ទីក្រុងឈីហ្គាហ្គូ រដ្ឋអ៊ីលីណយ — Thony គឺជាស្ត្រីខ្មែរម្នាក់ដែលជាគ្រូពេទ្យនៅប្រទេសហ្វីលីពីន ហើយនាងមានកូនប្រុសម្នាក់ឈ្មោះ Luca ដែលមានជំងឺប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត។ ដោយមិនមានជម្រើសព្យាបាលកូនប្រុសនៅប្រទេសហ្វីលីពីននាងបាននាំកូនមកស្វែងរកការព្យាបាលជំងឺនៅទីក្រុង Las Vegas សហរដ្ឋអាមេរិក។
ពីដំណើរស្វែងរកការព្យាបាលឲ្យកូនប្រុសរហូតក្លាយជាអ្នកសម្អាតអន្តោប្រវេសន៍ខុសច្បាប់ម្នាក់ Thony បានធ្លាក់ខ្លួនធ្វើការឲ្យក្រុមជនពាលដោយគ្មានជម្រើស ដើម្បីការពារជីវិតនាងនិងក្រុមគ្រួសាររបស់នាង។ នេះគឺជាសេចក្តីផ្តើមនៃដំណើរសាច់រឿងភាគអាមេរិក «The Cleaning Lady» ដែលត្រូវបានចាក់ផ្សាយតាមបណ្តាញទូរទស្សន៍អាមេរិក Fox ដ៏ធំបំផុតមួយ។
រឿងភាគថ្មីមួយនេះ មានលក្ខណៈពិសេសជាច្រើនចាប់តាំងពីមុនពេលការសម្តែង ថត និងផលិត នៅពេលដែលក្រុមអ្នកផលិតនិងដឹកនាំរឿងភាគនេះ បានសម្រេចយកអ្នកស្រី Elodie Yung ដែលជាតារាសម្តែងហូលីវូដខ្មែរបារាំង ធ្វើជាតួឯកសម្តែងជា Thony នៅក្នុងរឿងភាគនេះ។
អ្នកស្រី Miranda Kwok ផលិតករនិងអ្នកដឹកនាំរឿងម្នាក់សម្រាប់រឿងភាគ The Cleaning Lady នេះ បានប្រាប់ VOA នៅក្នុងបទសម្ភាសន៍តាមបណ្តាញ Zoom កាលពីខែកុម្ភៈថា រឿងរ៉ាវជីវិតរបស់តួអង្គThony ត្រូវបានផ្លាស់ប្តូរពីស្ត្រីហ្វីលីពីនដែលជាគ្រូពេទ្យទៅជាស្ត្រីខ្មែរដោយសារតែអត្តសញ្ញាណខ្មែររបស់តារាហូលីវូដគឺអ្នកស្រី Elodie Yung និងប្រវត្តិសាស្ត្រដ៏ជូរចត់របស់ប្រជាពលរដ្ឋកម្ពុជាដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍ខ្មែរក្រហម។
«ដំបូងឡើយតួអង្គនេះត្រូវបានកំណត់ថាជាជនជាតិហ្វីលីពីន។ នៅពេលដែលយើងជួប Elodie យើងដឹងថា យើងត្រូវតែយកនាងធ្វើជាតួឯក។ វាសំខាន់សម្រាប់យើងក្នុងការទទួលស្គាល់អត្តសញ្ញាណដើមជាខ្មែររបស់នាង ដោយមិនព្យាយាមបង្ខំឲ្យនាងដើរជាតួជនជាតិហ្វីលីពីន។ ហើយអ្វីដែលយើងបានសម្រេចធ្វើ គឺកែប្រែរឿងរ៉ាវប្រវត្តិកំណើតរបស់នាង ពីព្រោះយើងក៏ចង់រក្សាលក្ខណៈពិសេសនៃវប្បធម៌ខ្មែរ និងបង្ហាញពីបញ្ហាប្រឈមជាច្រើនដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់»។
អ្នកស្រី Miranda Kwok ក៏បានលើកឡើងថា ប្រវត្តិតស៊ូរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងអំឡុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ក៏ត្រូវបានបញ្ចូលទៅក្នុងអត្តចរិករបស់តួអង្គ Thony ផងដែរ ដោយបង្ហាញពីភាពអំណត់អត់ធ្មត់និងការតស៊ូជម្នះគ្រប់ឧបសគ្គ។
អ្នកស្រីថ្លែងថា៖ «ពីព្រោះវាជារឿងដ៏អកុសលនិងជាសោកនាដកម្មមួយ ដែលប្រជាពលរដ្ឋខ្មែរជាច្រើននាក់បានឆ្លងកាត់។ ដូច្នេះយើងចង់បង្ហាញរឿងនេះទៅក្នុងរឿងភាគរបស់យើង ហើយបង្ហាញភាពអំណត់អត់ធ្មត់របស់តួអង្ គThony នៅក្នុងសាច់រឿង ដូចជារឿងដែលម្តាយរបស់ Thony បានរួចរស់រានមានជីវិត ហើយ Thony អាចទទួលយកប្រវត្តិសាស្ត្រនៃប្រទេសកំណើតរបស់នាង ហើយនិងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាដែលខ្មែរក្រហមព្យាយាមសម្លាប់គ្រូពេទ្យឲ្យអស់ជាដើម»។
ហើយភាពអំណត់អត់ធ្មត់នេះ ក៏បានចាក់ឬសយ៉ាងជ្រៅនៅក្នុងគ្រួសាររបស់អ្នកស្រី Elodie Yung ដែលជាតារាសម្តែងហូលីវូដខ្មែរបារាំង និងដែលដើរតួសម្តែងសម្រាប់តួអង្គ Thony នៅក្នុងរឿងភាគThe Cleaning Lady នេះ។ អ្នកស្រី Elodie Yung មានឪពុកជាជនជាតិខ្មែរដែលបានរួចរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ លោកបានភៀសខ្លួនទៅរស់នៅប្រទេសបារាំង ហើយបានរៀបការជាមួយស្ត្រីជនជាតិបារាំង និងកសាងគ្រួសារនៅទីនោះ។
នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី The Nerds of Color កាលពីខែធ្នូ ឆ្នាំ ២០២១ អ្នកស្រី Elodie Yung បានថ្លែងថា៖ «ឪពុកខ្ញុំមានភាពរឹងមាំខាងផ្លូវចិត្តណាស់ ព្រោះគាត់មកពីកម្ពុជា ហើយគាត់បានរួចរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ រឿងនេះខ្ញុំពិតជាមិនសូវបានយកមកគិតឲ្យស៊ីជម្រៅនោះទេ។ តែខ្ញុំក៏គិតថា ជាទូទៅអ្នករស់រានមានជីវិតភាគច្រើនគឺមានភាពរឹងមាំផ្លូវចិត្ត និងភាពស្ងប់ក្នុងចិត្ត ដោយគិតតែពីជីវិតទៅថ្ងៃខាងមុខ មិនថាជួបរឿងអ្វីក៏ដោយ ព្រោះនេះហើយជាជីវិតពិត ព្រោះយើងត្រូវតែរស់។ ខ្ញុំពិតជាគិតថា ខ្ញុំមានចំណុចខ្លាំងនេះដោយមិនដឹងខ្លួន ដែលខ្ញុំបានបង្ហាញពេលសម្តែង ព្រោះតួអង្គ Thony ត្រូវតែតស៊ូដើម្បីរក្សាជីវិត ព្រោះនាងត្រូវបានគំរាមដោយក្រុមជនពាល ហើយសំខាន់ណាស់ដែលនាងត្រូវតែតស៊ូដើម្បីកូនប្រុសនាង»។
នៅពេលដែលអ្នកស្រី Elodie Yung ត្រូវបានជ្រើសរើសជាតួសម្តែងក្នុងរឿងភាគនេះ អ្នកស្រីត្រូវបានលើកទឹកចិត្តឲ្យបង្ហាញពីលក្ខណៈសម្បត្តិ អត្តសញ្ញាណនិងវប្បធម៌របស់ជនជាតិខ្មែរ។ នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី In Creative Company កាលពីខែមករាឆ្នាំ ២០២២ អ្នកស្រី Elodie Yung បានបញ្ជាក់ថា អ្នកស្រីបានចូលរួមយ៉ាងសកម្មជាមួយក្រុមអ្នកដឹកនាំនិងផលិតរឿងភាគនេះ ដោយផ្តល់ឈ្មោះខ្មែរដល់តួឯកក្នុងរឿងភាគនេះ បង្ហាញពីជំនឿប្រពៃណីខ្មែរដែលកាន់សាសនាព្រះពុទ្ធនៅក្នុងការរៀបចំឈុតឆាកសម្តែង និងសូរ្យសៀងនិយាយភាសាអង់គ្លេសបែបជនជាតិខ្មែរជាដើម។
