ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​តួកគី​អំពាវនាវ​ឲ្យ​មេដឹកនាំ​ពិភពលោក​ចែករំលែក​បន្ទុក​នៃ​វិបត្តិ​ជនអន្តោប្រវេសន៍


ជនអន្តោប្រវេសន៍ឈរ​នៅ​ខាង​ក្រោយ​ជំរំ Nizip ក្នុង​ខេត្ត Gaziantep នៅភាគ​អាគ្នេយ៏​នៃ​ប្រទេស​តួកគីកាលពីថ្ងៃទី២៣ មេសា ២០១៦។
ជនអន្តោប្រវេសន៍ឈរ​នៅ​ខាង​ក្រោយ​ជំរំ Nizip ក្នុង​ខេត្ត Gaziantep នៅភាគ​អាគ្នេយ៏​នៃ​ប្រទេស​តួកគីកាលពីថ្ងៃទី២៣ មេសា ២០១៦។

លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan បាន​អំពាវនាវ​ឲ្យ​មាន​សហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​ការជួយ​ចែករំលែក​បន្ទុក​នៃ​ការដោះស្រាយ​វិបត្តិ​មនុស្សធម៌​ដ៏​ធំ​ជាង​គេ​របស់​ពិភពលោក​។ ​


លោក Erdogan បាន​ថ្លែងយ៉ាង​ដូច្នេះ​កាល​ពី​ថ្ងៃ​ច័ន្ទ​នៅ​ក្នុង​រដ្ឋធានី​អ៊ីស្តង់ប៊ុល​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​មួយដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ ដើម្បី​ប្រជុំ​ពិភាក្សា​គ្នា​ដោះស្រាយ​លំហូរ​ចូល​នៃ​ជន​អន្តោប្រវេសន៍​ស៊ីរី​និង​អ៊ីរ៉ាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៅ​ក្នុង​ប្រទេស​តួកគី​ ដែល​ពួកគេ​ទាំងនោះ​រត់គេច​ពី​សង្រ្គាម​ដែល​មាន​រយៈពេល​រាប់​ឆ្នាំ​មក​ហើយ​។ ​
ក្រុមអ្នកវិភាគ​និយាយ​ថា វត្តមាន​ជនអន្តោប្រវេសន៍​៣​លាន​នាក់​ទៅ​ក្នុង​ប្រទេស​តួកគី​បាន​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយ​ជា​ប្រទេស​មួយ​ដែល​មាន​ជនផ្លាស់ប្តូរ​លំនៅ​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​អង្គការ​សហប្រជាជាតិ​ហៅ​ថា ជា​វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​២​មក។
ថ្វីត្បិត​តែ​អ្នកមាន​មន្ទិល​សង្ស័យ​បាន​ចោទ​ជា​សំណួរ​ថា​តើ កិច្ចប្រជុំ​កំពូល​នេះ​អាច​នឹង​ផ្តល់​ជា​លទ្ធផល​ឬ​យ៉ាងណា លោក​អគ្គ​រដ្ឋលេខាធិការ​អង្គការ​សហប្រជាជាតិ Ban Ki-moon បាន​អំពាវនាវ​ដល់​បណ្តា​ប្រតិភូ​និង​ប្រមុខ​រដ្ឋាភិបាល​ទាំងអស់​ដែល​មក​ពី​ជាង​៦០​ប្រទេស ឲ្យ​ដោះស្រាយ​បញ្ហា​នេះ​នៅ​ទីនេះ​និង​ក្នុង​ពេល​ឥឡូវ​នេះ មិន​គ្រាន់​តែ​ដើម្បី​រក្សា​ជីវិត​មនុស្ស​នោះ​ទេ គឺ​ថែមទាំង​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​មនុស្ស​រស់នៅ​ប្រកប​ដោយ​ភាពថ្លៃថ្នូរ​ផង​ដែរ។
អង្គការ​វេជ្ជបណ្ឌិត​គ្មាន​ព្រំដែន​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចប្រជុំ​នេះ​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន ដោយ​បាន​ហៅ​កិច្ចប្រជុំ​នេះ​ថា​ជា «​ស្លឹក​ល្វាដែល​មាន​បំណង​ល្អ» ប៉ុន្តែ​ពោរពេញ​ទៅ​ដោយ​ការបំពាន​យ៉ាង​ខ្លាំង​ក្លា​ពី​ប្រទេស​តួកគី​ទៅ​លើ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​និង​សិទ្ធិ​នៃ​ជនភៀស​ខ្លួន៕​

XS
SM
MD
LG