ប្រទេសថៃបានចាប់ផ្ដើមធ្វើតេស្តសាកល្បងវ៉ាក់សាំងផលិតក្នុងស្រុកចំនួន ២ ប្រភេទក្នុងចំណោម៤ប្រភេទទៅលើមនុស្ស ដែលអ្នកវិទ្យាសាស្ត្រក្នុងស្រុកកំពុងផលិតឡើងដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩ ស្របពេលដែលប្រទេសនេះកំពុងស្វះស្វែងធ្វើយ៉ាងណាដើម្បីទទួលបានវ៉ាក់សាំងពីបរទេស ខណៈរលកនៃការឆ្លងជំងឺក្នុងប្រទេសកំពុងស្ថិតក្នុងស្ថានភាពអាក្រក់បំផុតចាប់តាំងពីការផ្ទុះជំងឺរាតត្បាតនេះមក។
វ៉ាក់សាំងផលិតនៅក្នុងស្រុកទាំងនេះនឹងមិនអាចផលិតរួចរាល់ក្នុងបរិមាណច្រើនទាន់ពេលវេលាដើម្បីជួយដល់ប្រទេសថៃប្រយុទ្ធប្រឆាំងនឹងរលកឆ្លងនាពេលបច្ចុប្បន្ននេះទេ។ ទោះជាយ៉ាងណាក៏ដោយ ក៏ក្រុមមន្ត្រី និងអ្នកផលិតវ៉ាក់សាំងរំពឹងថា វ៉ាក់សាំងទាំងនោះនឹងអាចផលិតរួចរាល់ទាន់ពេលដើម្បីឲ្យប្រទេសថៃ ឬប្រទេសជិតខាងនានា អាចពន្លឿនការចាក់វ៉ាក់សាំងដោយផ្ដោតសំខាន់ទៅលើការបង្ការវីរុសបំប្លែងថ្មី នៅត្រឹមឆ្នាំក្រោយ។
លោក Kiat Ruxrungtham អ្នកដឹកនាំការងារផលិតវ៉ាក់សាំងមួយប្រភេទដែលគេរំពឹងទុកយ៉ាងខ្លាំងនៅមជ្ឈមណ្ឌលស្រាវជ្រាវវ៉ាក់សាំងនៃសាកលវិទ្យាល័យ Chulalongkornក្នុងទីក្រុងបាងកកបានថ្លែងថា៖ «វ៉ាក់សាំងនេះនឹងប្រឆាំងនឹងវីរុសបំប្លែងថ្មី ដូចជាវីរុសបំប្លែងនៅអាហ្វ្រិកខាងត្បូង ឥណ្ឌានិងវីរុសបំប្លែងនៅប្រទេសផ្សេងៗទៀត។ នេះគឺជាយុទ្ធសាស្រ្តរបស់យើង»។
កត្តាជំរុញឲ្យផលិតវ៉ាក់សាំងក្នុងស្រុក
នាពេលបច្ចុប្បន្ននេះ ប្រទេសថៃពឹងអាស្រ័យលើវ៉ាក់សាំងពីក្រុមហ៊ុនផលិតឱសថនានានៅបរទេស ដើម្បីធ្វើឲ្យសហគមន៍របស់ខ្លួនមានភាពស៊ាំនៅចុងឆ្នាំនេះ។
ប្រទេសថៃបានព្យាយាមធ្វើឲ្យអត្រានៃការឆ្លងមានកម្រិតទាបកាលពីឆ្នាំ២០២០ តាមរយៈការរឹតបន្តឹងការចេញចូលតាមច្រកព្រំដែន និងការរក្សាគម្លាតដ៏តឹងរ៉ឹង ហើយប្រទេសនេះទទួលបានវ៉ាក់សាំងតិចតួចប៉ុណ្ណោះចាប់តាំងពីការចាប់ផ្ដើមនៃជំងឺរាតត្បាតនេះមក។ ប្រទេសថៃបានទិញវ៉ាក់សាំងពីរបីលានដូសពីក្រុមហ៊ុន Sinovac របស់ចិន ដើម្បីចាក់ឲ្យពលរដ្ឋដែលងាយរងគ្រោះបំផុត និងបានចុះកិច្ចសន្យាទិញវ៉ាក់សាំងពីក្រុមហ៊ុន AstraZeneca ដែលជាក្រុមហ៊ុនអនុញ្ញាតឲ្យសហគ្រាសផលិតឱសថក្នុងស្រុកឈ្មោះ SiamBioscience ផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ ក្នុងប្រទេស។
