ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​នៅក្រោម​ការដឹកនាំប្រធានា​ធិបតី​ត្រាំបាន​ត្រូវ​ព្រមាន​ម្តង​ហើយ​ម្តងទៀត​អំពី​លោក Flynn ​មុនពេល​បណ្តេញ​ចេញពី​ដំណែង


លោកស្រី Sally Yates អតីតរដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​ស្តីទី បាន​ចូល​ខ្លួន​នៅ​ក្នុង​វិមានរដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទី​ ០៨ ឧសភា ២០១៧។
លោកស្រី Sally Yates អតីតរដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​ស្តីទី បាន​ចូល​ខ្លួន​នៅ​ក្នុង​វិមានរដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទី​ ០៨ ឧសភា ២០១៧។

​លោកស្រី Sally Yates អតីតរដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​ស្តីទី​បាន​និយាយថា ​លោក​ស្រី​បាន​ព្រមាន​សេតវិមាននៅ​ក្រោម​ការដឹកនាំ​ប្រធានា​ធិបតី​ត្រាំ​ថា ​​លោក Michael Flynn អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ប្រហែល​ត្រូវប្រ​ទេស​រុស្ស៊ី​ចាប់​ធ្វើ​ជាចំណាប់​ខ្មាំង។

លោកស្រី Yates បាន​ប្រាប់​គណៈកម្មការ​មួយ​របស់​ព្រឹទ្ធសភា​ថា ​លោកស្រី​បានប្រាប់​សេតវិមាន​ឲ្យ​ដឹង​ជាមុន​ជាង​២​សប្តាហ៍​មុនពេល​ប្រធានា​ធិបតី ដូណាល់ ​ត្រាំ​បាន​បណ្តេញ​លោក Flynn ​ចំពោះ​ការភូត​កុហក​អំពីការទាក់​ទង​ជាមួយ​ ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក។

លោក​ប្រធានា​ធិបតី​ត្រាំ​បាន​បណ្តេញ​លោកMichael Flynn ​កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈបន្ទាប់​ពីសេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មានបាន​និយាយ​ផុសផុល​ថា ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​បាន​ភូត​កុហកលោក​អនុ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ Mike Pence។​លោកស្រី Sally Yates ​បាន​ប្រាប់​ពួក​សមាជិក​ព្រឹទ្ធ​សភា​ថា ​លោកស្រី​បាន​ប្រាប់​ក្រុម​ប្រឹក្សា​ច្បាប់​របស់​សេតវិមាន​ជាមុន​អំពី​ស្ថាន​ភាព​នៅ​ចុង​ខែ​មករា ​បន្ទាប់​ពី​លោក​អនុ​ប្រធានាធិបតី Pence បានថ្លែង​ខុស​ថា ​លោក Flynn ​មិនបាន​ទាក់​ទង​ជា មួយ​ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​នោះ។លោក​ស្រី Sally Yatesអតីតរដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​ស្តីទី​បាន​ថ្លែងថា៖«លោក​អនុ​ប្រធានា​ធិបតី​ហើយ​នឹង​មន្រ្តី​ផ្សេង​ទៀត​មាន​សិទ្ធិ​ដឹង​ថា ព័ត៌មាន​ដែល​ពួកគេ​ផ្តល់​ទៅ​ឲ្យ​ប្រជា​ពលរដ្ឋ​អាមេរិ កាំង​មិនពិត​។​ជន​ជាតិ​រុស្ស៊ី​ក៏​បាន​ដឹង​អំពី​អ្វី​ដែល​ឧត្តម​សេនីយ Flynnបាន​ធ្វើ ​ហើយ​ប្រជាពលរដ្ឋ​រុស្ស៊ី​ក៏​បាន​ដឹង​ថា ឧត្តមសេ​នីយ Flynn ​បាន​ភូត​កុហក​លោក​អនុ​ប្រធានា​ធិបតី​ដែរ‍»។

លោកស្រី Sally Yates បាន​ថ្លែង​អំពីអ្វី​ដែល​ជាការ​ព្រួយបារម្ភ​ថា«ការណ៍ធ្វើ​ឲ្យ​មានស្ថានភាព​សម្រប​សម្រួល​ជា​ស្ថាន​ភាព​ដែល​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ ​អាច​ត្រូវរុស្ស៊ី​បាន​ចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំង​»។

ពួក​មន្រ្តីជាន់​ខ្ពស់​សេតវិមានមុនៗ​បាន​ពណ៌​នា​ការ​ព្រមាន​របស់​លោកស្រី Yates ថា​ជាការ​ផ្តល់​យោ​បល់​ក្រៅ​ផ្លូវការ​ដែល​មិន​បណ្តាល​ឲ្យមាន​ការ​កង្វល់​ភ្លាម​ៗ​ទេ។ប៉ុន្មាន​ម៉ោង​មុន​សវនាការ សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មានបាន​ពណ៌​នាថា ​អតីត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ ​អូបាម៉ា ​បាន​ព្រមាន​លោក​ត្រាំ​អំពីភាព​ស្មោះ​ត្រង់​របស់​លោក Flynn នៅ​ក្នុង​ជំនួប​មួយ​ទើប​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​កាល​ពី​ខែ​វិច្ឆិកា ​ជាអ្វី​ដែល​សេតវិមាន​បាន​បញ្ជាក់។​

