ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Bobi Wine មេដឹកនាំ​អ៊ូហ្គាន់ដា ត្រូវបាន​ដោះលែង​តែ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ការ​រឹតត្បិត​ពេល​មាន​ជំងឺ​កូវីដ១៩


តន្ត្រីករ​ជនជាតិ​អ៊ូហ្គាន់ដា ដែល​បាន​ប្រែក្លាយ​ទៅជា​អ្នកនយោបាយ លោក Robert Kyagulanyi ដែល​ត្រូវបាន​គេស្គាល់​ផងដែរ​ថា ឈ្មោះ Bobi Wine លើកដៃ​នៅពេល​លោក​ដើរ​ទៅ​តុលាការ​នៅ​ក្រុង Ingangaកាលពី​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។
តន្ត្រីករ​ជនជាតិ​អ៊ូហ្គាន់ដា ដែល​បាន​ប្រែក្លាយ​ទៅជា​អ្នកនយោបាយ លោក Robert Kyagulanyi ដែល​ត្រូវបាន​គេស្គាល់​ផងដែរ​ថា ឈ្មោះ Bobi Wine លើកដៃ​នៅពេល​លោក​ដើរ​ទៅ​តុលាការ​នៅ​ក្រុង Ingangaកាលពី​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

តុលាការ​អ៊ូហ្គាន់ដា​ (Uganda) ​បាន​ចោទ​ប្រកាន់​ថា លោក ​Robert Kyagulanyi ​ដែលគេ​ស្គាល់​ថា ​មាន​ឈ្មោះ​ Bobi Wine ​ផង​ដែរ បាន​ធ្វើ​សកម្មភាព​ដូចជា​ការ​ចម្លង​ជំងឺ​កូវីដ១៩ ដោយ​លោក ​បាន​ធ្វើការ​ប្រមូលផ្តុំ​មហាជន។​

តុលាការ​សង្កាត់​ Iganga បាន​បញ្ជា​ឱ្យ​ដោះលែង​លោក ​រហូត​ដល់​មាន​ការ​កាត់​ក្តី​នេះ​ជា​ថ្មី​ក្នុង​ខែ​ធ្នូ។​

លោក David Rubongoya ​អគ្គ​លេខាធិការ​គណបក្ស​ National Unity Platform ​របស់​លោក​ Wine ​បាន​ពិនិត្យ​មើល​ទម្រង់​ការ​នេះ។ ​លោក​បាន​និយាយ​ថា៖​

«លោក​ Bobi ​បាន​ត្រូវ​ដោះលែង​ហើយ​ដោយ​ការ​ធានា​នៅ​ក្រៅ​ឃុំ។ ​យើង​នៅ​ឯ​តុលាការ​រង់​ចាំ​លោក​ចាក​ចេញ​ពី​តុលាការ​ហើយ​ប្រហែល​ទៅ​ផ្ទះ។ ​មាន​ការ​ដាក់​ពង្រាយ​កង​កម្លាំង​សន្តិសុខ​ច្រើន​នាក់​ ​យើង​មិន​ដឹង​ថា​ ​នឹង​មាន​អ្វីកើត​ឡើង​ទេ​ តែ​លោក ​Bobi ​មាន​សេរីភាព​ហើយ»។​

ពួក​ប៉ូលិស​ បាន​ចាប់​ខ្លួន​លោក​ Wine​ កាល​ពី​ថ្ងៃ​ពុធ ទី​១៨​វិច្ឆិកា ​នៅ​ពេល​លោក​ឃោសនា​បោះ​ឆ្នោត​នៅ​ក្នុង​ប៉ែក​ខាង​កើត​ប្រទេស​អ៊ូហ្គាន់ដា​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​ខែ​មករា។​

ការ​ចាប់​លោក ​Wine​ បាន​បណ្តាល​ឱ្យ​មាន​បាតុកម្ម​ដោយ​ពួក​អ្នក​គាំទ្រ​លោក នៅ​ទូទាំង​ប្រទេស ​នាំ​ឱ្យ​មាន​ការ​ចាប់​មនុស្ស​រាប់​រយ​នាក់​ ​ហើយ​មាន​កំណើន​មនុស្ស​ស្លាប់​នៅ​ក្នុង​ការ​ប៉ះទង្គិច​ជា​មួយ​កង​កម្លាំង​សន្តិសុខ​ផង​ដែរ។​

លោក ​Moses Byaruhanga ​អ្នក​រោគ​សាស្ត្រ​របស់​ប៉ូលិស​អ៊ូហ្គាន់ដា ​និយាយ​ថា មនុស្ស​ស្លាប់​ភាគ​ច្រើន​មាន​មុខ​របួស​ដោយ​គ្រាប់​កាំភ្លើង។ ​លោក​បាន​ថ្លែង​ថា៖​

