ការធ្វើអត្តឃាតរបស់មនុស្សបីនាក់ ដែលជាប់ទាក់ទងទៅនឹងការបាញ់ប្រហារនៅតាមសាលារៀននៅក្នុងសហរដ្ឋអាមេរិក ក្នុងអំឡុងពេលតែជាងមួយសប្តាហ៍ បាននាំឲ្យមានសំណួរថា តើការធ្វើអត្តឃាតមួយអាចនឹងជំរុញឲ្យមានការធ្វើអត្តឃាតផ្សេងៗទៀត ឬ ក៏ការធ្វើអត្តឃាតណាមួយ អាចត្រូវរារាំងបាន។
សិស្សពីរនាក់ពីវិទ្យាល័យមួយនៅក្នុងរដ្ឋ Florida ដែលជាទីកន្លែងដែលខ្មាន់កាំភ្លើងម្នាក់ បានបាញ់សម្លាប់សិស្សចំនួន ១៧នាក់ កាលពីឆ្នាំមុន បានបញ្ចប់ជីវិតរបស់ពួកគេ តែមុនក្រោយគ្នាមួយសប្តាហ៍នៅក្នុងខែ មីនានេះ ហើយអ្នកបន្ទាប់ ដែលធ្វើអត្តឃាតនោះ គឺឪពុករបស់កូនសិស្សម្នាក់ក្នុងចំណោមសិស្ស ២០នាក់ ដែលបានសម្លាប់ក្នុងការបាញ់ប្រហារ នៅសាលារៀនបឋមសិក្សាមួយនៅក្នុងរដ្ឋ Connecticut។
អ្នកជំនាញម្នាក់បានប្រាប់ VOA ថា ការស្លាប់ដោយកាំភ្លើង និងការធ្វើអត្តឃាត គឺជាផ្នែកដ៏ធំមួយនៃវិបត្តិសុខភាពនៅក្នុងសហរដ្ឋអាមេរិក។
អស់រយៈពេល ១ឆ្នាំ ១ខែ មកហើយ បន្ទាប់ពីការបាញ់ប្រហារនៅវិទ្យាល័យមួយនៅក្នុងក្រុង Parkland ក្នុងរដ្ឋ Florida ក៏ប៉ុន្តែ របួសផ្លូវចិត្តដែលបណ្តាលមកពីការបាញ់សម្លាប់នោះ នៅមិនទាន់ជាសះស្បើយនៅឡើយទេ។
នៅថ្ងៃទី១៧ ខែមីនា កន្លងទៅនេះ អតីតសិស្សឈ្មោះ Sydney Aiello ត្រូវបានគេរាយការណ៍ថា ស្លាប់ដោយការធ្វើអត្តឃាត។ ឪពុកម្តាយរបស់នាង Sydney បាននិយាយថា នាងបានទទួលរងការឈឺចាប់ដោយសារថា នាងបានរស់រានមានជីវិត តែអ្នកដទៃទៀត បានស្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហារនោះ ហើយនៅមុនពេលនាងសម្លាប់ខ្លួន នាងត្រូវបានពិនិត្យឃើញថា មានជំងឺបាក់ស្បាតយ៉ាងធ្ងន់ធ្ងរ (PTSD) ដែលបណ្តាលមកពីភាពភ័យរន្ធត់ ដោយការបាញ់ប្រហារនោះ។
តែប៉ុន្មានថ្ងៃក្រោយពីនាង Sydney បានធ្វើអត្តឃាត អ្នករស់រានមានជីវិតពីការបាញ់ប្រហារនៅ Parkland ម្នាក់ទៀតក៏បានស្លាប់ដោយការធ្វើអត្តឃាតផងដែរ។ នៅថ្ងៃច័ន្ទទី២៥ ខែមីនា កន្លងទៅនេះ ឳពុករបស់ក្មេងស្រីម្នាក់ ដែលបានស្លាប់ក្នុងការបាញ់ប្រហារនៅសាលាបឋមសិក្សាក្នុងរដ្ឋ Connecticut កាលពីឆ្នាំ ២០១២ នោះ ត្រូវបានគេរកឃើញថា ស្លាប់ដោយធ្វើអត្តឃាតនៅក្នុងការិយាល័យរបស់លោក។
លោកស្រី Gail Saltz ដែលជាសាស្ត្រាចារ្យផ្នែកចិត្តសាស្រ្តប្រចាំនៅមន្ទីរពេទ្យ New York Presbyterian បាននិយាយថា៖
«មនុស្សជាច្រើនដែលបានឆ្លងកាត់ ហេតុការណ៍អាក្រក់ដែលធ្វើឲ្យប៉ះទង្គិចដល់ផ្លូវចិត្តរបស់ពួកគេ អាចមានជំងឺបាក់ស្បាត។ ហើយរឿងដ៏គួរឲ្យសោកសៅនោះ គឺការធ្វើអត្តឃាតអាចបណ្តាលមកពីជំងឺបាក់ស្បាត ដែលពួកគេកំពុងតែមាននោះ»។
