ពលរដ្ឋខ្មែរ៣នាក់ដែលជាអ្នកធ្វើដំណើរមកពីប្រទេសចិននិងជប៉ុន ត្រូវបានធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ ដោយធ្វើឱ្យចំនួនអ្នកឆ្លងជំងឺនេះសរុបក្នុងប្រទេសកម្ពុជា កើនដល់៣២៩នាក់ហើយគិតត្រឹមថ្ងៃពុធនេះ។
ក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃទី២ខែធ្នូថា អ្នកឆ្លងជំងឺកូវីដ១៩ចុងក្រោយបំផុតនេះគឺជាស្ត្រីអាយុ៣៥ឆ្នាំ រស់នៅស្រុកទឹកឈូខេត្តកំពត ដែលបានធ្វើដំណើរត្រឡប់ពីប្រទេសចិនមកដល់កម្ពុជានៅថ្ងៃទី១៨ខែវិច្ឆិកា។
ចំណែក អ្នកឆ្លងពីរនាក់ទៀតគឺជាបុរសអាយុ២៦ឆ្នាំ រស់នៅស្រុកដងទង់ខេត្តកំពត និងម្នាក់ទៀតអាយុ៤៦ឆ្នាំរស់នៅខេត្តកណ្តាល ដែលអ្នកទាំងពីរបានធ្វើដំណើរពីប្រទេសជប៉ុនដោយបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជានៅថ្ងៃទី១៨ ខែវិច្ឆិកាដូចគ្នា។
បច្ចុប្បន្ន អ្នកទាំង៣ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ ក្នុងរាជធានីភ្នំពេញ។
ក្រោយពីមានការឆ្លងជំងឺកូវីដ១៩ចូលក្នុងសហគមន៍ជាលើកដំបូងក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី២៨ ខែវិច្ឆិកាក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺនេះចំនួន១៧នាក់រួមទាំងទារកអាយុ៧ខែម្នាក់ផង ប៉ុន្តែមិនពាក់ព័ន្ធនឹងអ្នកឆ្លងចុងក្រោយគេបង្អស់ដែលជាអ្នកធ្វើដំណើរមកពីក្រៅប្រទេសទាំង៣នាក់នេះទេ។
កម្ពុជាមិនទាន់មានរបាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នេះនៅឡើយទេ។ គិតត្រឹមថ្ងៃទី២ខែធ្នូ នៅមានអ្នកឆ្លងជំងឺនេះ២០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនិង៥នាក់ទៀតកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ ក្នុងរាជធានីភ្នំពេញ៕