៗ​ជា​ច្រើន​ទៀត ​អាច​ផ្គត់​ផ្គង់​មនុស្ស​បាន​ប្រហែល​៤.២០០​នាក់។ ​

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ ​«UNHCR ​បាន​ដាក់​ពង្រាយ​បុគ្គលិក​ដើម្បី​ជួយ​រៀបចំ​ទីជម្រក​សម្រាប់​មនុស្ស​ដែល​គ្មាន​ផ្ទះ​សម្បែង​ដោយសារ​តែ​ការ​បំផ្លិច​បំផ្លាញ​នេះ។​ ក្រុមការងារ​របស់​ UNHCR​ ក៏​កំពុង​តែ​បង្កើត​មណ្ឌល​ផ្គត់​ផ្គង់​ចំនួន៣​កន្លែង ​នៅ​ស្រុក ​Giyan, Bermal​ និង​ Spera ​ដើម្បី​ឲ្យ​សម្ភារៈ​មនុស្សធម៌​ដែល​ដឹក​ចេញ​ពី​ទីក្រុង​កាប៊ុល​ទៅ​ដល់​ទី​នោះ​ អាច​ត្រូវ​បាន​បញ្ជូន​បន្ត​ភ្លាមៗ​ទៅ​កាន់​សហគមន៍​ដែល​រង​ការ​ប៉ះ​ពាល់​ដោយ​គ្រោះ​រញ្ជូយ​ដី​នេះ»។​

អ្នកស្រី ​Mantoo​ ថ្លែង​បន្ត​ទៀត​ថា​ ជម្លោះ​ និង​អស្ថិរភាព​អស់​រយៈ​ពេល​៤​ទសវត្សរ៍​នៅ​អាហ្វហ្គានីស្ថាន​បាន​ធ្វើ​ឱ្យ​មនុស្ស​រាប់​លាន​នាក់​ប្រឈម​ការ​ស្រេក​ឃ្លាន ​និង​ទុរ្ភិក្ស។​ អ្នក​ស្រី​និយាយ​ថា​ ត្រូវ​មាន​ការ​គាំទ្រ​ចាំបាច់​ និង​បន្ទាន់​ជាច្រើន​ទៀត​ដើម្បី​បញ្ចៀស​គ្រោះ​មហន្តរាយ​ផ្នែក​មនុស្ស​ធម៌​ដែល​នឹង​កើត​មាន​នៅ​ពេល​ក្រោយ។​

ពួក​តាលីបង់​ដែលគ្រប់​គ្រង​អំណាច​ដ៏​តឹងរ៉ឹង​ ហើយដែល​បាន​ក្ដោប​អំណាច​នៅ​ប្រទេស​នេះ​កាល​ពី​ខែ សីហា​ ឆ្នាំ​មុន​ ក៏​កំពុង​អំពាវ​នាវ​រក​ជំនួយ​ពី​អន្តរជាតិ​ផង​ដែរ៕​

ប្រែ​សម្រួល​ដោយ​ លោក​ ពិន ស៊ីសុវណ្ណ

XS
SM
MD
LG