ប៉ុន្តែនៅពេលរលកឆ្លងលើកទី៣បានកើតឡើងក្នុងខែមេសា និងបានបង្កឲ្យមានអ្នកស្លាប់និងឆ្លងក្នុងកម្រិតខ្ពស់មួយមិនធ្លាប់មាន បានជំរុញឲ្យអាជ្ញាធរព្យាយាមស្វះស្វែងរកវ៉ាក់សាំង ដោយបានចុះកិច្ចសន្យាទិញជាមួយក្រុមហ៊ុននានាដូចជា ក្រុមហ៊ុន Pfizer ក្រុមហ៊ុនModerna ក្រុមហ៊ុន Johnson & Johnson និងក្រុមហ៊ុន Sinopharm។ រដ្ឋាភិបាលបានប្រកាសថា មកទល់ពេលបច្ចុប្បន្ននេះ ខ្លួនបានបញ្ចាទិញវ៉ាក់សាំងចំនួន ១០៥លាន៥សែនដូសរួចហើយ ដែលចំនួននេះអាចចាក់ឲ្យពលរដ្ឋបានប្រមាណជាង៧០ភាគរយ នៃចំនួនពលរដ្ឋសរុប៦៩លាននាក់ ហើយរដ្ឋាភិបាលក៏កំពុងស្វែងរកទិញវ៉ាក់សាំងបន្ថែមទៀត។
យ៉ាងណាក៏ដោយ ទាំងអាជ្ញាធរថៃ និង ក្រុមហ៊ុនផលិតឱសថ នៅតែមើលឃើញសារៈសំខាន់នៃការផលិតវ៉ាក់សាំងក្នុងស្រុក។
លោក Tanarak Plipat អគ្គនាយករងនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងរបស់ក្រសួងសុខភាពសាធារណៈនិយាយថា វ៉ាក់សាំងថ្មីនឹងជួយរក្សាប្រទេសថៃឲ្យមានសុវត្ថិភាព នៅពេលដែលវ៉ាក់សាំងដែលបានចាក់នៅជុំដំបូងចាប់ផ្ដើមអស់ប្រសិទ្ធភាព។
លោកបានថ្លែងដូច្នេះថា៖ «យើងមានភស្តុតាងកាន់តែច្បាស់ដែលបញ្ជាក់ថា ឆាប់ៗនេះ យើងប្រហែលជាត្រូវចាក់វ៉ាក់សាំងបន្ថែមទៀត។ ខ្ញុំចង់មានន័យថា យើងប្រហែលត្រូវចាក់វ៉ាក់សាំងដូសទី៣ ទី៤ ឬទី៥។ យើងមិនដឹងច្បាស់ពីបញ្ហានេះទេ ហើយយើងក៏មិនដឹងថា តើយើងត្រូវចាក់វ៉ាក់សាំងបន្ថែមទៀតនៅរយៈពេលប៉ុន្មានដែរ ដើម្បីរក្សាប្រព័ន្ធការពាររាងកាយរបស់យើងនោះ» ។
លោកថ្លែងបន្តថា៖ «ដូច្នេះ នៅក្នុងរយៈពេលវែង ខ្ញុំគិតថា យើងនឹងត្រូវការការផ្គត់ផ្គង់ឲ្យបានទៀងទាត់»។
