សកម្មជនបក្សប្រឆាំង២នាក់ទៀតនៅក្នុងខេត្តត្បូងឃ្មុំ ត្រូវបានចាប់ខ្លួន រួចបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារ កាលពីថ្ងៃច័ន្ទ។ នេះបើយោងតាមក្រុមគ្រួសាររបស់សកម្មជន។
ការចាប់ខ្លួននេះកើតឡើង ស្របពេលដែលថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោកស្រី មូរ សុខហួរ អនុប្រធានគណបក្ស គ្រោងនឹងវិលត្រឡប់មកកម្ពុជានៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។
សកម្មជនបក្សប្រឆាំងរាប់សិបនាក់ត្រូវបានចាប់ខ្លួនកាលពីកន្លងទៅ ពាក់ព័ន្ធនឹងការចោទប្រកាន់ថាគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី ដែលបានប្រកាសកាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ សកម្មជនខ្លះទៀតក៏កំពុងប្រឈមនឹងការចោទប្រកាន់របស់តុលាការ ដោយរង់ចាំការកាត់ទោស និងប្រកាសសាលក្រម។
សកម្មជនបក្សប្រឆាំងទាំងពីរនាក់ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទនោះ មានលោក អ៊ុំ យ៉េត ជាអតីតក្រុមប្រឹក្សាក្រុងសួងនៃខេត្តត្បូងឃ្មុំ និងលោក លាភ សុខផេង អតីតមេឃុំមេមត់ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ភរិយារបស់លោក អ៊ុំ យ៉េត គឺអ្នកស្រី ងួន ផល្លា អាយុ៦១ឆ្នាំ រស់នៅនៅក្នុងខេត្តត្បូងឃ្មុំ មានប្រសាសន៍ថាស្វាមីរបស់អ្នកស្រី អាយុ៦៨ឆ្នាំ ដែលជាអតីតថ្នាក់ដឹកនាំក្រុងសួងម្នាក់របស់បក្សប្រឆាំង ត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោងប្រមាណ៣និង៣០នាទី រសៀលថ្ងៃច័ន្ទ នៅឯចម្ការ ដែលជាកន្លែងដែលលោក អ៊ុំ យ៉េត ទៅមើលជារៀងរាល់ថ្ងៃ។ អ្នកស្រីបន្ថែមថា មុនពេលចាប់ខ្លួន នគរបាល៤ទៅ៥នាក់ បានមកផ្ទះអ្នកស្រី ហើយហូបស៊ុបនៅហាងមួយរបស់កូនស្រីក្បែរផ្ទះ ហើយប៉ូលិសបានសួរស្វាមីរបស់អ្នកស្រីនៅទីណា។
អ្នកស្រីឲ្យដឹងទៀតថា ក្រុមប៉ូលិសក៏ចេញទៅបាត់ ក្រោយដឹងថាស្វាមីរបស់អ្នកស្រីនៅចម្ការ ប៉ុន្តែអ្នកស្រីមិនបានដឹងអំពីគម្រោងនៃការចាប់ខ្លួននោះទេ។ អ្នកស្រីបន្ថែមថា បន្ទាប់មក មានគេហៅទូរស័ព្ទមកប្រាប់អ្នកស្រីថា ស្វាមី គឺលោក អ៊ុំ យ៉េត ត្រូវបានចាប់ខ្លួន។
អ្នកស្រី ងួន ផល្លា ប្រាប់ VOA ថា៖ «ខ្ញុំទៅតាម[នៅតុលាការ] ដល់ពេលគេចុះមក ខ្ញុំដើរតាមគាត់ហ្នឹងណា។ ខ្ញុំសួរតា[ស្វាមី]ថាតើឯងមានរឿងអី បានជាគេចាប់? គាត់ថាគាត់ក៏មិនដឹងដែរមានរឿងអី។ មានរឿងអី មានតែគេចោទក្បត់ជាតិហ្នឹង មានរឿងអី[ក្រៅពីហ្នឹង]»។
អ្នកស្រី ងួន ផល្លា ចាត់ទុកការចាប់ខ្លួនស្វាមីដែលធ្លាប់ត្រូវបានហៅឲ្យចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ជារឿងអយុត្តិធម៌ ខណៈកូនស្រីម្នាក់របស់អ្នកស្រី គឺអ្នកនាង យ៉ែម វណ្ណណែត អតីតក្រុមប្រឹក្សាសង្កាត់សួង ក៏ត្រូវបានតុលាការកាត់ទោស និងរត់គេចខ្លួនទៅនៅក្រៅប្រទេសកាលពីឆ្នាំមុន។
អ្នកស្រីបញ្ជាក់ថា៖ «ការចោទប្រកាន់ហ្នឹង វាគ្មានយុត្តិធម៌ទេសម្រាប់គ្រួសារខ្ញុំ។ ខ្ញុំមិនទទួលយកបានទេការចោទប្រកាន់ហ្នឹង ព្រោះសព្វថ្ងៃគ្មានគំនិតក្បត់ជាតិទេ មានតែស្នេហាជាតិទាំងពូជហ្មង»។
បើតាមអ្នកស្រី ងួន ផល្លា អ្នកស្រីមិនត្រូវបានអនុញ្ញាតឲ្យចូលជួបស្វាមីនៅពន្ធនាគារនោះទេ ដោយអាជ្ញាធរប្រាប់ថារយៈពេលយ៉ាងតិច២សប្តាហ៍ ទើបអាចអនុញ្ញាតឲ្យចូលជួប ដោយសារជំងឺកូវីដ១៩។
