អ្នកនយោបាយរាប់រយនាក់មកពីគណបក្ស Puea Thai នៅក្នុងប្រទេសថៃ បានជួបប្រជុំគ្នានៅថ្ងៃអាទិត្យនេះនៅទីស្នាក់ការកណ្ដាលគណបក្សនៅក្នុងទីក្រុងបាងកក ដើម្បីជ្រើសរើសថ្នាក់ដឹកនាំថ្មីនៅមុនការបោះឆ្នោតចូលមកដល់នៅឆ្នាំក្រោយ។
សកម្មភាពនយោបាយនៅក្នុងប្រទេសថៃត្រូវបានហាមឃាត់ដោយរដ្ឋាភិបាលយោធា បន្ទាប់ពីពួកយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រីអតីតនាយករដ្ឋមន្ត្រី Yingluck Shinawatra ដែលដឹកនាំដោយគណបក្ស Puea Thai នេះ កាលពីខែឧសភា ឆ្នាំ ២០១៤។
កាលពីខែមុន រដ្ឋាភិបាលយោធាថៃបានដកបម្រាមនេះមួយផ្នែក ដើម្បីអនុញ្ញាតឲ្យគណបក្សនយោបាយនានាអាចរៀបចំសម្រាប់ការបោះឆ្នោត។ រដ្ឋាភិបាលយោធាបានបញ្ជាក់ថា ការបោះឆ្នោតនេះនឹងធ្វើឡើងនៅចន្លោះរវាងខែកុម្ភៈ និងខែឧសភា ឆ្នាំក្រោយ។
គណបក្ស Puea Thai បានបោះឆ្នោតជ្រើសរើសលោកអតីតឧបនាយករដ្ឋមន្ត្រី Viroj Pao-in អាយុ ៨៤ ឆ្នាំ ជាមេដឹកនាំគណបក្ស និងអ្នកនយោបាយជើងចាស់លោក Phumtham Vechayaychai អាយុ ៦៤ ឆ្នាំ ជាអគ្គលេខាធិការគណបក្ស។
លោកស្រី Sudarat Keyuraphan អាយុ ៥៧ ឆ្នាំ ដែលជាសមាជិកស្នូលនៃគណបក្សនេះ ក៏ត្រូវបានជ្រើសរើសផងដែរជាប្រធានគណៈកម្មាធិការប្រតិបត្តិរបស់គណបក្ស និងប្រធានគណៈកម្មាធិការមួយទៀតដែលនឹងមើលការខុសត្រូវលើការជ្រើសរើសបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោត។
ថ្នាក់ដឹកនាំគណបក្ស Puea Thai ដែលទើបត្រូវបានជ្រើសរើសថ្មីទាំងនេះ បានបញ្ជាក់ថា គណបក្សមិនទាន់តែងតាំងបេក្ខជនរបស់ខ្លួនណាម្នាក់ឲ្យចូលប្រកួតតំណែងនាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតខាងមុខនេះនៅឡើយទេ ប៉ុន្តែឥឡូវនេះកំពុងផ្ដោតលើការធ្វើការលើគោលនយោបាយរបស់គណបក្សជាមុន៕