ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានធ្វើដំណើរទៅដល់រដ្ឋធានីហាណូយហើយកាលពីថ្ងៃអង្គារមិ្សលមិញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលជាលើកទីពីរជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ជាមួយនឹងក្តីសង្ឃឹមថា នឹងមានការវិវត្តទៅរកការលុបបំបាត់នុយក្លេអ៊ែរររបស់ក្រុងព្យុងយ៉ាង។
លោកTrumpបានដើរចុះពីយន្តហោះដឹកប្រធានាធិបតី Air Force One និងត្រូវបានទទួលស្វាគមន៍ដោយមន្រ្តីសំខាន់ៗរបស់ប្រទេសវៀតណាម និងឯកអគ្គរដ្ឋទូតអាមេរិកលោក Daniel Kritenbrink។
មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានធ្វើដំណើរទៅដល់រដ្ឋធានីហាណូយនៅប៉ុន្មានម៉ោងមុនលោកTrump។ លោក Kim បានធ្វើដំណើរតាមរថភ្លើងនិងបានប្រើពេលពីរថ្ងៃដោយឆ្លងកាត់ប្រទេសចិន មុននឹងចូលដល់ប្រទេសវៀតណាម។ ក្រុមអង្គរក្សកូរ៉េខាងជើងបានរត់តាមរថយន្តលីម៉ូហ្ស៊ីនដែលដឹកលោក Kim ឆ្ពោះទៅសណ្ឋាគារ Melia ក្នុងរដ្ឋធានីហាណូយ។
មេដឹកនាំទាំងពីរនឹងជួបប្រជុំគ្នានៅថ្ងៃពុធនេះ បន្ទាប់មកនឹងមានការរៀបចំទទួលទានអាហារពេលល្ងាចរួមគ្នាទាំងពីរភាគី ដែលមានអ្នកបកប្រែភាសាទាំងសងខាង។
លោក Trump ត្រូវបានអមដំណើរដោយរដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo និងនាយខុទ្ទការល័យស្តីទីប្រចាំសេតវិមានលោក Mick Mulvaney។
លោក Trump និងលោក Kim នឹងមានកិច្ចពិភាក្សាផ្លូវការបន្តបន្ទាប់នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។ លោក Kim ត្រូវបានទទួលស្វាគមន៍ដោយកងយោធាជាន់ខ្ពស់ ស្របពេលដែលរថភ្លើងរបស់លោកបានរំកិលចូលមកដល់ព្រំដែនប្រទេសវៀតណាម កាលពីព្រឹកថ្ងៃអង្គារ។
បន្ទាប់លោក Kim និងក្រុមមន្ត្រីរបស់លោកបានធ្វើដំណើរតាមក្បួនរថយន្តរយៈពេលពីរម៉ោងទៀតឆ្ពោះទៅរដ្ឋធានីហាណូយ។ បន្ទាប់ពីសម្រាកបានពីរបីម៉ោងក្រោយមក លោក Kim បានធ្វើទស្សនកិច្ចនៅស្ថានទូតកូរ៉ខាងជើង៕