ប៉ូលិសបាននិយាយថា ប្រទេសថៃបានបញ្ជូនសកម្មជនការងារដែលជួយបកប្រែក្នុងការផលិតរឿង «ម្តាយខ្ញុំលក់ខ្ញុំ» My Mother Sold Me ត្រឡប់ទៅប្រទេសកម្ពុជាវិញ កាលពីថ្ងៃពុធ។ អាជ្ញាធរកម្ពុជាសុំឲ្យប្រទេសថៃបញ្ជូនលោករ៉ាត់ រត្នមុនី អាយុ៤៧មកកម្ពុជា ដោយសារអាជ្ញាធរកម្ពុជាថាលោកពាក់ព័ន្ធនឹងការបង្កើតឯកសារ«ម្តាយខ្ញុំលក់ខ្ញុំ» ដែលនិយាយអំពីការជួញដូរផ្លូវភេទដែលរដ្ឋាភិបាលនិយាយថា មានព័ត៌មានមិនពិត។
គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានចាប់ផ្តើមការបង្ក្រាបលើអ្នកដែលរដ្ឋាភិបាលមើលឃើញថា ជាអ្នករិះគន់រាប់ទាំងអ្នកតស៊ូមតិសិទ្ធិមនុស្សនិងអ្នកនយោបាយប្រឆាំង។
លោករ៉ាត់ រត្នមុនី ត្រូវបានចាប់ខ្លួននៅទីក្រុងបាងកកកាលពីថ្ងៃសុក្រនៅពេលដែលលោកបានព្យាយាមធ្វើដំណើរទៅប្រទេសហូឡង់ជាមួយគ្រួសាររបស់លោក បន្ទាប់ពីលោកបានជួយផលិតខ្សែភាពយន្តឯកសារសម្រាប់បណ្តាញព័ត៌មានប្រទេសរុស្ស៊ីដែលបានចាក់ផ្សាយកាលពីខែតុលា។
អ្នកនាំពាក្យនគរបាលកម្ពុជាលោកឆាយគីម ខឿនបានមានប្រសាសន៍ថា លោករ៉ាត់ រត្នមុនី ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា (CCTUF) ត្រូវបាននិរទេសចេញពីប្រទេសថៃតាមសំណើរបស់កម្ពុជា។ លោកឆាយ គីមខឿន បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា «នៅពេលចប់នីតិវិធីជាមួយប៉ូលិស យើងនឹងបញ្ជូនគាត់ទៅតុលាការ។ វាអាស្រ័យលើតុលាការកំណត់ការចោទប្រកាន់។ មន្រ្តីអន្តោប្រវេសន៍ថៃមិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេ។
ភរិយាលោករ៉ាត់ រត្នមុនីគឺអ្នកស្រីឡុង គឹមហៀងបានសម្តែងការភ័យខ្លាចថា ស្វាមីរបស់អ្នកស្រីនឹងត្រូវបញ្ជូនទៅពន្ធនាគារ។ អ្នកស្រីនិយាយថា៖
«ខ្ញុំសង្ឃឹមថា តុលាការនឹងស៊ើបអង្កេតករណីរបស់ស្វាមីរបស់ខ្ញុំដោយយុត្តិធម៌»។
ភាពយន្តឯកសារដែលមានចំណងជើងថា «ម្តាយខ្ញុំលក់ខ្ញុំ» និយាយអំពីស្រ្តីខ្មែរក្រីក្រម្នាក់បានលក់កូនស្រីឱ្យធ្វើជាអ្នករកស៊ីផ្លូវភេទ។
ក្រោយមកអាជ្ញាធរបាននិយាយថា ក្មេងស្រីនិងម្តាយរបស់នាងត្រូវបានគេឲ្យលុយ២០០ដុល្លារឲ្យនិយាយកុហកនៅក្នុងខ្សែភាពយន្តឯកសារដែលបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា។
បណ្តាញព័ត៌មាន Russia Today និយាយថា ខ្លួនមិនដែលបង់លុយឱ្យអ្នកដែលខ្លួនសម្ភាសនោះទេ៕