ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​ជិត​រក​ឃើញ​វ៉ាក់​សាំង​​ទប់​ស្កាត់​ជំងឺគ្រុន​ឈាម


ថៃមាន​ការ​ជឿន​លឿន​នៅ​ក្នុង​ការ​អភិវឌ្ឍ​ថ្នាំ​វ៉ាក់​សាំង​មួយ​សម្រាប់​​ការ​ពារ​មេ​រោគ​គ្រុន​ឈាម​ដែល​កើត​មក​ពី​សត្វ​មូស។
ថៃមាន​ការ​ជឿន​លឿន​នៅ​ក្នុង​ការ​អភិវឌ្ឍ​ថ្នាំ​វ៉ាក់​សាំង​មួយ​សម្រាប់​​ការ​ពារ​មេ​រោគ​គ្រុន​ឈាម​ដែល​កើត​មក​ពី​សត្វ​មូស។

ទីក្រុង​បាំងកក៖​ ក្រសួង​វិទ្យាសា្រស្រ្ត​ថៃឲ្យ​ដឹងថា មាន​ការ​ជឿន​លឿន​នៅ​ក្នុង​ការ​អភិវឌ្ឍ​ថ្នាំ​វ៉ាក់​សាំង​មួយ​សម្រាប់ការ​ពារ​មេ​រោគ​គ្រុន​ឈាម​ដែល​កើត​មក​ពី​សត្វ​មូស ហើយ​បាន​សម្លាប់​មនុស្ស​ច្រើន​ពាន់​នាក់​នៅក្នុង​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍។​ ថៃ​សង្ឃឹម​ថា​នឹងអាច​ផលិត​ថ្នាំ​វ៉ាក់​សាំង​ដែល​មាន​តម្លៃ​ថោក​គួរសម​សម្រាប់​ផ្សារ​ក្នុង​តំបន់​បាន ក្នុង​ពេល​ដប់​ឆ្នាំ​ខាង​មុខ។

អង្គការ​សុខភាព​ពិភពលោកឲ្យដឹង​ថា​ មនុស្ស​ដល់​ទៅ​៥០​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ​នៅ​ក្នុង​ប្រទេស​ជាង​១០០​ មាន​ឆ្លង​មេរោគគ្រុន​ឈាម​ដែល​បណ្តាល​មក​ពី​សត្វ​មូស។​ ក្រុម​អ្នក​វិទ្យសាស្រ្ត​និយាយ​ថា​ ការ​ចម្លង​មេរោគ​នេះ​បាន​កើន​ចំនួន​ដោយ​សារការ​ធ្លាក់​ភ្លៀង​ច្រើននៅ​ក្នុង​តំបន់ត្រូពិក។

បញ្ហា​សម្រាប់​អ្នក​វិទ្យាសាស្រ្ត​ជា​យូរ​មក​ហើយគឺ​នៅ​ក្នុង​ការ​បង្កើត​វ៉ាក់​សាំង​តែ​មួយ​ ដើម្បី​ទប់​ទល់​នឹង​មេ​រោគ​គ្រុន​ឈាម​បួន​ប្រភេទ​ខុសៗ​គ្នា។ តែ​ឥឡូវ​នេះ​ អ្នក​វិទ្យាសាស្រ្តនិង​ក្រសួង​សុខាភិបាល​ថៃ​និយាយ​ថា​ ការ​ពិសោធន៍​ដំបូងៗប្រកប​ជោគ​ជ័យមួយ​ឈុត ​បាន​ផ្តល់​សេចក្តី​សង្ឃឹម​ថា​ ពួក​គេ​នឹង​អាច​ផលិត​ថ្នាំ​វ៉ាក់​សាំង​គ្រុន​ឈាម​មួយ​បាន​ ក្នុង​ពេល​ខាង​មុខ​ដ៏​ខ្លី។

កាល​ពី​ថ្ងៃ​ច័ន្ទ​ ក្រសួង​សុខាភិបាល​បាន​ជ្រើស​រើស​ក្រុម​ហ៊ុន​ឯកជន​ បាយោណិត​ អេស៉្យា (Bionet-Asia​) ឲ្យ​ពិនិត្យ​មើល​កិច្ច​ប្រឹង​ប្រែង​ផលិតកម្ម។

