លោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump បានមានប្រសាសន៍កាលពីថ្ងៃពុធថា លោកមានគម្រោងនឹងតែងតាំងមេធាវីរបស់ Wall Street លោក Jay Clayton ឲ្យធ្វើជាប្រធានគណៈកម្មការមូលប័ត្រ ដែលនឹងគ្រប់គ្រងលើទីផ្សារហិរញ្ញវត្ថុនៅក្នុងសហរដ្ឋអាមេរិក។
លោក Clayton បច្ចុប្បន្ននេះសហការជាមួយនឹងក្រុមហ៊ុនច្បាប់ Sullivan & Cromwell ដែលលោកជំនាញរួមគ្នារវាងវិស័យសាធារណៈនិងវិស័យឯកជន និងធ្វើការទៅលើហ៊ុនល្បីៗមួយចំនួនដែលក្រុមហ៊ុនឯកជនផ្តល់ដល់សាធារណៈ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលប្រកាសអំពីការតែងតាំងរបស់លោក លោក Trump បានមានប្រសាសន៍ថា លោក Clayton «គឺជាអ្នកជំនាញដែលមានភាពវ័យឆ្លាតខ្លាំងទៅលើផ្នែកជាច្រើននៃច្បាប់ និងបទបញ្ញត្តិហិរញ្ញវត្ថុ»។ ដោយរក្សាការសន្យារបស់ខ្លួននៅក្នុងយុទ្ធនាការបោះឆ្នោត ក្នុងការដកចេញនូវបទបញ្ញត្តិដែលទប់ស្កាត់ដល់ការធ្វើវិនិយោគ លោក Trump បាននិយាយថា លោក Clayton នឹង «ធានាថា ស្ថាប័នហិរញ្ញវត្ថុរបស់យើងអាចរីកចម្រើន និងបង្កើតការងារបាន ខណៈដែលអនុវត្តទៅតាមអ្វីដែលធ្លាប់ធ្វើកន្លងមកក្នុងពេលជាមួយគ្នាដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Clayton បានថ្លែងអំណរគុណលោក Trump ចំពោះការតែងតាំងនេះ ហើយលោកក៏បាននិយាយថា លោកនឹងធ្វើការជាមួយនឹងម្ចាស់ភាគហ៊ុនហិរញ្ញវត្ថុនានា ដើម្បីស្តារជំនឿជឿជាក់នៅក្នុងវិនិយោគអាមេរិកឡើងវិញ៕