ក្នុងអំឡុងពេលនៃសន្និសីទកាសែតរយៈពេលមួយម៉ោងកាលពីថ្ងៃពុធ ប្រធានាធិបតីនៅពេលអនាគតរបស់សហរដ្ឋអាមេរិកក៏បានបដិសេធយ៉ាងខ្លាំងពីសេចក្តីរាយការណ៍ដែលគ្មានការបញ្ជាក់ថា រុស្ស៊ីមានព័ត៌មានផ្ទាល់ខ្លួនអំពីលោក។ ហើយជាថ្មីម្តងទៀត លោកបានរិះគន់យ៉ាងខ្លាំងដល់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក។
នៅក្នុងសន្និសីទកាសែតលើកទីមួយរបស់លោកចាប់តាំងពីបានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតដើម្បីកាន់កាប់សេតវិមាន លោក ដូណាល់ ត្រាំ បានទទួលស្គាល់ថា លោកជឿជាក់ថា រុស្ស៊ីបានលួចចូលក្នុងប្រព័ន្ធកំុព្យូទ័ររបស់គណៈកម្មាធិការជាតិប្រជាធិបតេយ្យនៅក្នុងការស្វះស្វែងដើម្បីមានឥទ្ធិពលដល់ការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៨ ខែវិច្ឆិកា។
«ចំពោះការលួចចូលក្នុងប្រព័ន្ធកំុព្យូទ័រ ខ្ញុំគិតថាគឺប្រទេសរុស្ស៊ី។ ក៏ប៉ុន្តែ យើងក៏ត្រូវបានប្រទេសនិងមនុស្សផ្សេងទៀតលួចចូលក្នុងប្រព័ន្ធកំុព្យូទ័រយើងដែរ»។ លោកហាក់ដូចជានិយាយសម្រាលពីឧបទ្ទវហេតុនេះ។ លោកបានចង្អុលដល់ការវាយប្រហារតាមប្រព័ន្ធកំុព្យូទ័រពីប្រទេសចិនទៅលើសហរដ្ឋអាមេរិក ហើយនិងពីភាពបរាជ័យរបស់គណៈកម្មាធិការជាតិប្រជាធិបតេយ្យឬ DNC ដើម្បីការពារប្រព័ន្ធកំុព្យូទ័ររបស់ខ្លួន។
លោកនិយាយថា៖ «គណៈកម្មាធិការជាតិប្រជាធិបតេយ្យបានបើកចំហរឲ្យគេលួចចូលក្នុងប្រព័ន្ធកំុព្យូទ័រ។ ពួកគេធ្វើការងារមិនល្អទាល់តែសោះ។ គេគួរតែមានប្រព័ន្ធការពារទល់នឹងការលួចចូលក្នុងប្រព័ន្ធកំុព្យូទ័រដូចដែលគណបក្សរបស់យើងបានធ្វើ»។
លោក ត្រាំ ក៏បានប្រកាសប្រឆាំងយ៉ាងខ្លាំងដល់សេចក្តីរាយការណ៍ដែលគ្មានការបង្ហាញភស្តុតាងថា រុស្ស៊ីមានព័ត៌មានមិនល្អអំពីលោក។ «វាជាព័ត៌មានក្លែងក្លាយទាំងអស់។ វាជាព័ត៌មានមិនបានការ។ រឿងនេះមិនបានកើតមានឡើងទេ»។
លោក ត្រាំ បានសរសើរប្រធានាធិបតី Vladimir Putinនៃប្រទេសរុស្ស៊ីចំពោះការនិយាយថារបាយការណ៍នោះមិនពិត។ ហើយលោកបានថ្លែងអំណរគុណដល់អង្គការព័ត៌មានដែលបានជ្រើសរើសមិនបោះពុម្ភផ្សាយរបាយការណ៍នោះហើយបានរិះគន់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក។
លោកថ្លែងថា៖ «ពួកគេបានមើលរបាយការណ៍ដែលមិនសមហេតុផលនេះដែលត្រូវបានចេញផ្សាយប្រហែលដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ដែលនឹងក្លាយជាកំណត់ត្រាដ៏ប្រឡូកប្រឡាក់របស់ពួកគេ»។
លោក ត្រាំ ក៏បានរិះគន់បណ្តាញទូរទស្សន៍ខ្សែកាប CNN ដែលបានផ្សាយសេចក្តីរាយការណ៍អំពីការចោទប្រកាន់ទាំងនេះ។
លោកនិយាយថា៖ «ទេ ទេ អង្គការព័ត៌មានរបស់អ្នកឯងអាក្រក់ណាស់»។
ដោយដាក់បង្ហាញឯកសារហិរញ្ញវត្ថុនិងច្បាប់ លោក ត្រាំ បានប្រកាសថាលោកនឹងមិនដកខ្លួនលោកចេញអាណាចក្រពាណិជ្ជកម្មរបស់លោកក្នុងអំឡុងនៃការកាន់តំណែងជាប្រធានាធិបតីរបស់លោកទេ។
ប៉ុន្តែ លោក ត្រាំ បាននិយាយថា កូនប្រុសរបស់លោកនឹងកាន់កាប់ពាណិជ្ជកម្មនោះហើយមិនពិភាក្សាពាណិជ្ជកម្មនេះជាមួយកូនប្រុសលោកទេ។
លោក ត្រាំ រក្សាវិធានការដែលលោកបានធ្វើដែលនឹងល្មមគ្រប់គ្រាន់ដើម្បីបញ្ចៀសការប៉ះទង្គិចខាងផលប្រយោជន៍ខណៈដែលលោកជាប្រធានាធិបតី៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន