ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្តី​ខ្មែរក្រហម​នឹង​ចាប់ផ្តើម​ផ្សព្វផ្សាយ​សាលក្រម​០០២​វគ្គ១


សាលាក្តី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម។​
សាលាក្តី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម។​

សាលាក្តី​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​នឹង​ចាប់ផ្តើម​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​សាលក្រម​នៃ​សំណុំរឿង​០០២ វគ្គ១ ​ដោយ​ចែក​សៀវភៅ​សាលក្រម​សំណុំ​រឿង​នេះ​ដល់​និស្សិត​ប្រមាណ​៣០០​នាក់​ដែល​មក​ពី​សាកល​វិទ្យាល័យ​នានា​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរ​ក្រហម។

យុទ្ធនាការ​នេះ​នឹង​មាន​ចែក​សៀវភៅ​សាលក្រម​ដែល​មាន​កម្រាស់​៩៨១​ទំព័រ​ចំនួន​៤៥០០​ក្បាល​ទៅ​កាន់​រាជធានី​-ខេត្ត​ទាំង២៥​ ក្រសួង​ ស្ថាប័ន ​សាកលវិទ្យាល័យ​ សង្គមស៊ីវិល ​និង​ដើម​បណ្តឹង​រដ្ឋប្បវេណី​ ដើម្បី«​លើក​ទឹកចិត្ត​ឱ្យ​មាន​ការសិក្សា​បន្ថែម​និង​ស្វែងយល់​ឱ្យ​កាន់​តែ​ច្បាស់​ពី​សំណុំរឿង​០០២/០១‍»។

មាន​អតីត​មេ​ខ្មែរក្រហម​ចំនួន​ពីរនាក់​គឺ​ នួន ជា​ អតីត​ប្រធានរដ្ឋ​សភា និង ​ខៀវ សំផន​ អតីត​ប្រមុខ​រដ្ឋ​ដែល​មាន​តែ​ឈ្មោះ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត ក៏​ប៉ុន្តែ​ការសម្រេច​នោះ​ត្រូវ​បាន​មេធាវី​ជន​ជាប់​ចោទ​ប្តឹង​ជំទាស់​ទៅ​សាលា​កំពូល។

សាលាក្តី​បាន​បន្ថែម​ថា សម្រាប់​អ្នក​ដែល​ប្រើ​ប្រាស់​បណ្តាញ​អ៊ីនធឺណិត​ក៏​អាច​ទាញ​យក​សាលក្រម​ទាំងមូល​ដែល​មាន​បី​ភាសា​គឺ​ខ្មែរ ​អង់គ្លេស ​និង​បារាំង​ពី​គេហទំព័រ​របស់​សាលាក្តី​ផង​ដែរ៕

XS
SM
MD
LG