ក្រុមអ្នកតស៊ូមតិបាននិយាយថា រដ្ឋាភិបាលនិងធនាគារអភិវឌ្ឍន៍អាស៊ី ADB ត្រូវដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋរងគ្រោះដោយសារគម្រោងអភិវឌ្ឍផ្លូវរថភ្លើង។
ពលរដ្ឋជាង ១៨.០០០ នាក់ រស់នៅតាមបណ្តោយផ្លូវរថភ្លើង៦៤២ គីឡូម៉ែត្រ ដែលរងគ្រោះដោយសារគម្រោងមូលនិធិធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីជួលជុលផ្លូវដែកឡើងវិញនៅកម្ពុជា។ ផលប៉ះពាល់ទាំងនោះដែលធនាគារ ADB បានរកឃើញក្រោយពេលស៊ើបអង្កេត១៧ខែ បានដឹងថា ពលរដ្ឋដែលបានចាកចេញទៅរស់នៅទីតាំងផ្សេងមិនត្រូវបានដោះស្រាយជីវភាពឲ្យបានសមរម្យទេ គ្មានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ គ្មានប្រាក់សំណងដែលអាចដោះបំណុលទេ គ្មានមុខរបរទេ ហើយនឹងគ្មានអ្វីៗដែលជាតម្រូវការនិងបញ្ហាមួយចំនួនទៀតដែលកាន់តែធ្វើឲ្យជីវភាពពួកគាត់កាន់តែដុនដាប។
ថ្លែងក្នុងពេលជាវាគ្មិននៃកម្មវិធី Hello VOAកាលពីយប់ថ្ងៃច័ន្ទលោក អៀង វុទ្ធី នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជា បានអះអាងថា៖
«ការផ្លាស់ប្តូរទីលំនៅហ្នឹងនៅមានភាពខ្វះខាតមួយចំនួនដែលធ្វើឲ្យប៉ះពាល់ទៅដល់ជីវភាពប្រជាពលរដ្ឋដែលធ្លាប់តែរស់នៅក្នុងទីក្រុងហើយត្រូវបានផ្លាស់ប្តូរទីលំនៅទៅជាយក្រុង»។
អ្នកដែលរងគ្រោះជាងគេគឺប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ ដោយសារទីតាំងថ្មីមានចម្ងាយឆ្ងាយ រហូតដល់ជាង២០គីឡូម៉ែត្រ។
លោក ស៊ឹម វីរៈ តំណាងពលរដ្ឋក្នុងរាជធានីភ្នំពេញបានថ្លែងក្នុងកម្មវិធីហេឡូ VOA ក្នុងឋានៈជាសហវាគ្មិនដែរថា លោកចង់ឲ្យរដ្ឋាភិបាលគោរពគោលការណ៍ ធានាគារហើយធនាគារខ្លួនឯងត្រូវជម្រុញឲ្យរដ្ឋាភិបាលអនុវត្តន៍គោលការណ៍របស់ខ្លួនដូចបានព្រមព្រៀងជាមួយប្រជាពលរដ្ឋ។
«បើយើងក្រឡេកមើលទៅប្រជាពលរដ្ឋដែលគាត់បន្លាស់ទីទៅហ្នឹង ជីវភាពគាត់ មានភាពដុនដាប ដោយសារអី ដោយសារទី១ សំណងសងតិច ទី២ចម្ងាយ ឆ្ងាយ ទី៣ នៅតំបន់នោះសក្តានុពលការងារគឺអត់មានសម្រាប់ពួកគាត់។ អញ្ចឹងហើយធ្វើឲ្យគាត់មានជីវភាពចុះខ្សោយ។ ចំណែកប្រជាពលរដ្ឋយើងខ្ញុំ ដែលមិនទាន់បន្លាស់ទី ហើយរស់នៅទីតាំងចាស់នេះ គឺពួកខ្ញុំធ្វើការតស៊ូមតិ មិនព្រមទៅរស់នៅទីតាំងថ្មី ដែលមានចម្ងាយថ្មីនោះទេព្រោះគោលនយោបាយ ADB គេបាននិយាយហើយ គេថាប្រសិនបើប្រជាពលរដ្ឋដែលផ្លាស់ទីទៅនៅទីតាំងថ្មីហ្នឹងធ្វើម៉េចឲ្យជីវភាពគាត់ប្រសើរឡើង យ៉ាងហោចណាស់ក៏ស្មើដើមដែរ។ មានន័យថាបើសិនគាត់រស់នៅទីតាំងចាស់នេះប៉ុន្មានយ៉ាងហោចណាស់ ក៏ដូចដើមដែរ»។
តែការលំបាកវេទនារបស់ប្រជាពលរដ្ឋនៅទីនោះគឺជាមេរៀនសម្រាប់ពលរដ្ឋនិង លោកផ្ទាល់។
លោក អៀង វុទ្ធី បានកត់សំគាល់ឃើញពីការអភិវឌ្ឍន៍នឹងធ្វើឲ្យមានផ្លូវដែកដើម្បីដឹកទំនិញធ្ងន់។ តែគេត្រូវដោះស្រាយបញ្ហារបស់ពលរដ្ឋនិងឲ្យពលរដ្ឋចូលរួមការអភិវឌ្ឍន៍ផងដែរ៕