លោក Sean Spicer ​អ្នកនាំ​ពាក្យ​សេតវិមាន​បាន​និយាយថា៖ «លោក​ប្រធានា​ធិបតី​បារ៉ាក់ ​អូបាម៉ា ​បាន​ធ្វើ​ឲ្យ​គេដឹងថា ​លោកមិនមែនជា​អ្នកចូលចិត្ត​ឧត្តម​សេនីយ៍ Flynn​ប៉ុន្មានទេ។ប្រសិន​បើ ​លោក​ប្រធានា​ធិបតីអូបាម៉ា ​ប្រាកដ​ជា​មានការ​ព្រួយ​កង្វល់​អំពី​ឧត្តម​សេនីយ៍ Flynn មែន ហេតុអ្វី​បាន​ជាលោក​មិន​បញ្ឈប់​ការ​ឆែកឆេរ​មើល​ខាង​សន្តិសុខ​របស់​លោក Flynnដែល​ពួកគេ​ទើប​តែ​បាន​ផ្តល់​ការ​យល់​ព្រម​ម្តងទៀត​កាល​ដើម​ខែ​មុន?‍»។

គណៈកម្មាធិការ​ជា​ច្រើន​របស់សភា​កំពុង​ធ្វើ​ការស៊ើប​អង្កេត​ពី​បញ្ហា​នេះ​កាន់​តែ​ខ្លាំង​ឡើង។​លោក Lindsey Graham ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្សសាធារ​ណរដ្ឋបាន​និយាយថា៖«តើ​លោកស្រី​បាន​ដឹងពី​ភស្តុតាង​ដែល​បញ្ជាក់​ថា ​ក្នុង​យុទ្ធ​នាការ​ឃោស នា​បោះ​ឆ្នោត​ប្រធានា​ធិបតី​ឆ្នាំ​២០១៦ ​មានមនុស្ស​ក្នុង​យុទ្ធនាការ​របស់​លោក​ត្រាំ ​បាន​ផ្សំគំនិត​ជា​មួយ​រដ្ឋាភិបាល​រុស្ស៊ីឬទីភ្នាក់​ងារ​ស៊ើបការ​ណ៍​សម្ងាត់​រុស្ស៊ីឬទេ?‍»។

លោកស្រី Sally Yates អតីត​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​ស្តីទី​បាន​ឆ្លើយ​ថា៖«ចម្លើយ​របស់​ខ្ញុំ​ចំពោះ​សំណួរ​នេះ​នឹង​តម្រូវ​ឲ្យ​ខ្ញុំបញ្ចេញ​ព័ត៌មាន​សម្ងាត់ ដូច្នេះ ​ខ្ញុំមិន​អាច​ឆ្លើយ​សំណួរ​នេះ​បាន​ទេ‍»។

ក៏ប៉ុន្តែ យោងទៅ​តាម​អតីត​មន្រ្តីស៊ើប​ការណ៍​សម្ងាត់​ម្នាក់បាន​ប្រាប់​ឲ្យ​ដឹង​ថា ច្បាស់​ជា​មានការ​ដៅ​ការវាយ​ប្រហារ​របស់​រុស្ស៊ីទៅលើ​ការ​បោះ​ឆ្នោតប្រធានា​ធិបតី​អាមេរិក។លោកJames Clapperអតីត​នាយក​ទី​ភ្នាក់​ងារ​ជាតិស៊ើប​ការណ៍​សម្ងាត់​សហរដ្ឋ​អាមេ រិក​បាន​ថ្លែងថា៖​ «ប្រសិន​បើ មាន​ការអំពាវនាវ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​និង​ចំណាត់ការ​ ពិត​ប្រាកដ​ប្រឆាំង​នឹងការ​គំរាម​កំហែង​ដល់​គ្រឹះ​នៃ​ប្រព័ន្ធ​នយោបាយ​តាម​បែប​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​យើង​នោះ នេះជា​ព្រឹត្តិ​ការណ៍​ពិត​ប្រាកដ‍»។

លោក Clapper បាន​មាន​ប្រសាសន៍​ទៀត​ថា ​ជោគជ័យ​របស់​ប្រទេស​រុស្ស៊ី​កាល​ពី​ឆ្នាំ​ទៅ​នឹង​លើកទឹក​ចិត្ត​ឲ្យ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​បន្ត​ជ្រៀត​ជ្រែក​ក្នុងការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​និង​ជុំ​វិញ​ពិភព​លោក៕

ប្រែ​សម្រួល​ដោយជឹង ​ប៉ូជីន


XS
SM
MD
LG