ជនឈ្មោះ Cesar Sayoc ដែលជាអ្នកគាំទ្រខ្លាំងក្លាចំពោះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ថាបានផ្ញើកញ្ចប់យ៉ាងហោចណាស់ចំនួន១៣ដែលមានផ្ទុកទៅដោយគ្រាប់បែកទៅកាន់អ្នករិះគន់លោកប្រធានាធិបតី។ ជនសង្ស័យរូបនេះនឹងត្រូវឡើងតុលាការនៅថ្ងៃចន្ទនេះ។
សេចក្តីរាយការណ៍ព័ត៌មាននានាបានឲ្យដឹងថា ជន Sayoc វ័យ៥៦ឆ្នាំរូបនេះ ជាអ្នករស់នៅក្នុងក្រុង Aventura រដ្ឋ Florida ហើយនឹងត្រូវបង្ហាញខ្លួននៅចំពោះមុខចៅក្រមសហព័ន្ធនៅក្នុងទីក្រុង Miami រដ្ឋ Florida ដែលស្ថិតនៅមិនឆ្ងាយពីទីតាំងដែលភ្នាក់ងារសហព័ន្ធបានចាប់ខ្លួនរូបគេកាលពីថ្ងៃសុក្រនៅក្បែររថយន្តវ៉ែនរបស់គេ។
អាជ្ញាធរនិយាយថា កញ្ចក់បង្អួចមួយចំនួននៃរថយន្តនោះមានបិទស្លាកថាគាំទ្រលោក ត្រាំ និងមានបិទរូបខ្វែងលើមុខគូប្រជែងរបស់លោក ត្រាំ ដែលជននេះត្រូវបានចោទប្រកាន់ថាបានផ្ញើកញ្ចប់គ្រាប់បែកទៅ។
ជនឈ្មោះ Sayoc នេះមានកំណត់ត្រាឧក្រិដ្ឋកម្មរាប់ទសវត្សរ៍ ហើយត្រូវប្រឈមនឹងការចោទប្រកាន់ចំនួន៥ពាក់ព័ន្ធនឹងផែនការផ្ញើកញ្ចប់គ្រាប់បែកនេះ។ កញ្ចប់គ្រាប់បែកដែលត្រូវបានផ្ញើចេញទៅគូប្រជែងលោក ត្រាំ ខាងគណបក្សប្រជាធិបតេយ្យនេះ រួមមានអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា អតីតអនុប្រធានាធិបតី លោក Joe Biden និងអតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Hillary Clinton ដែលជាគូប្រជែងនឹងលោក ត្រាំ នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦កន្លងទៅនេះ រួមទាំងមន្ត្រីសន្តិសុខថ្នាក់ជាតិកំពូលៗមួយចំនួនទៀតដែលបានបម្រើការងារក្នុងរដ្ឋបាលរបស់លោក អូបាម៉ា។
លោក Jeff Sessions រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកបានថ្លែងថា ជនឈ្មោះ Sayoc ដែលធ្លាប់ធ្វើការនៅតាមក្លឹបរាត្រីមួយចំនួន និងជាអ្នកដឹកជញ្ជូននំភីហ្សារូបនេះ ត្រូវប្រឈមនឹងការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៤៨ឆ្នាំ ប្រសិនបើរកឃើញថាមានកំហុស៕