លោកស្រីសាស្រ្តាចារ្យ Gail Saltz មានប្រសាសន៍បន្តទៀតថា មនុស្សណាម្នាក់ដែលបានជួបប្រទះបញ្ហាផ្លូវចិត្តដ៏ធ្ងន់ធ្ងរ បានឃើញមនុស្សផ្សេងទៀតដែលបានឆ្លងកាត់បញ្ហាដូចខ្លួន បានជ្រើសយកការសម្លាប់ខ្លួននោះ អាចនឹងជំរុញឲ្យអ្នកនោះឯង ជ្រើសយកវិធីសម្លាប់ខ្លួនដែរ។
លោកស្រី Gail Saltz បានថ្លែងទៀតថា៖
«វាកើតឡើងចំពោះអ្នកដែលធ្លាប់មានបំណងសម្លាប់ខ្លួនពីមុនមក»។
លោកស្រី Saltz បានប្រាប់ VOA ថា វាមានសារៈសំខាន់ណាស់ក្នុងការផ្តល់នូវការគាំទ្រជាបន្ទាន់ និងជាបន្តបន្ទាប់ទៅដល់អ្នកទាំងឡាយ ដែលបានទទួលរងការប៉ះទង្គិចផ្លូវចិត្តដ៏រន្ធត់។ សហគមន៍គួរតែតាមដានឲ្យដិតដល់និងការពារពួកគេ ហើយស្ថាប័នសារព័ត៌មាននានាគួរតែសង្កត់ធ្ងន់ទៅលើថាតើ ការធ្វើអត្តឃាតមានផលប៉ះពាល់អ្វីខ្លះដល់សហគមន៍របស់បុគ្គលដែលបានស្លាប់នោះ។
លោកស្រីបានបន្តទៀតថា៖
«យើងចង់និយាយអំពី ថាតើវាអាក្រក់យ៉ាងណាសម្រាប់ជនរងគ្រោះនិងគួរឲ្យខ្លាចយ៉ាងណាសម្រាប់គ្រួសាររបស់ពួកគេ។ វាគួរឲ្យខ្លាចណាស់សម្រាប់មិត្តភក្តិនិងសហគមន៍របស់ពួកគេទាំងមូល។ វាមានផលប៉ះពាល់យ៉ាងពិតប្រាកដ ដូច្នេះហើយអ្នកស្តាប់ដែលប្រហែលជាកំពុងតែគិតពីការសម្លាប់ខ្លួននឹងយល់ថា បញ្ហានេះនឹងមានមនុស្សយកចិត្តទុកដាក់និងព្រួយបារម្ភ។ ហើយក៏យល់ផងដែរថា ការសម្លាប់ខ្លួននឹងមិនមានអ្វីល្អនោះទេ»។
លោកស្រីសាស្រា្តចារ្យ Saltz និយាយថា ការស្លាប់ដោយការធ្វើអត្តឃាតបានកើនឡើងនៅក្នុងសហរដ្ឋអាមេរិក ហើយភាគច្រើននៃការស្លាប់នោះគឺដោយប្រើកាំភ្លើង។
លោកស្រីបានបន្តទៀតថា៖
«ជាលើកដំបូងហើយក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ដែលយើងបានឃើញថា អាយុមធ្យមរបស់មនុស្សនៅក្នុងសហរដ្ឋអាមេរិកមានការធ្លាក់ចុះ ហើយមូលហេតុគឺមកពីការធ្វើអត្តឃាត និងការស្លាប់ដោយប្រើប្រាស់គ្រឿងញៀន។ វាពិបាកនឹងនិយាយថា តើមានមនុស្សចំនួនប៉ុន្មាននាក់ ដែលបានស្លាប់ដោយការប្រើប្រាស់គ្រឿងញៀន ហើយនិងប៉ុន្មានដោយសារការធ្វើអត្តឃាត»។
បន្ទាប់ពីមានអ្នករស់រានមានជីវិតពីការបាញ់ប្រហារនៅក្រុង Parkland បានស្លាប់ដោយសារការធ្វើអត្តឃាត ប្រធានផ្នែកសង្គ្រោះបន្ទាន់នៃរដ្ឋ Florida បានអំពាវនាវអង្គនីតិបញ្ញតិ្តរបស់រដ្ឋ Florida ឲ្យមានការផ្តល់ធនធានផ្នែកសុខភាពផ្លូវចិត្តបន្ថែមទៀតដល់សហគមន៍នៃវិទ្យាល័យ ដែលត្រូវបានខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់សិស្សចំនួន ១៧នាក់ ក្នុងខែកុម្ភៈ កាលពីឆ្នាំមុន៕
ប្រែសម្រួលដោយ លី វួចនា