លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានធ្វើដំណើរទៅកាន់តំបន់អឺរ៉ុបដើម្បីចូលរួមជំនួបសម្ព័ន្ធមិត្តអង្គការអូតង់ដែលមានការព្រួយកង្វល់ពីការខូចខាតដល់សម្ព័ន្ធភាពខាងយោធាយូរដ៏អង្វែងបន្ទាប់ពីការរិះគន់របស់លោកត្រាំ។
លោកត្រាំជារឿយៗបានចោទប្រកាន់ដៃគូនានារបស់អង្គការអូតង់នៅអឺរ៉ុបពីការមិនបានធ្វើតាមការសន្យាការចំណាយខាងយោធារបស់ខ្លួនដល់អង្គការអូតង់នេះ។
មុនពេលចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន លោកត្រាំបាននិយាយតាមសារក្នុងប្រព័ន្ធ Twitter ថា «សហរដ្ឋអាមេរិកកំពុងចំណាយប្រាក់ច្រើនជាងប្រទេសផ្សេងៗទៀតជាច្រើនដងដើម្បីការពារពួកគេ។ ការណ៍នេះមិនត្រឹមត្រូវទាល់តែសោះដល់ពួកអ្នកបង់ពន្ធសហរដ្ឋអាមេរិក។ យើងបានខាតបង់ប្រាក់១៥១ពាន់លានដុល្លារក្នុងការធ្វើការពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប។ គេយកពន្ធគយយ៉ាងច្រើនពីយើង»។
លោក Donald Tusk ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប បានឆ្លើយតបដោយកំហឹងកាលពីថ្ងៃអង្គារដល់អត្ថាធិប្បាយរបស់ប្រធានាធិបតីត្រាំនេះ។
ក្នុងសារចុះផ្សាយតាមប្រព័ន្ធ Twitter លោក Tusk សរសេថា «សហរដ្ឋអាមេរិកមិនមាន ហើយនឹងមិនមានសម្ព័ន្ធមិត្តណាប្រសើរជាងសហភាពអឺរ៉ុបទេ។ យើងចំណាយលើវិស័យការពារប្រទេសច្រើនជាងប្រទេសរុស្ស៊ីហើយនិងច្រើនដូចជាប្រទេសចិន។ ខ្ញុំសង្ឃឹមថា លោកមិនមានការងឿងឆ្ងល់ឡើយថា នេះជាការវិនិយោគទុនក្នុងសន្តិសុខរបស់យើង។ ហើយការចំណាយរបស់យើងមិនដូចរុស្ស៊ីនិងប្រទេសចិនទេ។
ក៏ប៉ុន្តែ មុនពេលឡើងជិះយន្តហោះ Air Force One ប្រធានាធិបតីត្រាំបានច្រានចោលអត្ថាធិប្បាយរបស់លោក Tusk អំពីសហរដ្ឋអាមេរិក៕