នាយកទីភ្នាក់ងារពន្ធគយនិងការពារព្រំដែនអាមេរិក កាលពីថ្ងៃអាទិត្យ បានការពារចំណាត់ការភ្នាក់ងាររបស់លោកទៅលើកុមារដែលមានជំងឺពីរនាក់ ដែលបានស្លាប់បាត់បង់ជីវិតក្នុងមន្ទីរឃុំឃាំង ដោយនិយាយថា ភ្នាក់ងាររបស់លោកបានព្យាយាមអស់ពីសមត្ថភាពដើម្បីផ្តល់ជំនួយផ្នែកវេជ្ជសាស្ត្រដល់ពួកគេនៅក្នុងកាលៈទេសៈដ៏លំបាកនោះ។
ការស្លាប់របស់កុមារទាំងពីរនាក់បានបង្កឲ្យមានការពិភាក្សាដេញដោលទៅលើគោលនយោបាយអន្តោប្រវេសន៍របស់អាមេរិក ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែបន្តទាមទារឲ្យសមាជិកសភាផ្តល់ប្រាក់ចំនួន៥ពាន់លានដុល្លារដើម្បីសាងសង់ជញ្ជាំងនៅតាមបណ្តោយព្រំដែនជាមួយនឹងប្រទេសម៉ិកស៊ិក។
ការប្រឆាំងនឹងការផ្តល់ថវិកាតាមសំណើរបស់លោក ត្រាំ បានបង្កឲ្យមានការបិទរដ្ឋាភិបាលមួយផ្នែក ដែលឈានដល់ថ្ងៃទី៩ហើយ ត្រឹមល្ងាចថ្ងៃអាទិត្យនេះ ម៉ោងក្នុងសហរដ្ឋអាមេរិក។
លោក Kevin McAleenan នាយកទីភ្នាក់ងារពន្ធគយនិងការពារព្រំដែនអាមេរិក បានថ្លែងក្នុងកម្មវិធី "This Week" របស់បណ្តាញសារព័ត៌មាន ABC ថា អស់រយៈពេលមួយទសវត្សរ៍មកហើយ ចាប់តាំងពីមានកុមារម្នាក់ស្លាប់ក្នុងមន្ទីរឃុំឃាំងរបស់ទីភ្នាក់ងារនេះ ហើយថា ការស្លាប់បាត់បង់ជីវិតរបស់កុមារក្វាតេម៉ាឡា (Guatemala) ពីរនាក់ ក្នុងរយៈពេល៣សប្តាហ៍នេះ «គឺជាសោកនាដកម្មដ៏ធ្ងន់ធ្ងរសម្រាប់យើងនៅគ្រប់ជាន់ថ្នាក់ទាំងអស់»៕