មេដឹកនាំប្រឆាំងជនជាតិវ៉េណេស៊ុយអេឡា២នាក់ដែលបានស្ថិតនៅក្នុងការឃុំ ឃាំងនៅក្នុងផ្ទះបានត្រូវវកងកម្លាំងសន្តិសុខចាប់ខ្លួន ២ថ្ងៃបន្ទាប់ពីការបោះ ឆ្នោតដ៏ចម្រូងចម្រាសដើម្បីបង្កើតសភាជាតិដើម្បីសរសេររដ្ឋធម្មនុញ្ញឡើងវិញ។
ក្រុមគ្រួសាររបស់លោក Leopoldo Lopez និងលោក Antonio Ledezma និយាយថាមេដឹកនាំគណបក្សប្រឆាំងទាំង២រូបនេះបានត្រូវដឹកចេញពីផ្ទះក្នុងរយៈពេលប៉ុន្មានម៉ោងកាលពីព្រឹកថ្ងៃអង្គារដោយពួកភ្នាក់ងារដែលធ្វើការនៅក្រសួងស៊ើប ការសម្ងាត់ Sebin របស់ប្រទេសវ៉េណេស៊ុយអេឡា។ ក្រុមគ្រួសារទាំង២បានចុះផ្សាយវីដេអូនៅតាមប្រព័ន្ធ Twitter របស់លោកទាំង២នៅពេលដែលលោកទាំង២បានត្រូវគេយកចេញពីផ្ទះ ដោយលោក Ledezma នៅស្លៀកសម្លៀកបំពាក់គេងយប់នៅឡើយ។
តុលាការកំពូលវ៉េណេស៊ុយអេឡាបានប្រាប់ឲ្យដឹងថា មេដឹកនាំគណបក្សប្រឆាំងទាំង២ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារវិញ ពីព្រោះតែប្រភពស៊ើបការសម្ងាត់ផ្លូវការបានរកឃើញថា ពួកគេមានផែនការរត់គេចខ្លួន។ តុលាការកំពូលនោះក៏បានប្រាប់ឲ្យដឹងទៀតថា លោក Lopez និងលោក Ledezma បានរំលោភលក្ខខណ្ឌនៃការឃុំខ្លួនក្នុងផ្ទះដោយការធ្វើយុទ្ធនាការខាងនយោបាយហើយនិងធ្វើសេចក្តីថ្លែងការណ៍ទៅកាន់បណ្តាញព័ត៌មាន។
លោក Stephane Dujarric អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិបាននិយាយថា លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិមានការព្រួយកង្វល់អំពីការតានតឹងខាងនយោបាយកើនឡើងដែលនឹងធ្វើឲ្យប្រទេសនេះឃ្លាតកាន់តែឆ្ងាយពីមាគ៌ាស្វែងរកដំណោះស្រាយដោយសន្តិវិធីដល់បញ្ហាប្រឈមរបស់ប្រទេសនេះ។ លោកបានមានប្រសាសន៍ទៀតថា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិកំពុងជំរុញពលរដ្ឋវ៉េណេស៊ុយអេឡា ជាពិសេសអ្នកដែលតំណាងឲ្យរដ្ឋាភិបាលត្រូវតែខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការតានតឹងនេះ។ លោក Dujarric បានមានប្រសាសន៍ទៀតថា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយឡើងវិញពីភាពចាំបាច់ឲ្យរដ្ឋាភិបាលនិងក្រុមប្រឆាំងចាប់ផ្តើមចរចាដែលជាមធ្យោបាយមួយឆ្ពោះទៅកាន់ដំណោះស្រាយខាងនយោបាយ៕