អស់រយៈពេលជាច្រើនឆ្នាំ មហាក្រុមហ៊ុនថាមពលរបស់អាមេរិកមួយនេះ បានជីកអណ្ដូងប្រេងនៅក្នុងសមុទ្រវៀតណាម ក្បែរសមុទ្រចិនខាងត្បូង ដែលអណ្ដូងប្រេងបម្រុងនៅក្រៅប្រទេសរបស់ក្រុមហ៊ុននេះស្ថិតនៅក្នុងតំបន់ជម្លោះដែលទាមទារជាន់គ្នាដោយប្រទេសវៀតណាមនិងចិន។
កាលពីដើមខែធ្នូ នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន ExxonMobil បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung។ អ្នកទាំងពីរបានលើកឡើងពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ នៅក្នុងគម្រោងរុករកប្រេងនៅក្នុងប្រទេសវៀតណាម។ ក្រុមហ៊ុន ExxonMobil ក៏បង្ហាញពីចំណាប់អារម្មណ៍បន្តការអភិវឌ្ឍអណ្ដូងឧស្ម័ន Ca Voi Xanh។
ប្រទេសចិនបានព្រមានក្រុមហ៊ុនថាមពលបរទេសនានា អំពីការរុករកប្រេងនៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។
លោក Alex Ward នាយករងនៃមជ្ឈមណ្ឌល Brent Scowcroft ទទួលបន្ទុកខាងសន្តិសុខអន្តរជាតិរបស់ក្រុមប្រឹក្សាមហាសមុទ្រអាត្លង់ទិចបានថ្លែងប្រាប់ VOAថា៖ «លោក Tillerson នឹងត្រូវធានាដល់ប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជាកូរ៉េខាងត្បូងនិងជប៉ុន ស្របពេលដែលសហរដ្ឋអាមេរិកធ្វើការដើម្បីបញ្ឈប់ជម្លោះធំៗ ជាពិសេសជាមួយប្រទេសចិននិងកូរ៉េខាងជើង។
ការប្រកួតប្រជែងដើម្បីគ្រប់គ្រងលើធនធានថាមពលដ៏មានសក្ដានុពល និងផ្លូវទឹកដ៏សំខាន់សម្រាប់ការដឹកជញ្ជូនថាមពលឆ្លងកាត់សមុទ្រចិនខាងត្បូង ត្រូវបានគេចាត់ទុកថាជាកត្តាសំខាន់ដែលបង្កើនជម្លោះដែនសមុទ្រ។
បើទោះបីជាសហរដ្ឋអាមេរិកមិនមែនជាប្រទេសដែលទាមទារអធិបតេយ្យភាពដែនទឹកលើប្រជុំកោះមានជម្លោះក្នុងសមុទ្រចិនខាងត្បូងក៏ដោយ ក៏រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានឲ្យដឹងថា វាមានសារសំខាន់ដល់ផលប្រយោជន៍ជាតិរបស់អាមេរិក នៅពេលដែលប្រទេសទាមទារយកដែនទឹកទាំងនោះ ទាមទារដោយសន្តិវិធី។
លោក Peter Dutton នាយកវិទ្យាស្ថានសិក្សាអំពីសមុទ្រចិន នៃមហាវិទ្យាល័យសង្គ្រាមជើងទឹកអាមេរិកនិយាយថា៖ «ការវិនិយោគលើពាណិជ្ជកម្មរបស់អាមេរិក និងផលប្រយោជន៍សេដ្ឋកិច្ចផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ ពឹងផ្អែកលើវត្តមានសន្តិសុខរបស់អាមេរិកនៅទីនោះ»។ លោក Dutton បានតស៊ូមតិដើម្បីសេរីភាពនៃប្រតិបត្តិការនាវាជើងទឹករបស់អាមេរិកនៅក្នុងសមុទ្រចិនខាងត្បូង។
លោកDutton ប្រាប់ VOAថា៖ «ការរក្សាទំនាក់ទំនងសេដ្ឋកិច្ចនិងឥទ្ធិពលនយោបាយរបស់អាមេរិកនៅក្នុងតំបន់ នឹងក្លាយជាភារកិច្ចដ៏លំបាកមួយដែលទាមទារឲ្យមានការគាំទ្រពីប្រទេសសម្ព័ន្ធមិត្តយូរអង្វែងនានា»។
យោងតាមរបាយការណ៍ហិរញ្ញវត្ថុនិងប្រតិបត្តិការរបស់ក្រុមហ៊ុនExxonMobilប្រចាំឆ្នាំ២០១៥ បានឲ្យដឹងថា ប្រហែល២០%នៃសមត្ថភាពចម្រាញ់ប្រេងទូទាំងពិភពលោករបស់ក្រុមហ៊ុន ExxonMobil គឺស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមបញ្ចូលទាំងរោងចក្រនៅប្រទេសអូស្ត្រាលី ចិន សិង្ហបុរី និងថៃផងដែរ។
ប៉ុន្តែការតែងតាំងលោក Tillerson និងភាពជាប់ទាក់ទងរបស់ក្រុមហ៊ុនលោកក្នុងទ្វីបអាស៊ី បានធ្វើឲ្យមានប្រតិកម្មផ្សេងគ្នា ពីក្រុមអ្នកវិភាគ និងសកម្មជនបរិស្ថាន។
