ក្នុងសារដែលបង្ហោះជាបន្តបន្ទាប់តាមបណ្ដាញ Twitter កាលពីព្រឹកថ្ងៃអាទិត្យ ដែលត្រូវបានក្រុមអ្នករិះគន់ចាត់ទុកថាជាសារប្រកាន់ពូជសាសន៍ និងធ្វើឱ្យស្អប់ជនបរទេសនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្កភាពចម្រូងចម្រាសថ្មីមួយទៀត ដោយប្រើពាក្យឡកឡឺយដាក់សមាជិកសភាថ្មីៗ។
តាមបណ្តាញ Twitter លោកត្រាំ បានតម្រង់គោលដៅរបស់លោកទៅលើសមាជិកសភាជាស្ត្រីសកម្មដែលមកពីគណបក្សប្រជាធិបតេយ្យ ដោយបានប្រាប់ស្ត្រីទាំងនោះឱ្យ «ត្រឡប់» ទៅជួយដោះស្រាយបញ្ហានៅប្រទេសរបស់ពួកគេ «ដែលពោរពេញដោយឧក្រិដ្ឋកម្ម» វិញទៅ។
ក្នុងចំណោមសមាជិកសភាជាស្ត្រីទាំងបួនរូបដែលជាក្រុមគោលដៅនៃការនិយាយឡកឡឺយដាក់ដោយលោកប្រធានាធិបតីនេះ មានតែម្នាក់គត់ដែលកើតនៅបរទេស។ នោះគឺសមាជិកសភាប្រចាំរដ្ឋមីនីសូតា គឺអ្នកស្រី Ilhan Omar ដែលកើតនៅប្រទេសសូម៉ាលី។
សមាជិកសភាជាស្ត្រីបីនាក់ទៀតគឺសុទ្ធតែកើតនៅក្នុងសហរដ្ឋអាមេរិក។ អ្នកទាំងបីរួមមាន អ្នកស្រី Ayana Pressley ដែលជាតំណាងរាស្ត្រមកពីរដ្ឋម៉ាសាឈូសិត។ អ្នកស្រី កើតនៅទីក្រុង Cincinnati នៃរដ្ឋអូហៃយ៉ូ។ ម្នាក់ទៀតគឺអ្នកស្រី Alexandria Ocasio-Cortez ដែលមានស្រុកកំណើតនៅរដ្ឋញូវយ៉ក និងជាអ្នកតំណាងឱ្យផ្នែកខាងកើតនៃសង្កាត់ Bronx និងផ្នែកមួយនៃតំបន់ Queens ប៉ែកកណ្ដាលឈៀងខាងជើងនៃទីក្រុងញូវយ៉ក។ តំណាងរាស្ត្រជាស្ត្រីម្នាក់ទៀតគឺអ្នកស្រី Rashid Tlaib មកពីរដ្ឋមីឈីហ្គិន។ អ្នកស្រីមានស្រុកកំណើតនៅទីក្រុង Detroit នៃរដ្ឋមីឈីហ្គិននេះ។
សេតវិមាន មិនបានឆ្លើយតបទៅនឹងសំណួររបស់ VOA ថាតើលោកប្រធានាធិបតីដឹងដែរឬទេមុនពេលលោកបានសរសេរសារតាមបណ្តាញ Twitter ហ្នឹងថាតំណាងរាស្ត្រជាស្ត្រី៣នាក់ក្នុងចំណោមអ្នកទាំងបួននាក់នេះ គឺជាពលរដ្ឋអាមេរិកាំងតាំងពីកំណើតមកនោះ៕