ចំណាកស្រុករកការងារធ្វើនៅភ្នំពេញ នាំឲ្យគ្រួសារមួយជួបគ្រោះថ្នាក់ចរាចរណ៍ ដែលថ្លៃព្យាបាលមានភាពចម្រូងចម្រាស
អ្នកស្រី ម៉ា ភារ៉ាវី កំពុងមើលថែស្វាមី ដែលរងគ្រោះថ្នាក់ចរាចរណ៍នៅមន្ទីរពេទ្យលោកសង្ឃក្នុងរាជធានីភ្នំពេញ។ អ្នកស្រីនិងស្វាមី លោក បឿន បុល អាយុ៤៣ឆ្នាំបានជិះម៉ូតូផ្ទាល់ខ្លួនមកភ្នំពេញចម្ងាយផ្លូវជាង២០០គីឡូម៉ែត្រពីផ្ទះក្នុងភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្នុងគោលបំណងស្វែងរកការងារធ្វើនៅទីក្រុងភ្នំពេញ។ អ្នកស្រី ស្វាមី និងកូនប្រុសបានបាត់បង់ការងារជាកម្មករសំណង់ក្នុងខេត្តព្រះសីហនុ កាលពីខែមីនា ដោយសារក្រុមហ៊ុនដែលគ្រប់គ្រងដោយជនជាតិចិនខ្វះសម្ភារៈសំណង់ ខណៈរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ដូច្នេះកម្មករត្រូវព្យួរពីការងារសិន។ គ្រោះថ្នាក់ចរាចរណ៍នេះមានភាពចម្រូងចម្រាស ដោយសារតម្លៃសេវាព្យាបាលជាង៧០០ដុល្លារ ហើយពួកគេមិនមានលទ្ធភាពបង់គ្រប់។ ពេលជួបគ្រោះថ្នាក់ចរាចរណ៍ដោយបុកជាមួយរថយន្តមួយ អ្នកស្រីនិងស្វាមី ត្រូវបានបញ្ជូនមកព្យាបាលនៅគ្លីនិកមួយ មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងស្រុកអង្គស្នួលខេត្តកណ្តាល។ បើតាមវិក្កយបត្រដែល VOA ទទួលបាន តម្លៃសេវាព្យាបាលនោះមានចំនួន ៧១០ ដុល្លារ ដោយតម្លៃព្យាបាលអ្នកស្រីអស់ចំនួន ២៣៥ ដុល្លារ និងស្វាមីចំនួន ៤៧៥ ដុល្លារ។ អ្នកស្រី ភារ៉ាវី មានប្រសាសន៍ថា តម្លៃជាង ៧០០ ដុល្លារនេះថ្លៃហួសហេតុ ខណៈអ្នកស្រីគ្រាន់តែរបួសតិចតួចលើជើង និងដៃ។ ករណីនេះត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុករបស់ទំព័រហ្វេសប៊ុកមួយឈ្មោះ«San Prum»រហូតដល់មានអ្នកចែករំលែកបន្តជាង៥០០។ ករណីនេះក៏បានឮទៅដល់ក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាលក៏ចេញលិខិតព្រមានគ្លីនិកសុធារិទ្ធបែកចាននេះ។
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន