សមាជិកគណបក្សសង្រ្គោះជាតិនៅតាមមូលដ្ឋានដែលបាត់បង់តំណែងក្រោយគណបក្សត្រូវបានរំលាយចោលដោយតុលាការកំពូល អះអាងថា ពួកគេនៅតែចង់ឃើញដំណោះស្រាយនយោបាយរបស់ថ្នាក់ដឹកនាំកំពូលដើម្បីពួកគេអាចបន្តធ្វើនយោបាយឡើងវិញបាន។
គណបក្សសង្រ្គោះជាតិត្រូវបានរំលាយចោលដោយតុលាការកំពូល កាលពីខែវិច្ឆិកាឆ្នាំ២០១៧តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ។ ការរំលាយនេះនាំឲ្យគណបក្សប្រឆាំងដ៏ធំមួយនេះបាត់តំណែងរបស់សមាជិកនៅថ្នាក់ក្រោម ដែលមានសំឡេងប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា។ សមាជិកដែលមានតំណែងជាមេឃុំចៅសង្កាត់ ក្រុមប្រឹក្សាក្រុងរាជធានីខេត្តជាង៥ពាន់នាក់បាត់បង់តំណែងនេះ។ មិនតែប៉ុណ្ណោះ ពួកគេមួយចំនួនចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ អ្នកខ្លះប្រឈមពាក្យបណ្តឹង ការតាមដានពីអាជ្ញាធរនិងអ្នកខ្លះទៀតបានរត់គេចខ្លួនទៅក្រៅប្រទេស។
លោក ស៊ុន កុសល អតីតសមាជិកក្រុមប្រឹក្សាក្រុងបាត់ដំបង គណបក្សសង្រ្គោះជាតិថ្លែងប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា លោកកំពុងរង់ចាំមើលដំណោះស្រាយនយោបាយពីថ្នាក់ដឹកនាំកំពូល។
លោក កុសល អាយុ៤០ឆ្នាំ ដែលបច្ចុប្បន្នស៊ីឈ្នួលគេក្នុងផ្នែកកសិកម្មនិងសំណង់ មានប្រសាសន៍ថា ក្រោយបាត់បង់តំណែង លោកត្រូវបានបញ្ចុះបញ្ចូលឲ្យចុះចូលគណបក្សប្រជាជនកម្ពុជា ខណៈសកម្មភាពរបស់លោកត្រូវបានតាមដានដោយកម្លាំងអាជ្ញាធរផងដែរ។ លោកបន្តថា អវត្តមានគណបក្សប្រឆាំងនៅតាមមូលដ្ឋានធ្វើឲ្យតំបន់របស់លោកមិនមានភាពរីកចម្រើននោះទេ ដោយសារមិនមានសំឡេងបក្សប្រឆាំងក្នុងការតវ៉ានិងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ។
លោកមានប្រសាសន៍ថា៖ «វារឹតតែធ្ងន់ធ្ងរនៅពេលដែលគ្មានវត្តមានបក្សប្រឆាំងនៅថ្នាក់មូលដ្ឋាន នៅថ្នាក់ជាតិក្តី គឺវាមិនប្រសើរ។ វាមិនល្អប្រសើរ គឺថា យើងដើរថយក្រោយ»។
លោក ស៊ុន កុសល មានប្រសាសន៍ទៀតថា នៅពេលលោកធ្វើជាសមាជិកក្រុមប្រឹក្សាក្រុងបាត់ដំបង លោកទទួលបានពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរនិងផ្ទាល់មាត់ពីប្រជាពលរដ្ឋយ៉ាងតិច១០ក្នុងមួយខែ ដែលក្នុងនោះមានទាក់ទងនឹងទំនាស់ដីធ្លីផងដែរ។ លោកក៏មានការព្រួយបារម្ភអំពីអំពើពុករលួយដែលអាចកើតឡើង ដោយសារអវត្តមានគណបក្សប្រឆាំងក្នុងការតាមដាន ខណៈប្រជាពលរដ្ឋមិនហ៊ានបញ្ចេញយោបល់របស់ពួកគេ។
លោកមានប្រសាសន៍ថា៖ «ទោះបីអំពើពុករលួយកើតឡើងគាត់អត់ហ៊ានថា អត់ហ៊ាននិយាយព្រោះវាមានការគំរាមកំហែងអីផ្សេងៗ ឬក៏ការរឹតត្បិតមិនផ្តល់សេវា ជាថ្នូរនឹងថា កុំឲ្យគាត់កុំមាត់ ចាំធ្វើឲ្យអីអ៊ីចឹងទៅ»។
លោក ស៊ុន កុសល ដែលចាប់ផ្តើមជីវិតនយោបាយតាំងពីឆ្នាំ១៩៩៨ ឲ្យដឹងថា លោកនៅតែចង់ធ្វើនយោបាយជាមួយគណបក្សសង្រ្គោះជាតិ។
