ការព្រួយកង្វល់ពីការផ្លាស់ប្តូរអាកាសធាតុបាននាំឲ្យពួកបាតុករទៅកាន់ស្ថានីយប្រេងឥន្ធនៈនៅជិតវិមានរដ្ឋសភា Capitol Hill ដែលស្ថិតនៅ២ប្លុកពីទីកន្លែងដែលលោក Rex Tillerson អតីតប្រធានក្រុមហ៊ុន Exxon-Mobile បានបង្ហាញខ្លួននៅក្នុងសវនាការដើម្បីបានទទួលការតែងតាំងជារដ្ឋមន្រ្តីការបរទេសថ្មីរបស់សហរដ្ឋអាមេរិក។
ក៏ប៉ុន្តែ សំណួរភាគច្រើនរបស់សមាជិកព្រឹទ្ធសភាគឺអំពីទំនាក់ទំនងរបស់លោក Tillerson ជាមួយរុស្ស៊ី។ ខណៈពេលដែលលោកដឹកនាំក្រុមហ៊ុន Exxon លោក Tillerson បានធ្វើការចរចាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រេងរុស្ស៊ី។ ពួកសមាជិកព្រឹទ្ធសភាចង់ដឹងថាតើលោកនឹងដោះស្រាយយ៉ាងដូចម្តេចជាមួយប្រទេស រុស្ស៊ីដែលត្រូវបានចោទប្រកាន់ពីការលួចចូលក្នុងប្រព័ន្ធកុំព្យូទ័ររបស់ពួកអ្នកនយោបាយសហរដ្ឋអាមេរិកហើយនិងបំភិតបំភ័យសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនោះ។
លោក Tillerson ថ្លែងថា៖ «កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីផ្អែកលើផលប្រយោជន៍រួមដូចជាការកាត់បន្ថយការគំរាមកំហែងភេរវកម្មទូទាំងសាកលលោក យើងគួរតែស្វែងរកជម្រើសទាំងនេះ។ នៅពេលការមិនចុះសម្រុងគ្នាដ៏ខ្លាំងនៅតែមានយើងត្រូវតែប្រកាន់ខ្ជាប់ក្នុងការការពារផលប្រយោជន៍របស់ប្រទេសអាមេរិកហើយនិងសម្ព័ន្ធមិត្តរបស់អាមេរិក។ រុស្ស៊ីត្រូវតែដឹងថា យើងនឹងទទួលខុសត្រូវចំពោះការតាំងចិត្តរបស់យើង ហើយនិងទទួលខុសត្រូវចំពោះសម្ព័ន្ធមិត្តរបស់យើង ហើយថា រុស្ស៊ីត្រូវតែទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន»។
ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំងវិញ លោក Tillerson មានប្រសាសន៍ថា ចិនគួរតែខំឲ្យច្រើនឡើងថែមទៀតដើម្បីក្លាយជាដៃគូដែលអាចទុកចិត្តបាន។
លោកបានថ្លែងថា៖ «ការស្ថាបនាកោះរបស់ចិនក្នុងសមុទ្រចិនខាងត្បូង ជាការចាត់វិធានការខុសច្បាប់នៅក្នុងតំបន់មានជម្លោះដោយមិនគោរពច្បាប់អន្តរជាតិ។ សេដ្ឋកិច្ច និងការធ្វើការពាណិជ្ជកម្មរបស់ចិនជានិច្ចកាលមិនបានធ្វើទៅតាមការសន្យានៅក្នុងកិច្ចព្រមព្រៀងសាកលទេ។ ចិនបានលួចកម្មសិទ្ធបញ្ញារបស់យើង ហើយមានភាពគគ្លើន និងជាអ្នកវាតទីនិយមនៅក្នុងវិស័យឌីជីថល (Digital)»។
បាតុករគាំទ្រកិច្ចព្រមព្រៀងផ្លាស់ប្តូរអាកាសធាតុបានបង្អាក់សវនាការតែងតាំងជាច្រើនលើក។ លោក Tillerson បានមានប្រសាសន៍ថា លោកទទួលស្គាល់ពីគ្រោះថ្នាក់នៃការឡើងកម្តៅផែនដីហើយលោកបានប្រាប់សមាជិកព្រឹទ្ធសភាថាជារឿងសំខាន់ដែលសហរដ្ឋអាមេរិកត្រូវរក្សាវត្តមានរបស់ខ្លួននៅតុពិភាក្សាអំពីបញ្ហាការផ្លាស់ប្តូរអាកាសធាតុ៕
ប្រែសម្រួលដោយ ជឹងប៉ូជីន