លោក Harry Kazianis នៃមជ្ឈមណ្ឌលសម្រាប់ផលប្រយោជន៍ជាតិ និយាយថា៖ «លោកត្រាំ បានជ្រើសរើសបុគ្គលដែលធ្វើការតឹងរ៉ឹងលើគោលនយោបាយអាស៊ី នៅពេលសំដៅដល់ប្រទេសចិន។ លោក Tillerson ដែលមានក្រុមហ៊ុនអណ្ដូងប្រេងនៅក្នុងសមុទ្រចិនខាងត្បូង ក្នុងភាពជាដៃគូជាមួយប្រទេសវៀតណាម ដែលបានធ្វើឲ្យប្រទេសចិនមានការខឹងសម្បា គឺឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការផ្លាស់ប្ដូរនេះ»។
អង្គការតស៊ូមតិដើម្បីអភិរក្សមហាសមុទ្រ ឈ្មោះថា Oceana បានបង្ហាញក្តីបារម្ភអំពីការតែងតាំងលោក Tillerson។
លោក Jacqueline Savitz ជាអនុប្រធានអង្គការ Oceana សម្រាប់សហរដ្ឋអាមេរិកនិយាយថា៖ «វាមិនអាចទៅរួចទេដែលការដឹកនាំរបស់លោក Tillerson អាចផ្លាស់ប្ដូរទិសដៅនៃកិច្ចប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ»។
អ្នកជំនាញមួយចំនួននិយាយថា គេអាចនឹងពិនិត្យមើលគោលនយោបាយជាពិសេសបន្ទាប់ពីលោកត្រាំ បានថ្លែងនៅក្នុងកម្មវិធីរបស់ទូរទស្សន៍ Fox News ថា សហរដ្ឋអាមេរិកមិនចាំបាច់ត្រូវចងដោយ «គោលនយោបាយចិនតែមួយ» នោះ ទេ ហើយលោកបានបំពានអនុសញ្ញាការទូតដែលត្រូវបានអនុវត្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ តាមរយៈការនិយាយទូរស័ព្ទជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ingwen កាលពីដើមខែធ្នូកន្លងទៅនេះ។
លោក Richard Bush អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថាន Brookings បានប្រាប់ VOA ថា៖ «រាល់រដ្ឋបាលថ្មី គឺតែងតែមានការពិនិត្យមើលឡើងវិញនូវគោលនយោបាយលើគ្រប់បញ្ហាទាំងអស់។»
សហរដ្ឋអាមេរិកបានទទួលស្គាល់ រដ្ឋាភិបាលក្រុងប៉េកាំង ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ចិនកាលពីឆ្នាំ១៩៧៩ ដែលក្នុងនោះទទួលស្គាល់ អំពីតួនាទីប្រទេសចិន ថា មានប្រទេសចិនតែមួយ ហើយកោះតៃវ៉ាន់គឺជាផ្នែកមួយនៃប្រទេសចិន។
ក្នុងអំឡុងឆ្នាំ១៩៩៧ ដល់ឆ្នាំ ២០០២ លោក Bush គឺជាប្រធាននិងនាយកគ្រប់គ្រង នៃវិទ្យាស្ថានអាមេរិកនៅកោះតៃវ៉ាន់ដែលហៅកាត់ថា AIT។ វិទ្យាស្ថានAIT គឺជាយន្តការដែលសហរដ្ឋអាមេរិកបង្កើតឡើង ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ខណៈពេលដែលគ្មានទំនាក់ទំនងការទូត។
លោក Bush បានថ្លែងប្រាប់ VOA ថា៖ «ខ្ញុំមិនរំពឹងថា នឹងមានការពិនិត្យមើលឡើងវិញលើគោលនយោបាយចំពោះកោះតៃវ៉ាន់ ដូចក្នុងអំឡុងឆ្នាំ ១៩៩៣-១៩៩៤ នោះទេ។ ប៉ុន្តែខ្ញុំមានការភ្ញាក់ផ្អើលជាច្រើនដងនៅក្នុងឆ្នាំនេះ ដូច្នេះការគិតរបស់ខ្ញុំអាចខុស»។
នៅក្នុងឆ្នាំ១៩៩៤ រដ្ឋបាលរបស់អតីតប្រធានាធិបតី លោក Bill Clinton បានធ្វើការពិនិត្យមើលឡើងវិញនិងកែសម្រួលគោលនយោបាយរបស់ខ្លួនទៅលើកោះតៃវ៉ាន់ ស្របពេលដែលខ្លួននៅតែបន្តអនុវត្តគោលនយោបាយចិនតែមួយ។
ការកែសម្រួលគោលនយោបាយមួយចំនួន គឺរួមមានទាំងការបញ្ជូនមន្ត្រីជាន់ខ្ពស់ពីស្ថាប័នសេដ្ឋកិច្ចនិងបច្ចេកទេសអាមេរិកទៅធ្វើទស្សនកិច្ចកោះតៃវ៉ាន់ផងដែរ។ ការិយាល័យរបស់តៃវ៉ាន់ ប្រចាំនៅសហរដ្ឋអាមេរិក ក៏មានឈ្មោះថ្មី ហៅថា ការិយាល័យតំណាងសេដ្ឋកិច្ចនិងវប្បធម៌តៃប៉ិដែលហៅកាត់ថា (TECRO)។ បន្ថែមពីលើនេះទៀត អាមេរិកគាំទ្រសមាជិកភាពរបស់តៃវ៉ាន់នៅក្នុងអង្គការណាដែលមិនតម្រូវឲ្យទាល់តែជាប្រទេសឯករាជ្យមួយទើបអាចចូលរួមបានទៀតផង៕
ប្រែសម្រួលដោយ នូវ ពៅលក្ខិណា