លោកប្រធានាធិបតីត្រាំ បាននិយាយថា លោកមិនបានស្គាល់អតីតអភិបាលរដ្ឋ Illinois ទេ លើកលែងតែលោកអតីតអភិបាលរដ្ឋធ្លាប់សម្របសម្រួលក្នុងកម្មវិធីទូរទស្សន៍ឈ្មោះថា «The Apprentice» របស់លោកកាលពីច្រើនឆ្នាំមុន។ លោកប្រធានាធិបតីដូណាល់ ត្រាំ បាននិយាយថា៖ «ខ្ញុំមិនស្គាល់លោកទេ។ ក៏ប៉ុន្តែ លោកបានជាប់ពន្ធនាគារ៨ឆ្នាំ ដែលជារយៈពេលយូរណាស់។ មនុស្សជាច្រើន មិនយល់ស្របជាមួយការកាត់ទោសនោះទេ។ លោកជាសមាជិកគណបក្សប្រជាធិបតេយ្យ មិនមែនជាសមាជិកគណបក្សសាធារណរដ្ឋទេ។ វាជាការកាត់ទោសដោយមនុស្សដដែលដូចជា៖ លោក James Comey អតីតនាយក FBI លោក Patrick Fitzpatrick អតីតរដ្ឋមន្រ្តីយុត្តិធម៌សហរដ្ឋអាមេរិកជាក្រុមមនុស្សតែមួយ។ លោកបានស្ថិតនៅឆ្ងាយពីកូនរបស់លោក។ ពួកគេធំៗហើយ។ ពួកគេ កំពុងរៀននៅវិទ្យាល័យនៅពេលឥឡូវនេះ។ ពួកគេកម្រឃើញឪពុករបស់ពួកគេមិនពាក់សម្លៀកបំពាក់អ្នកទោស។ ខ្ញុំបានឃើញបញ្ហានេះ ហើយខ្ញុំបានបន្ធូរបន្ថយទោសលោក»។
លោកប្រធានាធិបតីត្រាំ បាននិយាយទៀតថា លោក មានការរំជួលចិត្តអំពីការ សុំអង្វរតាមទូរទស្សន៍របស់ភរិយាលោក Blagojevich។ ក៏ប៉ុន្តែ មនុស្សដែលជាប់ទាក់ទិននឹងរឿងក្តីរបស់លោក Blagojevich ហាក់ដូចជាមានឥទ្ធិពលលើការសម្រេចរបស់លោកដែរ។
លោកប្រធានាធិបតីត្រាំ ក៏បានប្រកាសការលើកលែងទោសដល់លោកBernie Kerik អតីតស្នងការប៉ូលិសក្រុងញូវយ៉ក ដែលត្រូវបានចោទប្រកាន់ពីការលួចបន្លំពន្ធ និងការភូតកុហកពួកមន្រ្តី និងលោក Mike Milken ជាធនាគារិកវិនិយោគទុនដែលត្រូវបានជាប់ទោសលើបទចោទប្រកាន់ព្រហ្មទណ្ឌមួយចំនួនរួមមានការលួចបន្លំប្រាក់និងការឃុបឃិត។
លោកប្រធានាធិបតីត្រាំ និយាយទៀតថា លោក បានលើកលែងទោសដោយផ្អែកលើការស្នើសុំ។ លោកប្រធានាធិបតីដូណាល់ ត្រាំ បានថ្លែងទៀតថា៖ «ស្ទើរគ្រប់ពេលវេលា ខ្ញុំពិតជាពឹងផ្អែកលើអនុសាសន៍របស់មនុស្សដែលបានស្គាល់ពួកគេ។ យើងមានលោក Bernie Kerik។ យើង មានលោក Mike Milken ដែលបានធ្វើការងារដ៏អស្ចារ្យសម្រាប់ពិភពលោកដោយការស្រាវជ្រាវរបស់លោកអំពីជំងឺមហារីក។ ហើយ លោក បានធ្វើការងារនេះហើយលោក បានរងប៉ះពាល់យ៉ាងខ្លាំង។លោកបានទទួលផលវិបាកច្រើនណាស់ ក៏ប៉ុន្តែ លោកបានធ្វើការងារដ៏អស្ចារ្យ។ មនុស្សទាំងអស់នោះដែលយើង ត្រូវមើលអនុសាសន៍។ ខ្ញុំ ពឹងផ្អែកលើអនុសាសន៍ទាំងនោះ»។
លោកEdward DeBartolo Jr. អតីតម្ចាស់ក្រុមបាល់ទាត់អាមេរិកាំង San Francisco 49ers បានត្រូវលើកលែងទោសទៅតាមអនុសាសន៍របស់ប៉ាស្ទ័រ Darrell Scott នៃទីក្រុងCleveland រដ្ឋ Ohioហើយនិងអតីតអ្នកលេងបាល់ទាត់អាមេរិកាំងជាច្រើនអ្នកទៀត។ លោក DeBartolo បានសារភាពទទួលទោសនៅឆ្នាំ១៩៩៨លើការបិទបាំងគម្រោងគំរាមកំហែងយកប្រាក់ដោយអតីតអភិបាលរដ្ឋ Louisiana។
លោក Darrell Scott នៅរដ្ឋ Ohio បាននិយាយថា៖ «ឈ្មោះ Edward DeBartolo ជានិមិត្តរូបនៅក្នុងសហគមន៍របស់យើង។ការងារមនុស្សធម៌របស់លោកតំណាងឲ្យអង្គការមនុស្សធម៌ជាច្រើននៅក្នុងតំបន់នេះ។ ការងារអភិវឌ្ឍរបស់លោកដូច ជាការបញ្ចូលរបៀបថ្មីនិងការធ្វើឲ្យមានដំណើរការឡើងវិញនៅទីក្រុង Cleveland រដ្ឋ Ohio ជាការដ៏អស្ចារ្សមួយ»។
ពួកអ្នករិះគន់ បាននិយាយថា ការលើកលែងទោសទាំងស្រុងដល់ឥស្សរជនកីឡាជាទីគោរពគឺ ជាផ្នែកមួយនៃយុទ្ធនាការរបស់លោកប្រធានាធិបតីត្រាំទាក់ទាញការគាំទ្រពីពួកអ្នកគាំទ្រកីឡាដ៏ច្រើនមុនការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២០នេះ។ ការលើកលែងទោសឲ្យលោក DeBartolo កើតមានឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីត្រាំទៅកន្លែងប្រកួតរថយន្ត Daytona 500។
លោកប្រធានាធិបតីត្រាំ បានបដិសេធពុំឆ្លើយទៅសំណួររបស់ពួកអ្នកយកព័ត៌មានថាតើលោកនឹងលើកលែងទោសឲ្យលោក Roger Stoneអតីតទីប្រឹក្សារបស់លោកដែលត្រូវបានចោទប្រកាន់ពីការអុកឡុកសាក្សី ភូតកុហកសភា និងរារាំងការស៊ើបអង្កេតការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំ២០១៦ដែរឬទេ៕
ប្រែសម្រួលដោយជឹង ប៉ូជីន