ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងបញ្ជាឱ្យរដ្ឋាភិបាលសហព័ន្ធចេញថ្លៃចំណាយលើកិច្ចប្រឹងប្រែងជួយដោះស្រាយបញ្ហាមេរោគកូរ៉ូណា ដែលអនុវត្តដោយកងទ័ពបម្រុងថ្នាក់ជាតិ ដែលត្រូវបានបញ្ចេញយកទៅប្រើ ក្រោមការគ្រប់គ្រងរបស់អភិបាលរដ្ឋនានា។
ក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមានកាលពីល្ងាចថ្ងៃអាទិត្យ លោកត្រាំ បានលើកឡើងចំឈ្មោះ រដ្ឋចំនួន៣ដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារការឆ្លងរាលដាលមេរោគកូរ៉ូណាថ្មីរហូតមកដល់ពេលនេះគឺរដ្ឋកាលីហ្វ័រញ៉ា ញូវយ៉ក និងរដ្ឋវ៉ាស៊ីនតោន។
លោកត្រាំ និយាយថាកងទ័ពបម្រុងថ្នាក់ជាតិ នឹងជួយតម្លើងមណ្ឌលពិនិត្យ និងព្យាបាលសុខភាពនិងចែកចាយម៉ាស់ សម្លៀកបំពាក់ពេទ្យ និងឧបករណ៍ជំនួយផ្លូវដង្ហើម និងសម្ភារៈផ្សេងៗទៀតរាប់រយតោន។
លោក Trump បានអនុម័តយល់ព្រមរួចហើយចំពោះការប្រកាសគ្រោះមហន្តរាយដ៏ធំសម្រាប់រដ្ឋទាំងបីនេះ។
អភិបាលមួយចំនួនរួមទាំងអភិបាលរដ្ឋញូវយ៉កលោក Andrew Cuomo ផងដែរ បានអំពាវនាវដល់សេតវិមានឱ្យធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងក្នុងកម្រិតថ្នាក់ជាតិដើម្បីទទួលបានការផ្គត់ផ្គង់វេជ្ជសាស្ត្រ ដោយលោកត្អូញត្អែរថាមេដឹកនាំរដ្ឋផ្សេងៗបានដណ្តើមគ្នាដើម្បីទទួលបាននូវអ្វីដែលមាន។
ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យនៅទីក្រុង Albany លោក Cuomo បាននិយាយនៅក្នុង សន្និសីទកាសែតមួយថា «ខ្ញុំគិតថារដ្ឋាភិបាលសហព័ន្ធ គួរតែបញ្ជាឱ្យរោងចក្រផលិតម៉ាស់ ប្រដាប់ពាក់ខ្យល់ចេញចូល ឧបករណ៍បរិក្ខារពេទ្យចាំបាច់នានា ដែលនឹងធ្វើឱ្យមានភាពខុសគ្នាក្នុងស្ថានការណ៍ស្លាប់រស់» ។
លោកបន្ថែមថា «វាមិនពិបាកក្នុងការផលិតម៉ាស់ ឬឧបករណ៍ការពារផ្ទាល់ខ្លួនឬក៏ប្រដាប់ពាក់ទេ ប៉ុន្តែអ្នកត្រូវការក្រុមហ៊ុនអោយធ្វើវា» ។
លោក Trump បាននិយាយថានាវាពេទ្យរបស់កងទ័ពជើងទឹកអាមេរិកឈ្មោះ Mercy នឹងត្រូវបញ្ជូនទៅស្រុក Los Angeles និងនាវាមួយគ្រឿងទៀតឈ្មោះ Comfort នឹងត្រូវបញ្ជូនទៅឆ្នេរសមុទ្រខាងកើតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខដែលទំនងជាចូលចតនៅកំពង់ផែញូវយ៉ក។
ប្រធានក្រុមការងារទទួលបន្ទុកជំងឺឆ្លងកូវីដ១៩របស់សេតវិមានគឺអនុប្រធានាធិបតី លោក Mike Pence បានមានប្រសាសន៍ថាមន្ទីរពិសោធន៍ពាណិជ្ជកម្មទាំងអស់នៅសហរដ្ឋអាមេរិកត្រូវតែចាត់ទុកការធ្វើតេស្តពិនិត្យរកមើលវីរុសកូរ៉ូណាក្នុងខ្លួនអ្នកជំងឺជាកិច្ចការអាទិភាព។
លោក Pence បាននិយាយថាពលរដ្ឋអាមេរិកាំងចំនួន ២៥៤.០០០ នាក់ហើយ ត្រូវបានធ្វើតេស្តរកមេរោគកូវីដ១៩ ហើយរហូតមកដល់ពេលនេះការធ្វើតេស្តថ្មីមួយដែលអាចបង្ហាញលទ្ធផលបានក្នុងរយៈពេលប្រហែល ៤៥ នាទីនឹងត្រូវបានត្រៀមរួចរាល់នៅចុងសប្តាហ៍ក្រោយ៕