ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតីត្រាំនិងឧបនាយករដ្ឋមន្រ្តីចិនបន្តការចរចាពាណិជ្ជកម្មមានសុទិដ្ឋិនិយមអំពីកិច្ចព្រមព្រៀង


ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ស្តាប់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Robert Lighthizer ចរចាជាមួយ ឧបនាយករដ្ឋមន្រ្តីចិនលោក Liu He ក្នុងសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៩។
ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ស្តាប់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Robert Lighthizer ចរចាជាមួយ ឧបនាយករដ្ឋមន្រ្តីចិនលោក Liu He ក្នុងសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៩។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំនិងលោក Liu He ឧបនាយករដ្ឋមន្រ្តីចិន បានបង្ហាញភាពសុទិដ្ឋិនិយមថា ប្រទេសទាំង២ នឹងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយហើយនឹងបន្ធូរបន្ថយជម្លោះរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបង្អស់២របស់ពិភពលោក នៅពេលដែលភាគីទាំង២បានព្រមព្រៀងគ្នាបន្តការចរចារបស់ខ្លួនសម្រាប់រយៈពេល២ថ្ងៃទៀត។

លោកប្រធានាធិបតីត្រាំ បានប្រាប់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃសុក្រនៅសេតវិមានថា៖ «ខ្ញុំនឹងនិយាយថាកិច្ចព្រមព្រៀងនឹងកើតមានឡើង»។

ថ្លែងតាមអ្នកបកប្រែ លោក Liu អ្នកចរចាពាណិជ្ជកម្មកំពូលរបស់ចិន បាននិយាយថា៖ «យើងជឿជាក់ថា កិច្ចព្រមព្រៀងទំនងនឹងកើតមានឡើង។ ហើយយើងសង្ឃឹមថានៅទីបំផុតយើង នឹងមានកិច្ចព្រមព្រៀងមួយ»។

លោក Liu បានទទួលការអនុញ្ញាតពីប្រធានាធិបតីចិន ស៊ី ជីនពីង ឲ្យធ្វើការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក។

លោកប្រធានាធិបតីត្រាំ បានមានប្រសាសន៍ទៀតថា៖ «ពួកគេមានឆន្ទៈស្នាក់នៅបន្តទៀតដើម្បីបង្កើនពេលវេលា។ ខ្ញុំគិតថាមានឱកាសដ៏ល្អមួយថា កិច្ចព្រមព្រៀងនឹងកើតមានឡើង»។

លោក Steve Mnuchin រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានបញ្ជាក់ថា ការចរចាបានត្រូវបន្តរហូតដល់ថ្ងៃអាទិត្យ។

លោកប្រធានាធិបតីត្រាំ ហាក់ដូចជាដកចោលនូវការគំរាមកំហែងរបស់លោកដើម្បីបង្កើនពន្ធគយទ្វេដងលើទំនិញដែលមានតម្លៃជាង២រយពាន់លានដុល្លារ ប្រសិនបើ មិនមានការព្រមព្រៀង ត្រូវបានសម្រេចនៅថ្ងៃទី១ ខែមីនាទេនោះ៕

XS
SM
MD
LG