អ្នកស្រីបានថ្លែងថា៖ «Thony ជាឈ្មោះរបស់មីងខ្ញុំ ដែលត្រូវជាបងប្អូនជីដូនមួយរបស់ឪពុកខ្ញុំ។ ខ្ញុំពិតជាចង់ឃើញរឿងនេះមានលក្ខណៈជាខ្មែរ ហើយចង់តំណាងឲ្យខ្មែរ។ ហើយខ្ញុំមានមោទនភាពលើអត្តសញ្ញាណរបស់ខ្ញុំមួយនេះ។ ខ្ញុំបានធំដឹងក្តីនៅប្រទេសបារាំង។ ឪពុកខ្ញុំជាខ្មែរ។ ខ្ញុំជិតស្និទ្ធិនឹងវប្បធម៌ខ្មែរខ្លាំងណាស់»។
អ្នកស្រី Elodie Yung បានចាត់ទុកការសម្រេចរបស់ក្រុមអ្នកផលិតនិងដឹកនាំសម្តែងដោយយកឈ្មោះ Thony មកប្រើនៅក្នុងរឿងភាគតាមការណែនាំរបស់អ្នកស្រី ថាជាឱកាសដ៏ពិសេសផ្ទាល់ខ្លួនមួយសម្រាប់អ្នកស្រីដែលកើតក្នុងគ្រួសារដែលមានឪពុកនិងសាច់ញាតិជាខ្មែរនៅប្រទេសបារាំង។
«នេះគឺជាឱកាសមួយសម្រាប់ខ្ញុំដើម្បីឲ្យកិត្តិយសដល់អត្តសញ្ញាណរបស់ខ្ញុំ និងដល់សមាជិកគ្រួសាររបស់ខ្ញុំ។ ដូច្នេះ យើងបានជ្រើសយកឈ្មោះ Thony ដែលជាឈ្មោះរបស់មីងខ្ញុំ ដែលត្រូវជាបងប្អូនជីដូនមួយរបស់ឪពុកខ្ញុំ។ គាត់ពិតជាសប្បាយចិត្ត ដែលឈ្មោះរបស់គាត់ត្រូវបានយកទៅប្រើក្នុងរឿងភាគចាក់តាមទូរទស្សន៍។ សមាជិកគ្រួសារខ្ញុំទាំងអស់គ្នាពិតជាមានមោទនភាពខ្លាំងមែនទែន»។
អ្នកស្រី Elodie Yung ក៏បានបញ្ជាក់ដែរថា វាសំខាន់ណាស់ដែលតួអង្គ Thony គោរពជំនឿសាសនាព្រោះនេះជាអត្តសញ្ញាណមួយរបស់ប្រជាពលរដ្ឋខ្មែរ។ អ្នកស្រីបានណែនាំឲ្យក្រុមអ្នកដឹកនាំនិងផលិតរឿង ដាក់រូបព្រះពុទ្ធមួយអង្គនៅលើតុតូចមួយនៅក្នុងផ្ទះរបស់តួអង្គ Thony និងកូនប្រុស Luca នៅក្នុងឆាកសម្តែងរឿងភាគ The Cleaning Lady នេះ។
អ្នកស្រីបានថ្លែងប្រាប់អ្នកសារព័ត៌មានរបស់កម្មវិធី In Creative Company ថា៖ «ដោយសារតែរឿងរ៉ាវដែលតួអង្គ Thony ត្រូវឆ្លងកាត់ ហើយដោយសារតែនាងជាខ្មែរ ខ្ញុំយល់ថា នាងមានជំនឿសាសនាខ្លាំង។ នៅតាមផ្ទះពលរដ្ឋខ្មែរនីមួយៗពួកគេតែងតែមានរូបព្រះពុទ្ធអង្គ ដែលធ្វើពីឈើ ហើយក្រុមការងារក៏រកបានរូបព្រះពុទ្ធមកតាំងក្នុងឆាកសម្តែង»។
ក្រៅពីផ្តល់ឈ្មោះខ្មែរដល់តួអង្គក្នុងរឿង និងការរៀបចំឆាកសម្តែងដែលបង្ហាញអត្តសញ្ញាណខ្មែរ អ្នកស្រី Elodie Yung ក៏ថែមទាំងព្យាយាមធ្វើយ៉ាងណា ឲ្យតួអង្គ Thony មានសំឡេងស្រដៀងនឹងជនជាតិខ្មែរនិយាយភាសាអង់គ្លេស ទោះបីជាអ្នកស្រីខ្លួនឯងផ្ទាល់ជាពលរដ្ឋបារាំងដើមកំណើតខ្មែរ ដែលនិយាយភាសាអង់គ្លេសបែបជនជាតិអង់គ្លេសកាត់បារាំងក៏ដោយ។