លោកមាននិយាយទៀតថា វ៉ាក់សាំងខ្លះដែលប្រទេសថៃកំពុងផលិត ប្រហែលជាមានប្រសិទ្ធភាពខ្លាំង ក្នុងការការពារការឆ្លងវីរុសបំប្លែងថ្មីដែលកំពុងរាលដាលលើសាកលលោក។ វីរុសបំប្លែងថ្មីដែលមានឈ្មោះថា Alpha ត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេសត្រូវបានរកឃើញភាគច្រើននៅប្រទេសថៃ។ នាយកដ្ឋានវិទ្យាសាស្ត្រសុខាភិបាលនៃក្រសួងសុខាភិបាលថៃ បានព្រមាននាពេលថ្មីៗនេះថា វីរុសប្រភេទបំប្លែងថ្មីឈ្មោះ Delta ដែលត្រូវបានគេរកឃើញដំបូងនៅប្រទេសឥណ្ឌាអាចនឹងមានវត្តមាននៅទូទាំងប្រទេសថៃរួចទៅហើយ។
ការពឹងពាក់លើខ្លួនឯង
លោក Tanarak និយាយថា បញ្ហាលំបាកដែលប្រទេសភាគច្រើនបានជួបនោះគឺមិនត្រឹមតែការ ស្វែងរកទិញវ៉ាក់សាំងប៉ុណ្ណោះទេ ប៉ុន្តែការស្វែងរកទិញម៉ាស និងម៉ាស៊ីនជំនួយដង្ហើមក៏ជាបញ្ហាលំបាកផងដែរ ដែលបញ្ហានេះបានបង្រៀនប្រទេសថៃថា ខ្លួនត្រូវតែពឹងផ្អែកលើខ្លួនឯង ដើម្បីបានអ្វី ដែលខ្លួនត្រូវការនៅពេលចាំបាច់។
លោកថ្លែងយ៉ាងដូច្នេះថា៖ «ដើម្បីធានាសុខភាពដល់ពលរដ្ឋរបស់យើង យើងត្រូវតែពឹងផ្អែកលើខ្លួនឯងនៅអំឡុងពេលនៃការរាតត្បាតជាសាកលនេះ។ មានប្រាក់ច្រើនប៉ុណ្ណា ក៏យើងមិនអាចរកទិញបរិក្ខារពេទ្យ ឬថ្នាំពេទ្យ ឬវ៉ាក់សាំងដែលចាំបាច់បំផុតបានដែរ ប្រសិនបើយើងមិនអាចផលិតរបស់ទាំងនេះបានដោយខ្លួនឯងនោះ»។
បើតាមលោក Tanarak ប្រសិនបើអ្វីៗដំណើរការទៅដោយរលូននោះ មន្ទីរពិសោធន៍របស់ថៃនឹងអាចផលិតវ៉ាក់សាំងកូវីដ១៩ បានរាប់សិបលានដូសដោយខ្លួនឯងនៅត្រឹមពាក់កណ្ដាលឆ្នាំក្រោយនេះ។
ស្ថាប័នឱសថរបស់រដ្ឋាភិបាលបានចាប់ផ្ដើមធ្វើតេស្តសាកល្បងវ៉ាក់សាំងដំណាក់កាលទី១ទៅលើមនុស្សកាលពីខែមីនា ដោយប្រើវីរុសអសកម្មមួយប្រភេទនៃជំងឺ Newcastle ដែលជាជំងឺឆ្លងលើសត្វបក្សី ហើយបានឈានដល់ការធ្វើតេស្តសាកល្បង ដំណាក់កាលទី២ ដោយត្រូវការអ្នកស្ម័គ្រចិត្តបន្ថែមទៀត។
មជ្ឈមណ្ឌលស្រាវជ្រាវវ៉ាក់សាំង នៃសាកលវិទ្យាល័យ Chulalongkorn បានចាប់ផ្ដើមធ្វើតេស្តសាកល្បងវ៉ាក់សាំងលើមនុស្សដំណាក់កាលទី១ កាលពីថ្ងៃទី១៤ ខែមិថុនា។ វ៉ាក់សាំងនេះអាចនឹងក្លាយជាវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលត្រូវបានផលិតលើកដំបូងនៅតំបន់អាស៊ីអាគ្នេយ៍ ដោយប្រើប្រាស់ម៉ូលេគុល RNA តែមួយប្រភេទ ដែលជាបច្ចេកទេសផលិតធ្លាប់បានប្រើប្រាស់ដំបូងដោយក្រុមហ៊ុនផលិតឱសថសហរដ្ឋអាមេរិក គឺក្រុមហ៊ុន Pfizer និងក្រុមហ៊ុនModerna។
