ពួកឧទ្ទាមលម្អៀងប្រទេសរុស្ស៊ីក្នុងតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែន បានដោះលែងពួកអ្នកសង្កេតការអឺរ៉ុប៤នាក់ដែលត្រូវបានឃុំខ្លួនអស់រយៈពេលមួយខែ។ពួកអ្នកសង្កេតការណ៍៤នាក់មកពីអង្គការសន្តិសុខនិងកិច្ចសហប្រតិបត្តិការក្នុងអឺរ៉ុប បានត្រូវដោះលែងកាលពីថ្ងៃសៅរ មួយខែបន្ទាប់ពីពួកគេ បានត្រូវចាប់ខ្លួនពីទីក្រុង Luhansk ។
អ្នកសង្កេតការណ៍៤នាក់ទៀតនៅក្នុងទីក្រុង Donetsk បានត្រូវគេដោះលែងនៅដើមសប្តាហ៍នេះ។ ពួកមន្រ្តីអង្គការសន្តិសុខនិងកិច្ចសហប្រតិបត្តិការក្នុងអឺរ៉ុប និយាយថា ពួកអ្នកសង្កេតការទាំងអស់ មានសុខភាពល្អ។ គេ មិនទាន់ដឹងច្បាស់នៅ ឡើយថា តើហេតុអ្វី បានជាពួកគេ បានត្រូវចាប់ខ្លួនទេ។
សហភាពអឺរ៉ុប កំពុងទាមទារឲ្យពួកទាមទារបំបែករដ្ឋនិងពួកអ្នកគាំទ្ររបស់ខ្លួនក្នុងទីក្រុងម៉ូស្គួចាត់វិធានការណ៍ដើម្បីធ្វើឲ្យធូរស្រាលដល់វិបត្តិក្នុងតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែន បើពុំដូច្នេះទេ នឹងប្រឈមការដាក់ទ័ណ្ឌកម្មរឹតកាន់តែខ្លាំង។
វិធានការនៃការទាមទាររបស់សហភាពអឺរ៉ុប រួមមានការចរចាសន្តិភាពហើយនិងអនុញ្ញាតិឲ្យពួកអ្នកឃ្លាំមើលរបស់ អង្គការសន្តិសុខនិងកិច្ចសហប្រតិបត្តិការក្នុងអឺរ៉ុប ធ្វើកិច្ចការរបស់ខ្លួនផង។