អាជ្ញាធរក្នុងប្រទេសហ្វីលីពីននិយាយថា ព្យុះសង្ឃរាមង្ឃុត (Mangkhut) បានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏១៦នាក់ដែរចាប់តាំងពីវាបានមកដល់ឆ្នេរសមុទ្រផ្នែកខាងកើតនៅកោះ Luzon ភាគខាងជើងកាលពីព្រឹកថ្ងៃសៅរ៍មក។
ព្យុះមង្ឃុតបានត្រូវគេបញ្ចុះពីមាហាព្យុះសង្ឃរាមកព្យុះធម្មតា ក៏ប៉ុន្តែ វានៅតែជាព្យុះដែលសម្លាប់មនុស្ស។
ជនរងគ្រោះភាគច្រើនបានត្រូវស្លាប់ដោយសារការបាក់ដីឬអាគារបាក់ដែលពួកគេបានជ្រកពួននៅទីនោះ។
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិនមានគម្រោងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីននៅថ្ងៃអាទិត្យនេះ ក៏ប៉ុន្តែ ប្រទេសទាំង២បានព្រមព្រៀងគ្នាពន្យាពេលដំណើរទស្សនកិច្ចនេះ ពីព្រោះតែព្យុះសង្ឃរានេះ។ ជើងហោះហើរចំនួន១៥០បានត្រូវលុបចោល ពីព្រោះតែព្យុះសង្ឃរាមង្ឃុត ហើយខេត្តGuangdong នៃប្រទេសចិនក៏ស្ថិតចំផ្លូវរបស់ខ្យល់ព្យុះនេះដែរ។
មនុស្ស៨ម៉ឺន៧ពាន់នាក់បានត្រូវគេជម្លៀសចេញពីតំបន់ដែលមានគ្រោះថ្នាក់ខ្លាំងនៃប្រទេសហ្វីលីពីនដើម្បីបញ្ចៀសការខូចខាតដោយខ្យល់ព្យុះ។
ការព្រមានពីខ្យល់ព្យុះបានកើតមានឡើងនៅស្ទើរគ្រប់ខេត្ត និងទីក្រុងទាំងអស់នៅលើកោះ Luzon រួមមានរដ្ឋធានីម៉ានីលផង។
ខ្យល់ព្យុះមង្ឃុតបានមកដល់ឆ្នេរសមុទ្រនៃទីក្រុង Baggaoនៅខេត្ត Cagayan កាលពីព្រឹកថ្ងៃសៅរ៍ ដោយបានធ្វើឲ្យមានខ្យល់ក្នុងល្បឿន២៧០គីឡូម៉ែត្រក្នុងមួយម៉ោងដែលបានធ្វើឲ្យប៉ើងដំបូលផ្ទះ និងកាត់ផ្តាច់ខ្សែភ្លើងអគ្គិសនី។
ទោះជាយ៉ាងណាក៏ដោយ កម្លាំង និងការខូចខាតដោយសារខ្យល់ព្យុះនោះតិចជាងខ្យល់ព្យុះHaiyan ដែលបានធ្វើឲ្យមនុស្សស្លាប់ឬបាត់ខ្លួនជាង៧ពាន់៣រយនាក់នៅក្នុងប្រទេសហ្វីលីពីនៅឆ្នាំ២០១៣៕