ក្រុមហ៊ុន BioNet-Asia ដែលជាក្រុមហ៊ុនផលិតឱសថក្នុងស្រុក និងក្រុមហ៊ុនថ្មីមួយឈ្មោះ Baiya Phytopharm មិនទាន់បានចាប់ផ្ដើមធ្វើតេស្តសាកល្បងវ៉ាក់សាំងរបស់ខ្លួនទៅលើមនុស្សនៅឡើយទេ។
មជ្ឈមណ្ឌលស្រាវជ្រាវវ៉ាក់សាំង ធ្លាប់បានរំពឹងថា នឹងអាចចាប់ផ្ដើមធ្វើតេស្តសាកល្បងលើមនុស្សនៅចុងឆ្នាំ២០២០។ ប៉ុន្តែមជ្ឈមណ្ឌលនេះនិយាយថា ខ្លួនត្រូវរង់ចាំរហូតទាល់តែមន្ទីរពិសោធន៍នៅសហរដ្ឋអាមេរិកធ្វើតេស្តទៅលើវ៉ាក់សាំងរបស់ពួកគេជាមុនសិន។ មជ្ឈមណ្ឌលនេះថា ការផ្ដល់ប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ដែលធ្វើឡើងដោយសប្បុរសធម៌នោះ មានភាពយឺតយ៉ាងជាងអ្វីដែលបានរំពឹងទុក។
នៅខណៈដែលការធ្វើតេស្តលើមនុស្សដោយប្រើវ៉ាក់សាំងជំនាន់ដំបូងកំពុងដំណើរការនោះ លោក Kiat និងក្រុមការងាររបស់ខ្លួន បានធ្វើផែនការរួចហើយ ក្នុងការធ្វើតេស្តសាកល្បងដូចគ្នាសម្រាប់វ៉ាក់សាំងជំនាន់ទី២របស់ខ្លួននៅក្នុងរយៈពេលពីរបីខែខាងមុខនេះ ដោយផ្ដោតលើវីរុសបំប្លែង ថ្មី ដែលការធ្វើតេស្តសាកលល្បងនេះប្រើប្រាស់វិធីសាស្ត្របច្ចេកទេស mRNA កាន់តែសាមញ្ញជាងបច្ចេកទេសផ្សេងៗទៀត។
លោក Kiat បានថ្លែងដូច្នេះថា៖ «យើងប្រើប្រាស់បច្ចេកវិទ្យាដូចគ្នា រូបមន្តដូចគ្នា ដោយគ្រាន់តែប្ដូរលំដាប់ហ្សែន។ ប្រសិនបើយើងមានទិន្នន័យកាន់តែច្រើនពីការធ្វើតេស្តជំនាន់ទី១ យើងអាចប្រើប្រាស់ទិន្នន័យទាំងនោះដើម្បីគាំទ្រដល់ការធ្វើតេស្តរបស់យើងនៅជំនាន់ទី២។ ដូច្នេះ សម្រាប់ជំនាន់ទី២ យើងមិនចាំបាច់ធ្វើតេស្តច្រើនដូសទេ ព្រោះយើងបានរៀនសូត្រពីជំនាន់ទី១ ថាតើដូសមួយណាជាដូសល្អបំផុតនោះ»។
នៅតាមបណ្តាប្រទេសជិតខាង
ប្រសិនបើទទួលបានការអនុម័ត លោក Kiat និយាយថា ក្រុមហ៊ុន BioNet-Asia នឹងចាប់ផ្តើមផលិតវ៉ាក់សាំងចន្លោះពី៥០លានទៅ៨០លានដូសក្នុងមួយឆ្នាំ។
