អាជ្ញាធរនៃប្រទេសអ៊ុយក្រែននិងក្រុមឧទ្ទាមទាមទារបំបែករដ្ឋដែលគាំទ្ររុស្សីបានបើកកិច្ចចរចាសន្តិភាពថ្មីមួយកាលពីថ្ងៃសៅរ៍ ទោះជាមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅក្នុងប៉ែកខាងកើតប្រទេសដែលបណ្តាលឱ្យមានមនុស្សស្លាប់ទាំងទាហាននិងទាំងជនស៊ីវិលក៏ដោយ។
បើតាមលោក Vyacheslav Abroskin មេប៉ូលីសនៃតំបន់ Donetsk កាន់កាប់ដោយក្រុមឧទ្ទាមថាការបាញ់ផ្តក់កាលពីថ្ងៃសៅរ៍នៅក្នុងកន្លែងយុទ្ធសាស្ត្រ Debaltseve បានបណ្តាលឱ្យជនស៊ីវិល១២នាក់ស្លាប់។ ក្រុង Debaltseve ឋិតនៅទិសឦសានក្រុង Donetsk ហើយជាព្រំប្រទល់រវាងក្រុងនេះនិងក្រុង Luhansk ដែលជាសំបុកធំមួយទៀតរបស់ក្រុមឧទ្ទាម។
រដ្ឋាភិបាលនៅតែរក្សាការត្រួតត្រាលើកន្លែងប្រសព្វផ្លូវរទេះភ្លើងនិងផ្លូវទ្បាននេះដែលគ្មានទឹក អគ្គិសនីនិងឧស្ម័នជាច្រើនថ្ងៃមកហើយ។
បន្ថែមពីលើការស្លាប់នៃក្រុមជនស៊ីវិល លោក Stepan Poltorak រដ្ឋមន្ត្រីក្រសួងការពារប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសៅរ៍ថាទាហាន១៥នាក់ក៏បានស្លាប់ដែរកាលពីថ្ងៃសុក្រនៅក្នុងការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលនិងក្រុមទាមទារបំបែករដ្ឋដែលគាំទ្ររុស្សី។
នៅពេលដែលស្ថានការណ៍នៅក្នុងប៉ែកខាងកើតប្រទេសមានភាពធ្ងន់ធ្ងរជាងមុន ក្រុមអ្នកតំណាងមកពីប្រទេសអ៊ុយក្រែន ប្រទេសរុស្សីនិងអ្នកតំណាងឧទ្ទាមបានប្រជុំគ្នានៅក្នុងរដ្ឋធានីមីនស្កិ៍ (Minsk) នៃប្រទេសបេឡារុស (Belarus) ដើម្បីធ្វើការចរចាដែលបានកំណត់ធ្វើកាលពីថ្ងៃសុក្រ។ កិច្ចព្រមព្រៀងឈប់បាញ់គ្នាមួយដែលភាគីទាំងពីរបានយល់ព្រមកាលពីខែកញ្ញាបានត្រូវរំលោភច្រើនដងហើយបានបរាជ័យទាំងស្រុងកាលពីសប្តាហ៍មុននៅពេលក្រុមឧទ្ទាមបានប្រកាសអំពីការចាប់ផ្តើមការវាយលុកថ្មីមួយដែលបានត្រូវធ្វើទ្បើងដើម្បីពង្រីកដែនដីពួកគេ។
វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែនបានបណ្តាលឱ្យមនុស្សជាង៥ពាន់១រយនាក់ស្លាប់ចាប់តាំងពីវាបានកើតមានទ្បើងកាលពីខែមេសានៅក្រោយរុស្សីចូលកាន់កាប់ឧបទ្វីបគ្រីម៉េ៕