រឿងភាគ «The Cleaning Lady» នេះ ក៏ជារឿងភាគអាមេរិកាំងដំបូងគេបង្អស់នៅក្នុងប្រវត្តិនៃកម្មវិធីផ្សាយរឿងភាគរបស់បណ្តាញទូរទស្សន៍ Fox នៅសហរដ្ឋអាមេរិក ដែលមានតួសម្តែងភាគច្រើនជាតារាសម្តែងដែលមកពីសហគមន៍ជនជាតិភាគតិច ដូចជាខ្មែរ ហ្វីលីពីន និងម៉ិកស៊ិកជាដើម។
អ្នកស្រី Miranda Kwok អ្នកផលិតនិងដឹកនាំរឿងម្នាក់នៃរឿងភាគនេះ បានថ្លែងថា៖ «ខាងក្រុមហ៊ុនស្ទូឌីយ៉ោ និងខាងបណ្តាញទូរទស្សន៍ Fox និង Warner Brothers ពិតជាគាំទ្ររឿងភាគនេះតាំងពីដំបូងមក។ ពួកគេរំភើបចិត្តពីព្រោះនេះជារឿងភាគដំបូងគេបង្អស់ដែលបញ្ចូលរឿងរ៉ាវនិងលក្ខណៈពិសេសនៃសាច់រឿងដែលមានតួឯកជាជនជាតិសហគមន៍អាស៊ីអាគ្នេយ៍ និងដែលផ្តោតលើជីវិតគ្រួសារ នៅក្នុងរឿងភាគបែបរន្ធត់ដោយសារបទឧក្រិដ្ឋ នៅទីក្រុង Vegas»។
អ្នកផលិតនិងដឹកនាំរឿងដែលជាពលរដ្ឋកាណាដាដើមកំណើតអាស៊ីម្នាក់ដែរនោះ ក៏បានគូសបញ្ជាក់ផងដែរថា ការផលិតសាច់រឿងដែលផ្តោតលើសហគមន៍ជនជាតិភាគតិច ដូចជាសហគមន៍ជនជាតិអាស៊ីចាំបាច់នៅក្នុងសង្គមនាពេលបច្ចុប្បន្ននេះ ដែលកំពុងប្រឈមនឹងភាពរើសអើសលើជនជាតិភាគតិចកាន់តែខ្លាំងឡើងនៅទូទាំងពិភពលោក។
អ្នកស្រី Miranda Kwok បានថ្លែងថា៖ «រឿងភាគនេះ ចាក់ផ្សាយចំពេលដ៏ល្អជាទីបំផុត នៅពេលដែលយើងអាចព្យាយាមជួយឲ្យមនុស្សយល់ពីគ្នាទៅវិញទៅឲ្យប្រសើរជាងមុន ហើយដើម្បីបំផុសគំនិតសន្តោសប្រណៃឲ្យគ្នាទៅវិញទៅមក។ ពិតណាស់ រឿងភាគនេះបង្ហាញពីក្រុមពលរដ្ឋដែលជាទូទៅមិនត្រូវបានយកចិត្តទុកដាក់ ឬត្រូវបានរើសអើសក្នុងផ្លូវណាមួយ មកលើសហគមន៍ជនជាតិភាគតិចអាស៊ី ដើម្បីបង្ហាញថាពួកគេគឺជាមនុស្សធម្មតា ហើយបង្ហាញថា មនុស្សទូទៅឆ្លងកាត់រឿងរ៉ាវជីវិតស្រដៀងគ្នា»។
រដូវកាលទី ១ របស់រឿងភាគThe Cleaning Lady ត្រូវបានចាក់ផ្សាយនៅលើទូរទស្សន៍ Fox ហើយត្រូវបានបញ្ចប់ទៅកាលពីដើមខែមេសា។ ដោយទទួលបានការគាំទ្រច្រើននិងមានចំនួនអ្នកទស្សនាដោយផ្ទាល់ច្រើនលើសលុប រឿងភាគ The Cleaning Lady នេះត្រូវបានប្រកាសដោយបណ្តាញទូរទស្សន៍ Fox ថានឹងមានការផលិតរដូវកាលទី ២ ទៀត។
ហើយសម្រាប់អ្នកស្រី Elodie Yung នេះគឺជាសមិទ្ធផលដ៏ល្អប្រពៃមួយនៅក្នុងប្រវត្តិសម្តែងរបស់អ្នកស្រី និងជាមោទនភាពក្នុងនាមជាតារាហូលីវូដខ្មែរបារាំង។
អ្នកស្រីបានថ្លែងថា៖ «នេះជាលើកដំបូងបង្អស់ដែលខ្ញុំមានឱកាសសម្តែងជាតួខ្មែរ ដូច្នេះនេះគឺជាឱកាសដែលខ្ញុំពិតជាអាចតំណាងឲ្យអត្តសញ្ញាណរបស់ខ្ញុំ និងផ្តល់កិត្តិយសដល់ឪពុករបស់ខ្ញុំ ហើយបង្ហាញនៅលើកញ្ចក់ទូរទស្សន៍»។