ក្រៅតែពីការផ្ដោតលើវីរុសបំប្លែងថ្មីៗ ដែលកំពុងរាតត្បាតនៅលើពិភពលោក ការសិក្សាបន្ថែមទៀតលើបច្ចេកទេស mRNA ក៏អាចជួយឲ្យប្រទេសថៃផ្ដោតលើប្រភេទវ៉ាក់សាំងសម្រាប់ប្រភេទវីរុសជាក់លាក់ ឬលើប្រភេទវីរុសទាំងអស់ ដែលមានវត្តមាននៅក្នុងតំបន់ ឬក្នុងប្រទេសជាក់លាក់ណាមួយ។ នេះបើតាមលោក Lorenz von Seidlein អ្នកជំនាញផ្នែកវ៉ាក់សាំងនៅមន្ទីរស្រាវជ្រាវវេជ្ជសាស្រ្ត Mahidol Oxford Tropical Medicine Research Unit មានមូលដ្ឋាននៅប្រទេសថៃ។
លោក Lorenz von Seidlein ថ្លែងដូច្នេះថា៖ «ប្រសិនជាមានបណ្ដុំវីរុសដែលមានភាពជាក់លាក់នៅ ប្រទេសថៃ ពេលនោះប្រហែលជានឹងមានអំណះអំណាងមួយ ដែលពួកគេអាចនិយាយថា វីរុសបំប្លែងថ្មីដែលយើងមិនទាន់ដឹងនេះ ប្រហែលកើតឡើងនៅឆ្នាំក្រោយ។ ដូច្នេះ យើងអាចរកវិធីទប់ស្កាត់វាបានឆាប់រហ័ស ដោយសារវាជាបណ្តុំនៃវីរុសបំប្លែងដែលធ្លាប់មានវត្តមាននៅទីនេះពីមុនមក»។
ផលប្រយោជន៍ដែលទទួលបានពីការផលិតវ៉ាក់សាំងទាំងនេះនឹងបានដល់ប្រទេសជិតខាងថៃ ដែលខ្លះកំពុងតែប្រយុទ្ធប្រឆាំងនឹងរលកនៃការឆ្លងជំងឺនេះយ៉ាងធ្ងន់ធ្ងរ គិតចាប់ពីការផ្ទុះឡើងនៃជំងឺរាតត្បាតជាសាកលនេះ ដោយក្នុងនោះរួមមានម៉ាឡេស៊ី កម្ពុជា និងវៀតណាមផងដែរ។
លោក Kiat និយាយថា ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយចំនួនបង្ហាញចំណាប់អារម្មណ៍ចង់ចូលរួមក្នុងដំណាក់កាលបន្ទាប់នៃធ្វើតេស្តលើមនុស្សនៅជំហានទី២ ប្រសិនបើមានលទ្ធផលល្អនៅដំណាក់កាលទី១ ។ លោកថា ប្រទេសទាំងនោះចាប់អារម្មណ៍ជាពិសេសលើការផលិតវ៉ាក់សាំងជំនាន់ទី២ ដែលពួកគេកំពុងប្រឹងប្រែងផលិត ហើយប្រទេសជាច្រើនពិចារណាចង់ទិញវ៉ា់ក់សាំងទាំងនោះ។
លោក Kiat ថ្លែងដូច្នេះថា៖ «គោលបំណងរបស់យើងគឺថា ប្រសិនបើយើងផលិតបានគ្រប់គ្រាន់ ហើយវ៉ាក់សាំងមានគុណភាពល្អទៀតនោះ យើងគួរតែមានលទ្ធភាពផ្គត់ផ្គង់ទៅឲ្យប្រទេសជិតខាង មិនថាតាមរយៈកម្មវិធី COVAX ឬតាមវិធីអ្វីណាមួយនោះទេ»។
លោកបានសំដៅដល់ផែនការអន្តរជាតិក្នុងការផ្ដល់វ៉ាក់សាំងការពារកូវីដ១៩ ទៅដល់ប្រទេសក្រីក្រដោយឥតគិតថ្លៃ ឬតាមរយៈការផ្ដល់វ៉ាក់សាំងជាបដិភាគ៕
ប្រែសម្រួលដោយលោក នៀម ឆេង