ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Trump ទទួល​ស្គាល់ទីក្រុង Jerusalem ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល ប៉ុន្តែ​ប៉ាឡេស្ទីន​ខឹង​សម្បា


លោក​ត្រាំ​ថ្លែង​នៅ​ក្នុង​ពិធី​ការទូត​ក្នុង​សេតវិមានកាលពី​ថ្ងៃពុធ។
លោក​ត្រាំ​ថ្លែង​នៅ​ក្នុង​ពិធី​ការទូត​ក្នុង​សេតវិមានកាលពី​ថ្ងៃពុធ។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក​ជឿ​ជាក់​ថា បណ្ដា​ប្រទេស​ផ្សេង​ទៀត​នឹង​ធ្វើ​តាម​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ទទួល​ស្គាល់​ទីក្រុង Jerusalem ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល។ លោក​បន្ថែម​ថា នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ប្ដូរ​ទីតាំង​ស្ថានទូត​របស់​ខ្លួន​ទៅ​ទីក្រុង Jerusalem នោះ នោះ​ប្រទេស​ដទៃ​ទៀត​ក៏​នឹង​ប្ដូរ​ទីតាំង​ស្ថានទូត​របស់​ពួកគេ​ទៅ​ទី​នោះ​ផង​ដែរ។

លោក Netanyahu បាន​និយាយ​ថា រដ្ឋាភិបាល​របស់​លោក​កំពុង​ទាក់ទង​ជាមួយ​នឹង​ប្រទេស​ផ្សេងៗ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​ជា​ប្រទេស​ណា​នោះ​ទេ នៅ​ពេល​ដែល​លោក​ថ្លែង​សុន្ទរកថា​នៅ​ក្រសួង​ការបរទេស​អ៊ីស្រាអែល​នោះ។

រី​ឯ​យោធា​អ៊ីស្រាអែល​វិញ បាន​ប្រកាស​អំពី​ការ​ពង្រាយ​ទាហាន​បន្ថែម​ទៀត​នៅ​ក្នុង​តំបន់ West Bank ដែល​ខ្លួន​កាន់កាប់ ដែល​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​ខ្លួន​ហៅ​ថា «ការ​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​វិវត្ត​នានា​ដែល​អាច​កើត​ឡើង‍»។

ការ​សម្រេច​ចិត្ត​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ក្នុង​ការ​កែប្រែ​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ទីក្រុង Jerusalem ដែល​មាន​អាយុកាល​រាប់​ទសវត្សរ៍​មក​នេះ និង​គម្រោង​ក្នុង​ការ​ប្ដូរ​ទីតាំង​ស្ថានទូត​អាមេរិក​ទៅ​កាន់​ទីក្រុង Jerusalem នេះ បាន​រង​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​មេដឹកនាំ​ប៉ាឡេស្ទីន។

ប្រធានាធិបតី​ប៉ាឡេស្ទីន​លោក Mahmoud Abbas បាន​និយាយ​ថា គម្រោង​របស់​លោក Trump គឺ​ដូច​គ្នា​ទៅ​នឹង​ការ​ដក​ខ្លួន​របស់​សហរដ្ឋ​អាមេរិក​ចេញ​ពី​តួនាទី​ជា​អ្នក​សម្របសម្រួល​សន្តិភាព​ដូច្នេះ​ដែរ។

មេដឹកនាំ​ក្រុម Hamas លោក Ismail Haniyeh បាន​អំពាវនាវ​ឲ្យ​មាន​ការ​បះបោរ​ថ្មី​មួយ​ប្រឆាំង​នឹង​អ៊ីស្រាអែល ដែល​នឹង​ចាប់ផ្ដើម​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ៕

XS
SM
MD
LG