ចំណែកកូនស្រីរបស់លោក អ៊ុំ យ៉េត គឺអ្នកនាង យ៉ែម វណ្ណណែត អាយុ២៧ឆ្នាំ ត្រូវបានតុលាការខេត្តត្បូងឃ្មុំ កាត់ទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំ ក្នុងសំណុំរឿងក្បត់ជាតិ នៅក្នុងឆ្នាំ២០២០នេះ។
អ្នកនាង វណ្ណណែត ដែលកំពុងស្នាក់នៅក្រៅប្រទេស បានថ្លែងប្រាប់ VOA នៅថ្ងៃអង្គារនេះថា អ្នកនាងចាត់ទុកការចាប់ខ្លួនឪពុក ជាការគំរាមកំហែងមួយទៀត ក្នុងពេលដែលថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ប្រកាសវិលត្រឡប់មកកម្ពុជាវិញនៅដើមខែក្រោយ។
អ្នកនាងមានប្រសាសន៍ថា៖ «ការចាប់ខ្លួនឪពុកខ្ញុំ ខ្ញុំគិតថាវាជាការគំរាមផ្នែកនយោបាយ ពីព្រោះឪពុកកូនខ្ញុំ អត់បានធ្វើអីខុសច្បាប់ទេ។ ហើយរឿងនយោបាយវិញ គឺឪពុកខ្ញុំគាត់សម្រាកហើយតាំងពីគណបក្សសង្រ្គោះជាតិត្រូវបានតុលាការប្រកាសរំលាយ»។
លោក ឡុង ហុកម៉េង អ្នកនាំពាក្យរបស់តុលាការខេត្តត្បូងឃ្មុំ និងជាព្រះរាជអាជ្ញាមួយរូប បានស្នើឲ្យអ្នកសារព័ត៌មានទៅជួបផ្ទាល់នៅខេត្តត្បូងឃ្មុំ ដោយសារបារម្ភខ្លាចការបន្លំអត្តសញ្ញាណ ពេល VOA ទាក់ទងទៅ។ ទោះជាយ៉ាងណា លោកមានប្រសាសន៍ដោយខ្លីថា តុលាការធ្វើតែតាមច្បាប់របស់កម្ពុជានោះទេ។
លោកមានប្រសាសន៍ថា៖ «គេកំពុងតែធ្វើការ។ អត់អីទេ កាលណាយើងធ្វើ យើងធ្វើតាមនីតិវិធីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ យើងមិនធ្វើអ្វីមួយដែលជាការខុសឆ្គងផ្លូវច្បាប់ទេ»។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃច័ន្ទថា សកម្មជនគណបក្ស២នាក់ទៀតត្រូវបានចាប់ខ្លួន ដោយលោកចាត់ទុកថានេះជា«ការគំរាមកំហែងផ្នែកនយោបាយ ដើម្បីបំបាក់ស្មារតីនិងទប់ស្កាត់កម្លាំងមហាជន»។
នៅព្រឹកថ្ងៃអង្គារនេះ ក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើនៅផ្ទះរបស់នាយករដ្ឋមន្រ្តីនៅតាខ្មៅ និងផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា មិនមានការចរចាផ្នែកនយោបាយអ្វីនោះទេ។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ប៉ុន្មានថ្ងៃមុន ផ្តួលរំលំ ឥឡូវចង់រកចរចា។ គ្មានចរចាជាមួយអ្នកណាទេ។ ចង់ចរចា ទៅចរចាជាមួយច្បាប់ទៅ។ អាណាត្រូវជាប់គុក ជាប់គុកឲ្យហើយសិន រួចហើយចាំនិយាយគ្នា»។
លោក ហ៊ុន សែន បានប្រាប់សាជាថ្មីទៅប្រទេសជាមិត្តរបស់កម្ពុជាថា លោកមិនអាចអត់ឱនឲ្យ«អ្នកប្រមាថ»ភរិយានិងកូនរបស់លោក ដែលលោកហាក់សំដៅទៅលោក សម រង្ស៊ី ដែលលោក ហ៊ុន សែន ថាបានប្រើពាក្យថា«ភរិយា និងកូនប្រុស»របស់លោក ជាភរិយានិងកូនប្រុសវៀតណាម។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា តុលាការក្រុងភ្នំពេញ បានលើកពេលសវនាការពាក់ព័ន្ធនឹងរឿង«ក្បត់»ចំនួន៤សំណុំរឿង ដែលមានមនុស្សជិត១៤០នាក់ ទាក់ទងនឹងផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីឆ្នាំមុន។ ដំណាលគ្នានឹងការលើកពេលសវនាការនោះ តុលាការបានសម្រេចបញ្ចូលសំណុំរឿងជាពីរ ហើយសវនាការស្ដាប់អង្គហេតុ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែមករា និងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១៕