ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានា​ធិបតី​អាមេរិក​ដូណាល់ ​ត្រាំ ​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ការ​បំភ្លេច​បំផ្លាញ​នៅពេល​បំពេញ​ទស្សនកិច្ច​កោះ Puerto Rico


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​លោក Ricardo Rosselló អភិបាល​កោះ Puerto Rico (រូប​កណ្តាល) ស្តាប់​ពលរដ្ឋ និង​ធ្វើ​ការ​ស្ទង់មតិ​ពី​ការ​ខូចខាត​ដោយ​សារ​ព្យុះ​សង្ឃរា និង​កិច្ចខិតខំ​ប្រឹងប្រែង​នៅ​ក្នុង​សង្កាត់​មួយ​ក្នុង​ក្រុង Guaynabo កោះ Puerto Rico កាលពី​ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​លោក Ricardo Rosselló អភិបាល​កោះ Puerto Rico (រូប​កណ្តាល) ស្តាប់​ពលរដ្ឋ និង​ធ្វើ​ការ​ស្ទង់មតិ​ពី​ការ​ខូចខាត​ដោយ​សារ​ព្យុះ​សង្ឃរា និង​កិច្ចខិតខំ​ប្រឹងប្រែង​នៅ​ក្នុង​សង្កាត់​មួយ​ក្នុង​ក្រុង Guaynabo កោះ Puerto Rico កាលពី​ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧។

លោក​ប្រធានា​ធិបតី​អាមេរិក​ដូណាល់ ​ត្រាំបាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ជាលើក​ដំ​បូង​នូវការ​បំផ្លិចបំផ្លាញដោយ​ព្យុះ​សង្ឃរានៅ​កោះ Puerto Rico ហើយ​បាន​ជួប​ជា​មួយ​ពួកមេដឹកនាំ​របស់​កោះ​នោះ ​រួមមាន​មេដឹកនាំ​ខ្លះ​ដែលបាន​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​បាន​រិះគន់​យ៉ាង​ខ្លាំង​ពីការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដល់​មហន្តរាយ​នេះ។

​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ថ្លែង​នៅពេល​ដែល​លោក​បាន​និយាយ​ស្វាគមន៍​ពួកមន្ត្រី​សហព័ន្ធ​ និង​មូលដ្ឋាន​នៅ​ទីតាំង​ឆ្មាំ​ការពារ​ទ័ពអាកាស Muniz ​ថា «ខ្ញុំ​មិន​ដែល​បាន​ឃើញ​មនុស្ស​ដែល​ខិត​ខំ​ធ្វើ​ការ​យ៉ាង​ខ្លាំង​ដើម្បី​ជីវិត​របស់​ខ្លួន​ទេ‍»។

​លោក​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំបាន​ប្រើ​ប្រាស់ឱកាស​នេះ​ដើម្បី​សរសើរ​ការ​ខំ​ប្រឹងប្រែង​ស្តារ​កោះ​នោះ​ឡើងវិញ​របស់​រដ្ឋាភិបាល​សហព័ន្ធ និង​កងទ័ព​ដែល​បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំងចំពោះ​ការ​ឆ្លើយ​តប​យ៉ាង​យឺត​ដើម្បី​ជួយ​សង្គ្រោះ​ជីវិតជន​រង្គ្រោះ​ដោយសារ​ព្យុះ​សង្ឃរានៅ​ក្នុង​តំបន់​ដាច់ស្រយាល​នានា​ដែល​បាន​ធ្វើ​ឲ្យ​គ្មាន​ទឹក​ និង​វត្ថុ​ចាំ​បាច់​ផ្សេង​ទៀត​អស់​រយៈ​ពេល​ជាង​មួយ​សប្តាហ៍។

លោក​ប្រធានា​ធិបតី​បាន​មាន​ប្រសាសន៍​ទៀត​ថា ​ចំនួន​មនុស្ស​ស្លាប់​នៅ​លើ​កោះ​នោះ​រហូត​មក​ទល់​ពេល​នេះ​គឺ​ចំនួន​១៦​នាក់ ​ដោយ​ប្រៀប​ធៀប​មនុស្ស​ជាង​១​ពាន់​៨រយ​នាក់​បានត្រូវ​សម្លាប់​ដោយ​ព្យុះ​សង្ឃរា Katrina ​ដែល​បាន​បក់​បោក​នៅ​ទីក្រុង New Orleans ​កាល​ពី​ឆ្នាំ​២០០៥។

លោក​ប្រធានា​ធិបតី​ត្រាំបាន​ចាប់​ដៃ​ជាមួយ​លោកស្រី Yulin Cruz អភិបាល​ក្រុង​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ដែល​ជា​អ្នក​រិះគន់​យ៉ាង​ខ្លាំង​ដល់​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​សហព័ន្ធ ​ក៏ប៉ុន្តែ លោក​ប្រធានា​ធិបតី​មិន​បាន​និយាយ​រំឭក​លោក​ស្រី​នៅ​ពេល​ដែល​លោក​ប្រធានា​ធិបតី​បាន​កោត​សរសើរ​លោក Ricardo Rossello អភិបាល​កោះ Puerto Rico ហើយ​និង​មេដឹកនាំ​ផ្សេង​ទៀត​នោះ៕

XS
SM
MD
LG