លោកមានប្រសាសន៍ថា៖ «មិនផ្លាស់ប្តូរទេបងសម្រាប់បំណងប្រាថ្នាខ្ញុំ។ បំណងប្រាថ្នាខ្ញុំនៅតែចង់បម្រើការងារនយោបាយដដែល មិនផ្លាស់ប្តូរទេពីព្រោះមានតែតាមរយៈនយោបាយទេ ដែលយើងអាចជួយលើកកម្ពស់ប្រជាពលរដ្ឋរបស់យើងបាន»។
ក្នុងការបោះឆ្នោតឃុំ-សង្កាត់កាលពីថ្ងៃទី៤ ខែមិថុនាឆ្នាំ២០១៧គណបក្សសង្គ្រោះជាតិដណ្ដើមបានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន៥០០៧ និងទទួលបានតំណែងជាមេឃុំ-ចៅសង្កាត់ចំនួន៤៨៩ ក្នុងចំណោម១.៦៤៦ឃុំសង្កាត់នៅទូទាំងប្រទេស។គណបក្សប្រឆាំងទទួលបានសំឡេងឆ្នោតគាំទ្រជាង៣លាននាក់។
លោកយិន ធាវី អាយុ៤០ឆ្នាំបានបាត់បង់តំណែងជាចៅសង្កាត់បាវិតក្នុងខេត្តស្វាយរៀងក្រោយគណបក្សត្រូវបានរំលាយចោល។ លោកមានប្រសាសន៍ថា លោកនៅចង់ធ្វើនយោបាយដដែល ហើយចង់ឲ្យគណបក្សសង្គ្រោះជាតិវិលត្រឡប់មកវិញ។លោកបន្តថា ការបាត់វត្តមានរបស់លោក និងក្រុមប្រឹក្សា៣រូបទៀតនៅក្នុងសង្កាត់ធ្វើឲ្យប្រជាពលរដ្ឋមិនហ៊ាននិយាយស្តី ហើយពួកគេមិនអាចរកអ្នកជួយដោះស្រាយបញ្ហារបស់ពួកគេបាននោះទេ។
លោកមានប្រសាសន៍ថា៖ «គាត់ហាក់បីដូចជាស្ងៀមស្ងាត់ដែរ។ គាត់មិនហ៊ានបញ្ចេញយោបល់ បញ្ចេញមតិអីទេ មិនហ៊ានទាមទារអីទេ។ប៉ុន្តែគ្រាន់តែថា ពេលខ្លះ យើងឃើញ ឮម្តងម្កាលដែរថា គាត់មានការសោកស្តាយជ្រើសរើសមេដឹកនាំក្នុងឃុំសង្កាត់ ក៏ដូចជាចៅសង្កាត់មួយស្របទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ តាមការបោះឆ្នោតដោយសេរីយុត្តិធម៌ហើយតែផ្ទុយទៅវិញត្រូវគេរំលាយ។គាត់ហាក់បីដូចជាបង្ហាញទឹកចិត្តសោកស្តាយដែរ»។
លោកជា ជីវ អតីតមន្ត្រីប្រតិបត្តិខេត្តបាត់ដំបងរបស់គណបក្សសង្រ្គោះជាតិ មានប្រសាសន៍ថា ការរំលាយគណបក្សសង្រ្គោះជាតិជារឿងមួយដែលមិនគួរឲ្យជឿ ដែលធ្វើឲ្យលោកបាត់បង់តំណែងជាសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង និងត្រូវកាត់សិទ្ធិធ្វើនយោបាយផងដែរ។លោក ជា ជីវ ដែលធ្លាប់ជាប់ពន្ធនាគារជិត១០ថ្ងៃ កាលពីខែវិច្ឆិកាឆ្នាំ២០១៩ ក្រោមបទចោទរួមគំនិតក្បត់ មានប្រសាសន៍ថា កំណើនគាំទ្ររបស់បក្សប្រឆាំងនៅតាមមូលដ្ឋានធ្វើឲ្យគណបក្សកាន់អំណាចខ្លាចចាញ់ការបោះឆ្នោត។
លោកបញ្ជាក់ថា៖ «ប៉ុន្តែពេលនេះ អត់មានសំឡេងបក្សប្រឆាំង ដែលជាកញ្ចក់ឆ្លុះបញ្ចាំងពីសកម្មភាពឬក៏ការអនុវត្តទេបាទ។ អ៊ីចឹងដូចជារបៀបជិះសេះលែងដៃ»។
លោក សំ សុគង់ មេធាវីការពារក្តីឲ្យមន្រ្តីគណបក្សប្រឆាំងដែលត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ អះអាងថាចាប់តាំងពីការរំលាយគណបក្សសង្រ្គោះជាតិ លោកបានការពារក្តីឲ្យមន្រ្តីគណបក្សនេះប្រមាណ១០០នាក់ ដែលក្នុងនោះមានការចាប់ខ្លួនដោយមានដីកាខ្លះនិងមិនមានដីកាខ្លះ។ ពួកគេត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ក្នុងយុទ្ធនាការមួយចំនួន ដូចជារឿងម្រាមដៃស្អាតមិនចូលរួមបោះឆ្នោត ហូបនំបញ្ចុក ជួបជុំគ្នានិងការត្រៀមទទួលលោកសម រង្ស៊ី ចូលប្រទេសវិញជាដើម។
