ជនរងគ្រោះនៃរបបខ្មែរក្រហមត្រូវដាក់ពាក្យបណ្តឹងរកយុត្តិធម៌ក្នុងសាលាក្តីខ្មែរក្រហមនិងត្រូវនិយាយរឿងឈឺចាប់ក្នុងរបបនេះ ដើម្បីឲ្យធូរទ្រូង ទើបពួកគាត់អាចបានធូរស្រាលពីជំងឺនេះ ដែលជះឥទ្ធិពលដល់កូនចៅជំនាន់ក្រោយ។
នៅតាមទីក្រុងនានានៅស.រ.អា.ដែលមានខ្មែររស់នៅច្រើន អ្នកស្រីសាស្ត្រាចារ្យនូ លក្ខិណាបានពន្យល់ណែនាំជនរងគ្រោះដោយរបបខ្មែរក្រហមអំពីទម្រង់ការច្បាប់ដើម្បីចូលរួមដាក់ទណ្ឌកម្មខ្មែរក្រហម។
ក្នុងកម្មវិធី«ពីជនរងគ្រោះមកជាសាក្សី»នៅទីក្រុងSan Jose រដ្ឋកាលីហ្វ័រនីញ៉ា ស.រ.អា. អ្នកស្រីឃុន អូន ដែលជាជនរងគ្រោះនៃរបបខ្មែរក្រហម និងជាដើមបណ្តឹងក្នុងសំណុំរឿង០០២ បានប្រាប់អ្នកស្រីនូ លក្ខិណា និងអ្នកចូលរួមគឺយ៉ាងដូច្នេះថា៖
«លោកអុំចង់ឲ្យតុលាការសងយ៉ាងម៉ិចដែរ?»
«ខ្ញុំមិនចង់ឲ្យសងអ្វីទេ។ ទោះបីទាមទារក្រុមគ្រួសារមកវិញ ក៏គេមិនរស់មកវិញដែរ តែចង់ឲ្យអន្តរជាតិជួយរកយុត្តិធម៌ឲ្យខ្ញុំផង»។
ក្រៅពីណែនាំឲ្យជនរងគ្រោះកាត់បន្ថយជំងឺផ្លូវចិត្តដោយរកយុត្តិធម៌ និងនិយាយរឿងទុក្ខសោកឲ្យអស់ពីទ្រូង លក្ខិណាក៏ប្រើសិល្បៈជួយផ្លូវចិត្តរបស់ពួកគាត់ផងដែរ។
នៅឯកម្មវិធី«សិល្បៈជាសាក្សី»នៅទីក្រុង Santa Ana រដ្ឋកាលីហ្វ័រនីញ៉ាស.រ.អា. អ្នកចូលរួមគូររូបអំពីព្រឹត្តិការណ៍ក្នុងសម័យខ្មែរក្រហម។
លោកភីធើ អ៊ូច បានចង្អុលរូបគំនូរមនុស្សជាប់ចំណងដែលលោកបានគូរ ហើយពណ៌នាគំនូររបស់លោកយ៉ាងដូច្នេះថា៖
«នៅសម័យប៉ុល ពល អ្នកនៅកណ្តាលនេះជារូបខ្ញុំ។ ខ្មែរក្រហមចាប់ ពេលខ្ញុំធ្វើកងចល័តណា៎! កងចល័ត ពេលបះបោរ ខ្ញុំរត់ទៅស្រុកខ្ញុំវិញ គេចាប់ខ្ញុំ»។
បុរសម្នាក់ដែលអង្គុយនៅក្បែរបានសួរលោកថា «នេះជារឿងពិត?»
លោកងាករកបុរសនោះ ហើយឆ្លើយថា៖
«បាទ រឿងពិត»។
លោកភីធើ អ៊ូចបន្តទៀតថា «នៅក្នុងខេត្តបាត់ដំបង ស្រុកមង្គលបូរី។ នេះគឺរូបខ្ញុំ»។ លោកចង្អុលទៅកាន់រូបអ្នកជាប់ចំណងពីរនាក់ទៀត ហើយបន្តថា៖
«ហើយពីរនាក់នេះចល័តដូចគ្នា។ គេចាប់ចងទាំងបីនាក់ ហើយគេវ៉ៃមួយយប់ មួយថ្ងៃ។ ម្នាក់នេះងាប់»។
អ្នកស្រីនូ លក្ខិណាលាន់មាត់ថា៖ «អូ!»
