ក្រុមមន្ត្រីប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ នៅថ្ងៃច័ន្ទនេះ បានចាប់ខ្លួនមនុស្សចំនួនបួននាក់ ដែលរួមមានលោកឧត្តមសេនីយ៍ទោចំនួនពីរនាក់ ពីបទសង្ស័យថាមានការជាប់ពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀន ម៉េតំហ្វេតាមីនទឹកកក ចំនួនមួយគីឡូគីក្រាម នេះបើតាមការបញ្ជាក់របស់មន្រ្តីប៉ូលិស។
លោកឧត្តមសេនីយ៍ឯកគាត ចាន់ថារិទ្ធិ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍នៅថ្ងៃនេះថា លោកឧត្តមសេនីយ៍ទោឡាយ វីរៈ អតីតអភិបាលរងរាជធានីភ្នំពេញ និងជាទីប្រឹក្សាក្រសួងការពារជាតិ និងលោកឧត្តមសេនីយ៍ទោឃួន រឿន ព្រមទាំងប្រជាពលរដ្ឋចំនួនពីររូបផ្សេងទៀត ត្រូវបានខ្លួនចាប់ដោយឡែកៗពីគ្នា នៅតាមបណ្តោយផ្លូវជាតិលេខបួន ក្នុងខណ្ឌដង្កោរ រាជធានីភ្នំពេញ។
លោកបានបញ្ជាក់ទៀតថា ប៉ូលិសបានរកឃើញថ្នាំញៀនម៉េតំហ្វេតាមីនទឹកកកចំនួនមួយគីឡូក្រាម និងអាវុធអាកា៤៧ស្វ័យប្រវត្តិចំនួនពីរដើម។
«ឥឡូវមកទល់ម៉ោងហ្នឹង យើងឃាត់ខ្លួនបួននាក់។ ក្នុងបួននាក់ហ្នឹង ខ្ញុំស្គាល់ឈ្មោះពីរគឺឧត្តមសេនីយ៍ទោឡាយ វីរៈ និងឧត្តមសេទីយ៍ទោឃួន រឿន។ ពីរនាក់ទៀតឥតបានចាំឈ្មោះទេ ប្រជាជនធម្មតាទេ»។
លោកឧត្តមសេនីយ៍ទោឃឿន សាម៉ន ប្រធានមន្ទីរប្រឆាំងគ្រឿងញៀនរបស់អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា ប៉ូលិសបានប្រើពេលចំនួនជាងពីរសប្តាហ៍ដើម្បីឈានទៅរកការចាប់ខ្លួនជនសង្ស័យទាំងបួនរូបនេះ។
លោកបានមានប្រសាសន៍ថា លោកកំពុងតែស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ថែមទៀត នៅក្នុងសំណុំរឿងនេះ។
«ខ្សែរយៈវាទៀត។ អានេះ ថ្នាំយកមកពីណា មកណា ក៏យើងមិនទាន់បានដេញដោលសាកសួរជនល្មើសផង។ មិនទាន់ចប់សព្វគ្រប់ទេ។ ហើយមួយទៀតហ្នឹង យើងមិនទាន់ដឹងថា តើជនល្មើសហ្នឹង ប្រភពជនមេខ្លោងជានណាទេ។ ពាក់ព័ន្ធពីណាទៀត ក៏យើងមិនទាន់កំណត់»។
លោកឧត្តមសេនីយ៍ទោឡាយ វីរៈធ្លាប់ជាមេទ័ពដ៏ស្មោះត្រង់មួយរូបខាងគណបក្សហ្វ៊ុនស៊ិនប៉ិច និងធ្លាប់ជាអតីតអភិបាលខេត្តបន្ទាយមានជ័យផងដែរ។
វីអូអេព្យាយាមទាក់ទងទៅលោកឧត្តមសេនីយ៍ឈុំ សុជាតិ តែមិនអាចទាក់បានទេ នៅថ្ងៃច័ន្ទនេះ។
អាជ្ញាធរប៉ូលិសនៅឆ្នាំ២០១១នេះបានចាប់មន្ត្រីជាន់ខ្ពស់ជាច្រើននាក់ ជាប់ពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀនស្រវឹង។ មន្ត្រីដែលត្រូវបានចាប់ខ្លួនកន្លងមក រួមមានលោកឧត្តមសេនីយ៍ឯក ម៉ឹក តារា អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ត្រីហ៊ុន ហ៊ាង ស្នងការប៉ូលិសខេត្តបន្ទាយមានជ័យ លោកជាង ស៊ុន ស្នងការរងប៉ូលិសខេត្តបន្ទាយមានជ័យ លោកជា ឡេង ប្រធានការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ហើយចុងក្រោយគេលោកឧត្តមសេនីយ៍ទោឡាយ វីរៈ ទីប្រឹក្សាក្រសួងការពារជាតិ៕