ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ដែលបានសម្តែងការអបអរសាទរក្រុមទាហានពិសេសសហរដ្ឋអាមេរិកបានវាយឆ្មក់ប្រឆាំងនឹង Abu Bakr al-Baghdadi មេដឹកនាំក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរី បាននិយាយមើលងាយ al-Baghdadi ថាជាមនុស្សឈឺនិងកំសាកហើយឥឡូវនេះ ជននោះបានស្លាប់ហើយ។
លោកប្រធានាធិបតីត្រាំ បានប្រាប់ប្រធានប៉ូលិសនៅឯសន្និបាតមួយក្នុងទីក្រុងឈីកាហ្គោថា «al-Baghdadi បានស្លាប់ហើយ។ ខ្ញុំសូមប្រាប់អស់លោកទាំងអស់ថា ជននោះបានស្លាប់ក្នុងភាពកំសាក»។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសថា «al-Baghdadi គួរតែត្រូវបានសម្លាប់កាលពីមួយឆ្នាំមុន។ ប្រធានាធិបតីកាន់តំណែងមុនលោក គួរតែចាប់ជននេះបាន»។ លោកត្រាំ បានអះអាងថា សហរដ្ឋអាមេរិកឥឡូវនេះ មានពួកអ្នកទោសក្រុមរដ្ឋឥស្លាមរាប់ពាន់នាក់នៅក្រោមការត្រួតពិនិត្យដ៏តឹងរ៉ឹងរបស់ខ្លួន។ លោកប្រធានាធិបតីត្រាំ ក៏បាននិយាយដែរថា សហរដ្ឋអាមេរិក មានផែនការថែរក្សាវាលអណ្តូងប្រេងនៅក្នុងប្រទេសស៊ីរីដែលមានប្រាក់ចំណូល៤៥លានដុល្លារក្នុងមួយខែដែលត្រូវបានការពារដោយកងទ័ពសហរដ្ឋអាមេរិក ទោះបីលោក បានដកកងទ័ពសហរដ្ឋអាមេរិកភាគច្រើនចេញពីតំបន់ភាគខាងជើងនៃប្រទេសស៊ីរីដែលស្ថិតនៅភាគខាងត្បូងព្រំដែនប្រទេសតួកគីក៏ដោយ។
សុន្ទរកថាជ័យជម្នះរបស់ប្រធានាធិបតីត្រាំអំពីវាយឆ្មក់ បានកើតមានឡើងនៅពេលដែលក្រសួងសន្តិសុខការពារមាតុភូមិសហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងថា ខ្លួន កំពុងធ្វើកិច្ចប្រតិបត្តិការប្រកបដោយការប្រុងប្រយ័តខ្ពស់បន្ទាប់ពីការស្លាប់ al-Baghdadi ក៏ប៉ុន្តែមិនមានផែនការចេញការប្រកាសឲ្យមានប្រុងប្រយ័ត្នទេ លុះត្រាតែមានព័ត៌មានគំរាមកំហែងជាក់លាក់ និងអាចទុកចិត្តបានដើម្បីចែកចាយដល់សាធារណជន៕