ពីរសប្តាហ៍ក្រោយពីបាតុកម្មនៅទូទាំងប្រទេសដែលបានបណ្តេញ ឈ្មោះ ហ្ស៊ីន អិល អាប៊ីឌីន បិន អាលី (Zine El Abidine Ben Ali) ចេញពីតំណែងប្រធានាធិបតីនៃប្រទេសទុយនេស៊ី ដែលកាន់អំណាចផ្តាច់ការយូរយាមកហើយនោះរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសនេះបានចេញដីកាចាប់ខ្លួនអតីតប្រធានាធិបតីរូបនេះ និងគ្រួសារគាត់ពីបទលួច និងទោសកម្មខាងហិរញ្ញវត្ថុឯទៀតៗ។
ពួកអ្នកបើកទ្បានបានបន្ថយល្បឿនដើម្បីក្រទ្បេកមើលភូមិគ្រឹះរបស់បែលហាសិន ត្រាបែលស៊ី (Belhassen Trabelsi) បងថ្លៃមានប្រាក់រាប់ពាន់លានដុល្លាររបស់ប្រធានាធិបតីត្រូវបណ្តេញចេញពីតំណែងនៃប្រទេសទុយនេស៊ី ឈ្មោះហ្ស៊ីន អិល អាប៊ីឌីន បិន អាលី។ ពីខាងក្រៅ គ្មានអ្វីច្រើនដើម្បីមើលទេក្រៅពីកំផែងពណ៌សដែលមានពាក្យស្លោកជាអក្សរអារ៉ាប់។
លោក ណេឌ្យី ដ្យាហ្វាលី (Neji Jaffali) ដែលជាគ្រូបង្រៀនបកប្រែអក្សរអារ៉ាប់ដែលត្រូវបានសរសេរនៅលើកំផែងនេះថា «នេះជាសារមន្ទីររបស់ បែលហាសិន ត្រាបែលស៊ី ដែលជាចោរប្លន់ និងឃាតករ»។
នៅពេលនេះ ជនជាតិ ទុយនេស៊ី រាប់រយនាក់ដូចជាលោក ដ្យាហ្វាលីជាដើមចូលទៅក្នុង «សារមន្ទីរ» នេះ ដែលជាអគារមួយត្រូវបានលួចរបស់របរ និងត្រូវដុតឆេះ ហើយពេញទៅដោយបំណែកកញ្ចក់ និងសំរាម។ ជនជាតិទុយនេស៊ី បានដុតភូមិគ្រឹះនេះ និងដាក់សំរាមក្នុងទីនោះតែប៉ុន្មានម៉ោងក្រោយពី បិន អាលី បានរត់គេចខ្លួនចេញពីប្រទេស។
នៅពេលនេះជនជាតិទុយនេស៊ី រុះរើភូមិគ្រឹះនេះដល់គ្រឹះរបស់វាតែម្តងលោក កៃស៍ ប៊ូហ្ស៊ីឌី (Kais Bouzidi) អាយុ៣៨ឆ្នាំបានយកឥដ្ឋស្តើងៗខ្លះទៅផ្ទះ។ លោកនិយាយថា ឥដ្ឋទាំងនេះនឹងជានិមិត្តរូបមួយនៃពួកចោរប្លន់មួយក្រុមដែលបានលួចប្លន់អ្វីៗគ្រប់បែបយ៉ាងក្នុងប្រទេសទុយនេស៊ី។
ក្រុមបាតុករដែលបានបណ្តេញ បិន អាលី ពីប្រទេសក៏បានបញ្ចេញកំហឹងរបស់ពួកគេប្រឆាំងនឹងគ្រួសារញាតិសន្តានផ្សេងៗទៀតរបស់គាត់ ដោយបានលួច និងបំផ្លាញទ្រព្យសម្បត្តិរបស់ញាតិសន្តានរបស់ប្រពន្ធគាត់គឺត្រកូល ត្រាបែលស៊ីស ដែលក្រុមបាតុករចាត់ទុកថា ជាឧទាហរណ៍ជាក់ស្តែងបំផុតនៃរបបគ្រប់គ្រងពុករលួយ និងប្រើអំណាចហួសហេតុរបស់គាត់។ អ្នកស្រី ឡេឡា ត្រាបែលស៊ី ប្រពន្ធរបស់បិន អាលី ជាអតីតអ្នកសំអិតសំអាងសក់ម្នាក់។ គ្រួសារអ្នកស្រីមានប្រវត្តិជាពួកជនខ្សត់ខ្សោយ។