បើតាមលោក សំ សុគង់បច្ចុប្បន្ននេះលោកកំពុងការពារក្តីឲ្យសកម្មជនគណបក្សសង្រ្គោះជាតិចំនួន១៦នាក់ទៀតដែលកំពុងជាប់ពន្ធនាគារហើយពួកគេត្រូវបានចោទប្រកាន់ថា រួមគំនិតក្បត់ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍និងញុះញង់មិនឲ្យយោធាស្តាប់បង្គាប់។
លោកមានប្រសាសន៍ថា៖ «ការចាប់ខ្លួនរបស់ពួកគាត់ហ្នឹងគឺវាពាក់ព័ន្ធនឹងហេតុផលនយោបាយ ច្រើនជាងពាក់ព័ន្ធហេតុផលច្បាប់»។លោកបន្ថែមថាការចាប់ខ្លួននេះគឺដើម្បីដាក់សម្ពាធពួកគាត់កុំឲ្យធ្វើនយោបាយបន្តទៀតជាមួយគណបក្សប្រឆាំង។
លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) មានប្រសាសន៍ថា ការចាប់ខ្លួន ការបំភិតបំភ័យ ការយាយីការចោទប្រកាន់ ដាក់ពន្ធនាគារ«គឺជាផ្នែកមួយនៃការប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីបំផ្លាញការគាំទ្រគណបក្សសង្រ្គោះជាតិតាមរយៈវិធានការគាបសង្កត់»។
លោកមានប្រសាសន៍ក្នុងអ៊ីម៉ែលមកVOAនៅថ្ងៃច័ន្ទនេះថា៖ «ជោគជ័យរបស់គណបក្សសង្រ្គោះជាតិក្នុងការបោះឆ្នោតឆ្នាំ២០១៧ជាការប្រឈមរបស់គណបក្សប្រជាជនកម្ពុជាក្នុងការគ្រប់គ្រងនៅតាមជនបទហើយវាជារឿងដែលមិនល្អនិងវាកាន់តែបង្ហាញច្បាស់ភ្លាមៗថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែននិងរដ្ឋាភិបាលផ្តាច់ការរបស់លោកនឹងមិនអនុញ្ញាតនោះទេ»។
លោក Phil Robertson បន្តថាសកម្មជនខ្លះរបស់បក្សប្រឆាំងក៏បានរត់គេចខ្លួនទៅប្រទេសថៃហើយស្វែងរកសិទ្ធិជ្រកកោនផងដែរ។
អ្នកនាំពាក្យគណបក្សកាន់អំណាចនិងជាសមាជិកព្រឹទ្ធសភា លោក សុខ ឥសានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាមានសំឡេងច្រើនជាងគណបក្សសង្រ្គោះជាតិ ដូច្នេះការលើកឡើងថា គណបក្សប្រជាជនកម្ពុជាខ្លាចបក្សប្រឆាំងនោះគឺមិនត្រឹមត្រូវនោះទេ។ លោកបញ្ជាក់ថា រាល់ចំណាត់ការផ្លូវច្បាប់លើគណបក្សសង្រ្គោះជាតិ និងការចាប់ខ្លួនមន្រ្តីបក្សប្រឆាំងគឺជាការអនុវត្តច្បាប់តែប៉ុណ្ណោះ។
លោកថ្លែងប្រាប់VOAថា៖ «អ៊ីចឹងទេ កុំនិយាយអំពីរឿងថាខ្លាច។និយាយពីរឿងយើងធ្វើខុសច្បាប់ ដែលត្រូវឲ្យមានពិរុទ្ធភាពធ្វើឲ្យតុលាការគេកាត់រំលាយចោល។អាហ្នឹងត្រូវមើលខ្លួនឯង កុំមកបន្ទោសគេ។ អាហ្នឹងកុំឲ្យថា ជាងមិនកើតទៅបន្ទោសដែក។ អាហ្នឹង វាអត់ត្រូវទេ»។
លោកបន្តថា ការធ្វើសកម្មភាពគាំទ្រគណបក្សសង្រ្គោះជាតិគឺខុសច្បាប់តែបើការគាំទ្រជាស្មារតីមិនមានបញ្ហាអ្វីនោះទេ។
អ្នកនាំពាក្យរូបនោះលើកឡើងទៀតថា លទ្ធភាពនៃការចរចានយោបាយមិនមាននោះទេ ហើយលោកអំពាវនាវកុំឲ្យមន្រ្តីបក្សប្រឆាំងនៅថ្នាក់ក្រោមរង់ចាំការរស់ឡើងវិញរបស់គណបក្សសង្រ្គោះជាតិនិងកុំគិតថា អាចទទួលតំណែងរបស់ខ្លួនវិញនោះ៕