«យើង​ឃើញ​ស្នាម​របួស​គួរឲ្យ​ស្លុត​ គ្រោះ​ថ្នាក់​ចរាចរណ៍។ ​យើង​ឃើញ​ស្នាម​ដោយ​គ្រាប់​កាំ​ភ្លើង។ ​រហូត​មក​ដល់ថ្ងៃ​នេះ​មាន​មនុស្ស​ស្លាប់​៣៧​នាក់​ គឺ​ស្ត្រី​បួន​នាក់ ​និង​បុរស​៣៣​នាក់»។​

រដ្ឋមន្ត្រី​សន្តិសុខ​អ៊ូហ្គាន់ដា ​និង​អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ប៉ូលិស​បាន​និយាយ​ថា ក្រុម​បាតុករ​ បាន​ប្រព្រឹត្ត​អំពើ​ហិង្សា ​វាយ​ប្រហារ​លើ​ពួក​អ្នក​គាំទ្រ​រដ្ឋាភិបាល​ ហើយ​គេ​មាន​ជំនឿ​ថា​ ​ពួក​ជន​ទាំង​នេះ​ មាន​អាវុធ​ថែម​ទៀត​ផង។​

ពួក​អ្នក​រិះគន់​កត់​សម្គាល់​ថា ពួក​ប៉ូលិស​អ៊ូហ្គាន់ដា​ និង​កង​សន្តិសុខ​មាន​ស្លៀកពាក់​ស៊ីវិល​ឆាប់​ប្រើ​គ្រាប់​កាំ​ភ្លើង​មែន​ទែន​ប្រឆាំង​នឹង​ក្រុម​បាតុករ។​

អង្គការ​ Human Rights Watch ​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ ទី​២០​ វិច្ឆិកា​ថា ការ​ចាប់​ខ្លួន​លោក ​Wine ​បង្ហាញ​ថា​ ​អាជ្ញាធរ​ អ៊ូហ្គាន់ដា​ ប្រើ​ជំងឺ​កូវីដ១៩​ជា​លេស​ ដើម្បី​បង្ក្រាប​លើ​ក្រុមប្រ​ឆាំង​នៅ​មុន​ការ​បោះឆ្នោត​ក្នុង​ខែ​មករា។​

លោក​ Oryem Nyeko ​អ្នក​ស្រាវជ្រាវ​អង្គការ​ Human Rights Watch ​ប្រចាំ​ទ្វីប​អាហ្វ្រិក​និយាយ​ថា ការ​ឃោសនា​របស់​គណបក្ស​គ្រប់គ្រង​ប្រទេស​ឈ្មោះ​គណបក្ស​ Resistance Movement ហៅ​កាត់​ថា​ NRM ​ក៏​ទាក់ទាញ​ហ្វូង​មនុស្ស​ច្រើន​នាក់​ដែរ​ដែល​កង​កម្លាំង​សន្តិសុខ​អនុញ្ញាត។​ Nyeko និយាយ​ថា៖

«នេះ​ជា​លេស​មួយ។ ពួក​គេ​បាន​ប្រើ​កូវីដ១៩​ជាលេស​ដើម្បី​បង្ក្រាប​និង​រំលោភ​លើ​សិទ្ធិ​ពល​រដ្ឋ។​ ជា​ពិសេស​ នៅ​ពេល​នេះ​ គឺ​រំលោភ​លើ​សិទ្ធិ​ក្រុម​ប្រឆាំង។ ​បើ​មិន​ដូច្នេះ​ទេ​ យើង​ឃើញ​ឱ្យ​មាន​តុល្យភាព​នៃ​ការ​អនុវត្ត​បទ​បញ្ញត្តិ​ទាំង​នោះ។​ យើង​មិន​បាន​ឃើញ​ការ​ចាប់​មនុស្ស​ក្នុង​ការ​ដង្ហែរ​ក្បួន​របស់​គណបក្ស​កាន់​អំណាច​ទេ»។​

នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​ឃោសនា​បោះឆ្នោត​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី១៩ ​វិច្ឆិកា លោក​ប្រធានាធិបតី Yoweri Museveni ​បាន​និយាយ​ថា ពួកអ្នក​នៅ​ក្រៅ​ប្រទេស​ដែល​ប្រឆាំង​នឹង​ស្ថិរភាព​និង​ឯករាជ្យ​នៃ​ប្រទេស​អ៊ូហ្គាន់ដា​បាន​ប្រើ​ពួក​បាតុករ។​

លោក ​Museveni ​ដែល​បាន​កាន់​អំណាច​៣៤​ឆ្នាំ​មក​ហើយ​ មិន​បាន​និយាយ​ឱ្យ​បាន​ក្បោះក្បាយ​ទេ ​ហើយ​ក៏​មិន​បាន​ផ្តល់​ភស្តុតាង​អ្វី​ឡើយ៕​

ប្រែ​សម្រួល​ដោយ​លោក​ ឈឹម សុមេធ​

XS
SM
MD
LG