លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Rex Tillerson បាននិយាយថា ការព្រួយបារម្ភរបស់លោកប្រធានាធិបតី Donald Trump អំពីការផ្លាស់ប្ដូរទីតាំងស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីស្រាអែល ពីទីក្រុង Tel Aviv ទៅទីក្រុង Jerusalem អាចប៉ះពាល់ដល់ដំណើរការសន្តិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា។
លោក Tillerson បានបញ្ជាក់នៅក្នុងកម្មវិធី Meet the Press របស់ទូរទស្សន៍ NBC កាលពីថ្ងៃអាទិត្យម្សិលមិញយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា ភាគីពាក់ព័ន្ធនឹងការចរចាសន្តិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ានឹងប្រាប់ខ្ញុំម្ដងទៀត ហើយជាការពិតណាស់ យើងចង់ឃើញថាតើប្រទេសអ៊ីស្រាអែលយល់យ៉ាងណាចំពោះការផ្លាស់ប្ដូរទីតាំងស្ថានទូតសហរដ្ឋអាមេរិកនេះ ថាតើវាមានប្រយោជន៍ ឬក៏ប៉ះពាល់ដល់ដំណើរការសន្តិភាពនោះ»។
ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានមានប្រតិកម្មភ្លាមៗចំពោះបញ្ហានេះ។
ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា៖ «ការផ្លាស់ប្ដូរទីតាំងស្ថានទូតសហរដ្ឋអាមេរិកទៅទីក្រុង Jerusalem នឹងមិនប៉ះពាល់ដល់ដំណើរការសន្តិភាពនោះទេ។ វានឹងផ្ដល់ផលប្រយោជន៍ទៅវិញទេ»។
អ៊ីស្រាអែលបានភ្ជាប់ទីក្រុង Jerusalem ចូលមកក្នុងដែនដីរបស់ខ្លួន កាលពីឆ្នាំ ១៩៦៧ និងបានចាត់ទុកទីក្រុងទាំងមូលថាជារដ្ឋធានីដ៏ស្ថិតស្ថេរជានិរន្តរ៍របស់ខ្លួន។ កាលពីយូរមកហើយ អ៊ីស្រាអែលបានជំរុញបណ្ដាប្រទេសនានាឲ្យផ្លាស់ប្ដូរទីតាំងស្ថានទូតរបស់ពួកគេទៅកាន់ទីក្រុង Jerusalem។
ប៉ុន្តែ ពលរដ្ឋប៉ាឡេស្ទីនចង់បានតំបន់ភាគខាងកើតនៃទីក្រុង Jerusalem ធ្វើជារដ្ឋរបស់ពួកគេនៅថ្ងៃអនាគត ដូច្នេះហើយបានជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែលមានការស្ទាក់ស្ទើរក្នុងការផ្លាស់ប្ដូរទីតាំងស្ថានទូតរបស់ពួកគេទៅទីនោះ៕