កាលពីសម័យអង្គរ ដំបូងគេធ្វើគ្រឿងឆ្នាំងក្អមសម្រាប់ព្រះមហាក្សត្រ តែជំនាញនេះបានថយចុះឥទ្ធិពលរបស់ខ្លួនច្រើនសតវត្សរ៍ក្រោយមក។ ដើម្បីលើកស្ទួយជំនាញនេះឡើងវិញ អង្គការរបស់ជប៉ុនមិនរកកម្រៃមួយកំពុងរួមជាមួយអ្នកធ្វើក្អមឆ្នាំងក្នុងមូលដ្ឋាន ដើម្បីបង្កើនបច្ចេកទេស និងប្រាក់ចំណូលសម្រាប់ពួកគេ។
ពីមុន គេតែងឃើញរទេះគោដឹកឆ្នាំងដីពេញរទេះលក់នៅតាមផ្លូវរដាក់រដុបនៅប្រទេសកម្ពុជា។ ឆ្នាំងដីនេះធ្វើនៅខេត្តកំពង់ឆ្នាំង ប្រហែល៩០គ.ម.ខាងជើងភ្នំពេញ។ ឈ្មោះខេត្តកំពង់ឆាំ្នងអាចបញ្ជាក់ថា ជាកន្លែងធ្វើឆ្នាំង។
តែប៉ុន្មានឆ្នាំថ្មីៗនេះ រទេះលក់ឆ្នាំងមិនសូវមានទេ ព្រោះមុខរបរនេះធ្លាក់ចុះ។ ការអភិវឌ្ឍសេដ្ឋកិច្ចថ្មីៗនៅកម្ពុជាធ្វើឲ្យមនុស្សវ័យក្មេងនៅជនបទមករកការធ្វើនៅទីក្រុង។ ដូច្នេះមានមនុស្សតិចតួចរកស៊ីធ្វើឆ្នាំង។
ឆ្នាំងដីមិនភ្លឺរលោង ហើយងាយបែក ដូច្នេះវាថោក ហើយអ្នកធ្វើក៏បានកម្រៃតិចដែរ។
ពិព័រណ៍នៅមជ្ឈមណ្ឌល «សិល្បៈខ្មែរអមតៈ»នៅភ្នំពេញនេះគឺជាផ្នែកមួយនៃការប្រឹងប្រែងអភិរក្សប្រពៃណីធ្វើឆ្នាំងក្អម ដោយអភិវឌ្ឍបច្ចេកទេសផលិតនិងរកទីផ្សារថ្មី។
បច្ចេកទេសគួបផ្សំនឹងការធ្វើតាមប្រពៃណីធ្វើឆ្នាំងដីរលោង ហើយមានរចនាផ្សេងៗ។
អ្នកស្រី Marison Gommard នាយកទំនាក់ទំនងរបស់«សិល្បៈខ្មែរអមតៈ»និយាយថា៖
«ពិព័រណ៍នេះយើងចង់បង្ហាញគម្រោងដែលធ្វើជាមួយសហគមន៍នៅខេត្តកំពង់ឆ្នាំងដើម្បីធ្វើតាមប្រពៃណីរបស់គេ។ ប៉ុន្តែយើងបន្ថែមបច្ចេកទេសថ្មី។ យើងធ្វើការជាមួយគេ ដើម្បីធ្វើក្អមឆ្នាំងទាន់សម័យ សម្រាប់ទីផ្សារទំនើប»។
ក្នុងឆ្នាំ២០០៩ គម្រោងប្រពៃណីក្អមឆ្នាំងកម្ពុជាចាប់ផ្តើមនៅខេត្តកំពង់ឆ្នាំង ជាគម្រោងរបស់អង្គការរបស់ជប៉ុនមិនយកកម្រៃ ហើយឧបត្ថម្ភដោយមូលនិធិ Nippon។
លោក Hiroshi Ake អ្នកសម្របសម្រួលគម្រោងនិយាយថា៖
«គម្រោងរបស់យើងមានគោលបំណងពីរ។ ទីមួយគឺធ្វើឲ្យវប្បធម៌សម័យអង្គររស់ឡើងវិញ។ ពីមុនមានវិធីធ្វើក្អមឆ្នាំងរលោងៗនៅកម្ពុជា តែវាបាត់បង់ ពេលអាណាចក្រអង្គរដួលរលំ។ យើងចង់ធ្វើឲ្យជំនាញធ្វើក្អមឆ្នាំងភ្លឺរលោងនេះមានជីវិតឡើងវិញ ក្នុងពេលជាមួយគ្នា ដែលយើងបញ្ចូលបច្ចេកវិជ្ជា និងរចនាបទថ្មី ទំនើប។ នេះជាគោលបំណងទីមួយ ហើយគោលបំណងទីពីរគឺបង្កើនប្រាក់ចំណូលសម្រាប់អ្នកធ្វើក្អមឆ្នាំង»។