អ្នកស្រីនូ លក្ខិណា ជាសាស្ត្រាចារ្យសង្គមវិជ្ជានៃសាកលវិទ្យាល័យ Long Beach រដ្ឋ California។ ថ្វីបើអ្នកស្រី និងឪពុកម្តាយមិនធ្លាប់រស់នៅក្នុងរបបខ្មែរក្រហមក៏ដោយ អ្នកស្រីគិតថា អ្នកស្រីមានកាតព្វកិច្ចជួយជនជាតិខ្មែរនៅស.រ.អា.ចូលរួមក្នុងការកាត់ទោសខ្មែរក្រហម។ អ្នកស្រីបានបង្កើតវិទ្យាស្ថានសិក្សាសង្គមកម្ពុជា(ASRIC)។
រហូតមកដល់ពេលនេះ តុលាការបានទទួលពាក្យបណ្តឹងពីពលរដ្ឋខ្មែរអាមេរិកាំង តាមរយៈវិទ្យាស្ថានសិក្សាសង្គមកម្ពុជា (ASRIC)នេះជាង១៧០នាក់ ដែលក្នុងនោះ៤៣នាក់ជាដើមបណ្តឹងរដ្ឋប្បវេណី ក្នុងសំណុំរឿង០០២ កាត់ទោសមេដឹកនាំរបបខ្មែរក្រហម។
នៅសាកលវិទ្យាល័យទីក្រុងLong Beach រដ្ឋកាលីហ្វ័រនីញ៉ា អ្នកស្រីបានប្រាប់វីអូអេសំឡេងស.រ.អា.ថា៖
«អង្គការASRICកំពុងជួយជនរងគ្រោះនៅស.រ.អា. ដាក់ពាក្យបណ្តឹងតវ៉ាចំពោះខ្មែរក្រហម ដែលធ្លាប់ធ្វើបាបគាត់។ ហើយពួកខ្ញុំចង់សាកផ្លូវមួយទៀតគឺយកសិល្បៈជាឱកាសមួយជួយឲ្យគាត់និយាយបញ្ហាគាត់។ ហើយសំខាន់ជាងគេគឺជួយផ្លូវចិត្តគាត់ ឲ្យធូរស្រាល»។
កូនសិស្សរបស់អ្នកស្រីកោតសរសើរកិច្ចប្រឹងប្រែងរបស់ ASRIC។
លោកDeepak Naik និយាយនិស្សិតសង្គមវិជ្ជានិយាយថា៖
«សង្គមវិជ្ជានិងច្បាប់ទាក់ទងគ្នា ព្រោះយើងត្រូវយល់ថា សង្គមត្រូវការច្បាប់។ កាលណាខ្ញុំដឹងអំពីកិច្ចការរបស់សាស្ត្រាចារ្យលក្ខិណាក្នុងសាលាក្តីខ្មែរក្រហមកាន់តែច្រើន ខ្ញុំកាន់តែយល់ កាន់តែចង់ដឹងដើម្បីធ្វើតាមគម្រូរបស់គាត់»។
អ្នកចូលរួមក្នុងកម្មវិធីនានារបស់ ASRICនិយាយថា អ្នកស្រីលក្ខិណាបានជួយពួកគេច្រើន។
លោកឆែ ឈឿន អ្នកដាក់ពាក្យប្តឹងសំណុំរឿង០០២ ប្រាប់វីអូអេថា៖
«ក៏ប៉ុន្តែនិយាយពីរឿងដែលថា ខ្ញុំគោរពគាត់ គឺគាត់ជាអ្នកចូលចិត្តជាតិខ្មែរ ចូលចិត្តជួយដោះស្រាយបញ្ហាខ្មែរ»។
កិច្ចប្រឹងប្រែងរបស់អ្នកស្រីលក្ខិណាត្រូវអ្នកថតវីដេអូអាជីពចងក្រងជាភាពយន្តឯកសារ។
លោក Michael Siv បានឲ្យដឹងថា៖
«ខ្ញុំថតឯកសារនេះ ពីព្រោះលក្ខិណាធ្វើការនេះសំខាន់ណាស់។ លក្ខិណាប្រមូលជនរងគ្រោះរបស់ខ្មែរក្រហម និងឲ្យពួកគាត់រកយុត្តិធម៌។ គាត់ត្រូវការយុត្តិធម៌ ដើម្បីឲ្យជីវិតរបស់គាត់មានន័យតទៅទៀត។ ពួកគាត់អាយុជាង៧០ ឬ៨០ឆ្នាំហើយ។ ASRICផ្តល់ក្តីសង្ឃឹមឲ្យគាត់។ គាត់យកវត្ថុអនុស្សាវរីយ៍ និងនិយាយរឿងរបស់គាត់ឲ្យធូរទ្រូង។ ក្រៅពីលក្ខិណា គ្មានអ្នកណាអាចឲ្យគាត់និយាយបានទេ»។
នៅឯសហជីពគ្រូបង្រៀននារដ្ឋធានីវ៉ាស៊ីនតោននៅដើមឆ្នាំនេះ អ្នកស្រីលក្ខិណាប្រាប់អ្នកចូលរួមអំពីមូលហេតុដែលអ្នកស្រីជួយជនរងគ្រោះ នៅពេលមនុស្សជាច្រើនទៀតចង់បំភ្លេចរឿងនេះចោល។
«រោគសញ្ញាជំងឺផ្លូវចិត្តមានទាំងឪពុកម្តាយដែលធ្លាប់ឆ្លងកាត់សម័យខ្មែរក្រហម និងកូនចៅជំនាន់ក្រោយ ហើយមានទាំងនៅស.រ.អា. និងនៅស្រុកខ្មែរ។ តួលេខជំងឺផ្លួវចិត្តមានដល់១៤ទៅ១៥ភាគរយ»។
សូមរំឭកថា អ្នកស្រីលក្ខិណារកឃើញថា សង្គមខ្មែរមានជំងឺនេះ ពេលអ្នកស្រីចុះស្រាវជ្រាវសរសេរសារណាថ្នាក់បណ្ឌិតនៅឆ្នាំ១៩៩៧ និងឆ្នាំ១៩៩៨។
អ្នកស្រីនូ លក្ខិណាគ្រោងរៀបចំពិព័រណ៍អំពីគំនូរ រូបថតនិងវត្ថុអនុស្សាវរីយ៍ផ្សេងទៀតរបស់ជនរងគ្រោះ ហើយរៀបចំវិចិត្រសាលដើម្បីតម្កល់ភស្តុតាងទាំងនេះផង៕