តារាសម្តែងហូលីវូដខ្មែរបារាំងវ័យ ៤០ ឆ្នាំរូបនេះ បាននិងកំពុងរស់នៅក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលនៅរដ្ឋនេះមានពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ និងជនអន្តោប្រវេសន៍ខ្មែរច្រើនជាងគេបង្អស់រស់នៅ។ កាលពីប៉ុន្មានខែថ្មីៗនេះ គេក៏សង្កេតឃើញថា អ្នកស្រី Elodie Yung បានបង្ហាញខ្លួន និងចូលរួមសកម្មភាពនានាក្នុងចំណោមសហគមន៍ខ្មែរនៅទីនោះ ដូចជាចូលរួមពិព័រណ៌ «Angkor: The Lost Empire of Cambodia» ជាដើម។ អ្នកស្រីមានកូនស្រីម្នាក់អាយុជាង ៣ ឆ្នាំ ដែលមានឈ្មោះថា Minavann Yung Howard ជាមួយដៃគូដែលជាតារាសម្តែងជនជាតិអង់គ្លេសគឺលោក Jonathan Howard។
អ្នកស្រី Elodie Yung បានកើតនិងធំដឹងក្តីនៅតំបន់ទីប្រជុំជន Saint-Denis ភាគខាងជើងទីក្រុងប៉ារីស ប្រទេសបារាំង នៅក្នុងគ្រួសារដែលមានឪពុកជាជនជាតិខ្មែរ និងម្តាយជាជនជាតិបារាំង។ អ្នកស្រីបានបញ្ចប់ការសិក្សាផ្នែកច្បាប់ពីសាកលវិទ្យាល័យប៉ារីស(University of Paris)។ នៅក្នុងអំឡុងពេលសិក្សា អ្នកស្រី Elodie ត្រូវបានមិត្តភក្តិណែនាំឲ្យធ្វើជាតារាថតម៉ូតពាណិជ្ជកម្ម ដើម្បីរកប្រាក់ក្រៅម៉ោងសិក្សា។ ឱកាសថតស្ពតផ្សាយពាណិជ្ជកម្មបាននាំមកនូវឱកាសក្លាយជាតារាសម្តែងលើកដំបូងដល់អ្នកស្រី នៅក្នុងរឿងភាគបារាំងមួយដែលមានចំណងជើងថា La vie devant nous ដ៏ពេញនិយមមួយនៅប្រទេសបារាំង កាលពីឆ្នាំ ២០០២ នៅពេលអ្នកស្រីមានអាយុត្រឹមតែ ២០ ឆ្នាំប៉ុណ្ណោះ។
ក្រោយមក អ្នកស្រី Elodie Yung បានទទួលឱកាសសម្តែងក្នុងរឿងភាគ និងភាពយន្តជាច្រើន ដែលក្រោយមកបានជំរុញឲ្យអ្នកស្រីសម្រេចចិត្តចុះឈ្មោះចូលរៀនផ្នែកសិល្បៈសម្តែងនៅសាកលវិទ្យាល័យដ៏ល្បីមួយរបស់អង់គ្លេសគឺរដ្ឋបណ្ឌិតសភាទីក្រុងឡុងដ៍សម្រាប់តន្ត្រីនិងសិល្បៈសម្តែង (London Academy of Music and Dramatic Art) នៅពេលអ្នកស្រីមានអាយុ ២៩ ឆ្នាំ។
តារាសម្តែងហូលីវូដខ្មែរបារាំងរូបនេះ បានដើរតួសំខាន់ៗនៅក្នុងរឿងភាគនិងភាពយន្តខ្នាតធំល្បីល្បាញរបស់ហូលីវូដជាច្រើន ដូចជាភាពយន្ត Gods of Egypt, The Hitman's Bodyguards, ភាគទី ២ នៃភាពយន្ត Daredevil ភាពយន្ត The Defenders និងភាពយន្ត Secret Society of Second-Born Royals ហើយថ្មីៗនេះ នៅក្នុងរឿងភាគ The Cleaning Lady ដែលអ្នកស្រី Elodie Yung បានសម្តែងជាតួឯក៕