បច្ចេកទេសធ្វើក្អមឆ្នាំងខ្មែរបាត់បង់នៅពេលមានអាណាចក្រខ្មែរធ្លាក់ចុះរវាងសតវត្សរ៍ទី៩ និងសតវត្សរ៍ទី១៥។
ហេតុនេះហើយបានជាគម្រោងនេះប្រើបច្ចេកទេសធ្វើក្អមឆ្នាំងរបស់ជប៉ុន នៅ Mashiko ជាទីក្រុងនៅ Tochigi Prefecture ដែលល្បីខាងជំនាញធ្វើក្អមឆ្នាំង។
ធ្វើឆ្នាំងគឺដូចធ្វើនំអញ្ចឹង ដែលត្រូវមានគ្រឿងផ្សំល្អ។
នៅភូមិអណ្តូងឫស្សីនេះល្បីថា មានដីឥដ្ឋធ្វើក្អមឆ្នាំងល្អបំផុតនៅកម្ពុជា។ ការលាយដីឥដ្ឋស ដីឥដ្ឋខ្មៅ ទឹកនិងគ្រឿងផ្សំផ្សេងនោះត្រូវមានរូបមន្តច្បាស់លាស់។ បន្ទាប់មក គេលុញវាឲ្យអស់ខ្យល់ក្នុងល្បាយ ហើយធ្វើឲ្យមានសំណើមស្មើ។ ពីដើម គេដាក់វានៅលើតុ ហើយប្រើដៃធ្វើគ្រឿងក្អមឆ្នាំង ដែលមានកន្លែងខ្លះក្រាស់ កន្លែងខ្លះស្តើង ដែលនាំឲ្យងាយបែក។
តែឥឡូវគេប្រើវិធីបង្វិល ដែលជួយឲ្យផលិតបានលឿន និងមានគុណភាពល្អ។ បច្ចុប្បន្ន គម្រោងនេះមានបុគ្គលិកក្នុងស្រុក១០នាក់ ដែលមានប្រវត្តិទាក់ទងនឹងការធ្វើក្អមឆ្នាំងនៅកម្ពុជា។
អ្នកស្រីអន អារ៉ានិយាយថា៖
«ធ្វើក្អមឆ្នាំងហ្នឹងចេះតៗគ្នាមក។ ខ្ញុំក៏ធ្លាប់បានរៀន។ ឪពុកម្តាយ ខ្ញុំគាត់អត់ចេះទេ។ តែខ្ញុំរៀនពីអុំ អ្នកជិតខាងអី អញ្ចឹងទៅណា៎។ ដល់ពេលចេះហើយធ្វើលក់បានបន្តិចបន្តួច ព្រោះវាពិបាក ព្រោះយើងធ្វើយឺតណា៎»។
ក្នុងដំណាក់កាលផលិត គ្រឿងផ្សំរលោង ដែលធ្វើពីបន្សំរវាងកម្ទេចថ្ម និងទឹក ត្រូវគេប្រើពាសដើម្បីកុំឲ្យវាជ្រាបទឹក។ ពីមុន គេដុតក្អមឆ្នាំងក្នុងរណ្តៅគុបភ្លើងក្នុងសីតុណ្ហភាព៨៥០អង្សាសេ មិនក្តៅគ្រប់គ្រាន់ទេ ដូច្នេះវាងាយបែក។ ឥឡូវគេធ្វើឡដុតវាដល់កំដៅប្រហែល១២៥០អង្សាសេ។ ដូច្នេះវាធ្វើឲ្យក្អមឆ្នាំងរឹង ហើយល្អជាង។
រហូតដល់ពេលនេះ ការប្រឹងប្រែងនេះបានលទ្ធផលហើយ ហើយក្រុមហ៊ុនកំពុងប្រឹងប្រែងឆ្លើយតបនឹងការបញ្ជាទិញ។
លោក Ake និយាយថា៖
«ហាងលក់ទំនិញធំមួយរបស់ជប៉ុនបើកនៅភ្នំពេញ ហើយយើងទទួលការបញ្ជាទិញយ៉ាងច្រើនពីភោជនីយដ្ឋាននានានៅទីនោះ។ យើងរវល់ណាស់ថ្មីៗនេះ ដោយសារការបញ្ជាទិញច្រើន។ តែទីផ្សាររបស់យើងមិនមែនតែនៅភ្នំពេញ ឬកម្ពុជាទេ យើងសង្ឃឹមថា នឹងនាំចេញទៅលក់នៅជប៉ុន អាស៊ី អឺរ៉ុបទៀត»។
អង្គការគម្រោងធ្វើក្អមឆ្នាំងប្រពៃណីខ្មែរនេះគ្រោងបញ្ចប់នៅឆ្នាំ២០១៥។ បន្ទាប់មក អង្គការនេះប្រគល់មុខរបរនេះឲ្យបុគ្គលិកគ្រប់គ្រងដោយខ្លួនឯង។
បើទទួលបានជោគជ័យ ក្អមឆ្នាំងប្រពៃណីខ្មែរបុរាណនឹងមានអនាគតភ្លឺស្វាង៕
លោកពិន ស៊ីសុវណ្ណប្រែសម្រួល