ក្រុមមេដឹកនាំគណបក្សសាធារណរដ្ឋមានការធូរស្រាលបន្ទាប់ពីលោក Donald Trump បេក្ខជនប្រធានាធិបតីនាំមុខបានចុះហត្ថលេខាលើកិច្ចសន្យាកាលពីថ្ងៃព្រហស្បតិ៍គាំទ្រអ្នកទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ ហើយនឹងមិនឈរឈ្មោះជាបេក្ខជនរបស់គណបក្សទី៣ទេ។
លោក Trump បានចុះកិច្ចសន្យានៅវិមាន Trump Tower របស់លោកក្នុងទីក្រុងញូវយ៉កក្នុងអំឡុងពេលនៃការជួបមួយជាមួយលោក Reince Priebus ប្រធានគណបក្ស ហើយក្រោយមក បានពន្យល់ការសម្រេចរបស់លោកនៅឯសន្និសីទកាសែតមួយ។ លោក Trump បាននិយាយថា «មធ្យោបាយដ៏ល្អបំផុតឆ្ពោះទៅកាន់ជ័យជម្នះគឺថា ខ្ញុំត្រូវតែបានទទួលការតែងតាំងជាបេក្ខជនខាងគណបក្សសាធារណរដ្ឋហើយតទល់ដោយផ្ទាល់ជាមួយបេក្ខជនណាក៏ដោយ ដែលមកពីគណបក្សប្រជាធិបតេយ្យ។ ដោយហេតុដូច្នេះហើយ បានជាខ្ញុំចុះហត្ថលេខាលើការសន្យានេះ»។
លោក Trump បានមានប្រសាសន៍ទៀតថា លោកនឹងស្មោះត្រង់ដល់គណបក្សសាធារណរដ្ឋហើយនិងគោលការណ៍អភិរក្សនិយមសម្រាប់បេក្ខជនណាក៏ដោយដែលឈរឈ្មោះ ហើយយើងនឹងខិតខំឲ្យអស់ពីចិត្តពីថ្លើមដើម្បីឲ្យបានទទួលជ័យជម្នះ។
នៅក្នុងការជជែកដេញដោលលើកទីមួយរបស់គណបក្សសាធារណរដ្ឋកាលពីខែមុន លោក Trump ជាអ្នកប្រកួតប្រជែងតែម្នាក់គត់នោះលើឆាកដែលបដិសេធពុំសន្យាថាគាំទ្រអ្នកដែលបានទទួលការតែងតាំង ហើយក៏ជាអ្នកប្រកួតប្រជែងម្នាក់គត់ដែលមិនបានបដិសេធពីការបង្កើតគណបក្សទី៣ ដោយនិយាយថា វាអាស្រ័យថាតើគណបក្ស យកចិត្តទុកដាក់ចំពោះលោកប៉ុនណាដែរ៕