ពួកសមាជិកគ្រួសារអ្នកស្រីបានក្លាយទៅជាអ្នកមានធនធានស្តុកស្តម្ភដោយមានធនាគារ ក្រុមហ៊ុនបណ្តាញផ្សាយព័ត៌មាន កន្លែងឱ្យទេសចរសម្រាកកាយនិងហាងលក់ទ្បាន។
អ្នកបើកទ្បានតាក់ស៊ីឈ្មោះ អាដែល តាទូអ៊ី (Adel Tatoui) និយាយថាលោកបានបង់តម្លៃច្រើនសម្រាប់ទ្បានម៉ាក វ៉ូលស្វាហ្គែន (Volkswagen) របស់លោកដោយសារត្រូវបង់ពន្ធគយ។
លោកថ្លែងថា លោកគ្មានជម្រើសទេ។ លោកអះអាងថា កូនប្រសារបស់ បិន អាលី ឈ្មោះ សាឃរ ម៉ិទ័រី (Sakher Meteri) រកស៊ីផ្តាច់មុខក្នុងឧស្សាហកម្មរថយន្តនៃប្រទេសទុយនេស៊ីដោយមានឋានៈជាប្រធានក្រុមហ៊ុនលក់ទ្បាននាំមុខគេមួយ។
ជនជាតិទុយនេស៊ីហៅបក្ខពួករបស់ បិន អាលី (Ben Ali) ថា «គ្រួសារ» ឬ «ពួកម៉ាហ្វ៊ា ( Mafia)» ។ បែលហាសិន ត្រាបិលស៊ី (Trabelsi) បានត្រូវចាត់ទុកថាជាមេរបស់ «ពួកម៉ាហ្វ៊ា»នេះ។
អ្នកជំនួញ ម៉ុណាម គ្រា (Monam Kria) ដែលបានចូលមើលភូមិគ្រឹះរបស់ បែលហាសិន នៅ កាថាដ្យ (Carthage) ប្រដូចធនធានរបស់គ្រួសារ ត្រាបិលស៊ី ទៅនឹងធនធានរបស់ពួកអ្នកកាន់អំណាចផ្តាច់ការក្នុងទ្វីបអាហ្វ្រ៊ិក។ លោកថ្លែងថា៖
«គឺធនធានច្រើននេះហើយដែលធ្វើឱ្យប្រជារាស្ត្រនៅគ្រប់កម្រិតទាំងអស់នៃសង្គមស្លុតចិត្ត»។
អ្នកស្រី អាលម៉ា មូនីស (Alma Mounis) ដែលជាស្ត្រីមេផ្ទះក្នុងក្រុងទុនីស បានប្រមូលយកផ្នែកប្លាស្ទីកខាងលើពីកញ្ចប់កាហ្វេឆុងភ្លាមៗមានម៉ាកល្បីដែលជាម៉ាកកាហ្វេជនជាតិទុយនេស៊ីក្នុងវណ្ណៈកម្មករមិនអាចមានលុយទិញបានទេ។ អ្នកស្រី មូនីស បាននិយាយថា ជនជាតិទុយនេស៊ីហួសនិស្ស័យនឹងធនធានច្រើនអស្ចារ្យរបស់គ្រួសារអ្នកគ្រប់គ្រងប្រទេស។ នៅពេលនេះ ខណៈអ្នកស្រីចូលមើលភូមិគ្រឹះនេះ អ្នកស្រីយល់ថា ពួកអ្នកមាន គ្មានការឆ្នៃប្រឌិតទេគឺសោះកក្រោះណាស់។
រដ្ឋាភិបាលបណ្តោះអាសន្ននៃប្រទេសទុយនេស៊ីបានចាប់ខ្លួនសមាជិករាប់សិបនាក់នៃញាតិសន្តាន និងបក្ខពួករបស់ បិន អាលី ហើយ។ រដ្ឋាភិបាលនេះក៏បានចេញដីកាចាប់ខ្លួនអន្តរជាតិប្រឆាំងនឹងជនឯទៀតៗដែរ ដោយមានរួមបញ្ចូលទាំងអតីតប្រធានាធិបតី និង បែលហាសិន ត្រាបិលស៊ី ដែលគេរាយការណ៍ថា ឋិតនៅក្នុងប្រទេសកាណាដា។
ជនជាតិទុយនេស៊ីមិនមែនគ្រាន់តែស្វែងរកអនុស្សាវរីយ៍អតីតកាលមួយដែលមានការស្អប់ខ្ពើមប៉ុណ្ណោះទេ ក៏ប៉ុន្តែពួកគេក៏ស្វះស្វែងរកយុត្តិធ៌មផងដែរ។
ប្រែសម្រួលដោយ ឈឹម សុមេធ