វេជ្ជ​បណ្ឌិត​ វិរ៉ាឆៃ​ វិរ៉ាមេទិគល់ (Virachai Virameteekul)​ រដ្ឋ​មន្រ្តី​ក្រសួង​វិទ្យាសាស្រ្ត និង​បច្ចេកវិជ្ជា​ថៃ​បាន​ថ្លែង​ថា​ ​មក​ទល់​នឹង​ពេល​នេះ​ ការ​អភិវឌ្ឍ​វ៉ាក់​សាំង​នេះ​ ជា​សមិទ្ធិ​ដ៏​ធំ​មួយ បន្ទាប់​ពី​មាន​ការ​ស្រាវ​ជ្រាវ​រក​ថ្នាំ​វ៉ាក់​សាំង​នេះ​ អស់​ពេល​ជា​ច្រើន​ទសវត្សរ៍​រួច​មក។​ លោក​មាន​ប្រសាសន៍​ថា៖

«នេះ​ជា​ជំហាន​ដ៏​ធំ​មួយ​នៅ​ក្នុង​ការ​អភិវឌ្ឍ​ថ្នាំ​វ៉ាក់​សាំង​គ្រុន​ឈាម​ ដែល​ជា​កម្រិត​ខ្ពស់​បំផុត​នៃចំណេះ​ដឹង​របស់​យើង និង​របស់​អ្នក​វិទ្យាសាស្រ្ត​និង​អ្នក​ស្រាវ​ជ្រាវ​ថៃ​ក្នុង​ពេល​ ២០​ ទៅ​ ៣០​ ឆ្នាំ​កន្លង​ទៅ​នេះ។​ អ្វី​ដែល​ធ្វើ​ឲ្យ​យើង​បាន​ទទួល​ជោគ​ជ័យសព្វ​ថ្ងៃ​នេះ​ គឺ​យើង​អាច​រក​ដំណោះ​ស្រាយ​ថ្នាំ​វ៉ាក់​សាំង​មួយ​ ដែលអាច​ប្រើ​ការ​បាន​នៅ​ក្នុង​មន្ទីរ​ពិសោធន៍»។

ក្នុង​មួយ​ឆ្នាំៗ​ មាន​មនុស្ស​ប្រមាណ​ ២​សែន​នាក់​នៅ​ថៃ​បាន​ឈឺ​ដោយ​សារ​មេរោគ​នេះ។​ ក្មេងៗ​ជា​អ្នក​ស្លាប់​ច្រើន​ជាង​គេ​ ពីព្រោះ​ពួក​គេនៅ​មិន​ទាន់​មាន​ប្រព័ន្ធ​ការ​ពារ​ខ្លួន​ខ្លាំង​ដូច​មនុស្ស​ពេញ​វ័យ។

លោក​ស្រី​វេជ្ជ​បណ្ឌិត​ ប៊ូន​ស៊ុក​ គីឡាប៉ាំង​ (Boonsok Keelapang) ​អ្នក​ស្រាវ​ជ្រាវ​គម្រោងម្នាក់​ និយាយ​ថា ក្មេងៗជា​អ្នក​បាន​ទទួល​ផល​ចំណេញ​ច្រើន​ជាង​គេ​ពី​ថ្នាំ​វ៉ាក់​សាំង​នេះ។ លោក​ស្រី​បន្ត​ថា៖

«គេ​នឹង​ប្រើ​ពេល​យូរបន្តិច​ ពីព្រោះ​នេះ​ជា​ថ្នាំ​វ៉ាក់​សាំង​ជំនាន់​ទី​មួយ។​ ហេតុ​ដូច្នេះ​ បើ​យើង​ធ្វើ​ការ​សាក​ពិសោធន៍ យើង​ប្រហែល​ជា​ត្រូវ​ធ្វើ​ការ​កែសម្រួលនៅ​ដំណាក់​ណា​មួយ​ ដើម្បី​ធ្វើ​ឲ្យ​វ៉ាក់​សាំង​នោះ​មាន​សុវត្ថិភាព។​ ក៏​ប៉ុន្តែ​វាជា​រឿង​សំខាន់​ណាស់​ បើ​សិន​ជា​យើង​បាន​ទទួល​ជោគជ័យ​ យើង​អាច​ជួយ​កូន​ចៅ​របស់​យើង​បាន​នៅ​ថៃ​ ពីព្រោះ​ជំងឺគ្រុន​ឈាមជា​ជំងឺដែល​ប៉ះ​ពាល់​មក​លើ​ប្រជាពលរដ្ឋ​ថៃ - ប្រជាពលរដ្ឋ​ទាំង​អស់​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍​ - ហើយ​យើង​ត្រូវ​ការ​កម្លាំង​ទាំង​អស់ដើម្បី​ជួយ​គ្នា​ និង​ធ្វើ​ឲ្យ​បាន​សម្រេច​ជោគ​ជ័យ»។

ក្រុម​អ្នក​វិទ្យាសាស្រ្ត​និយាយ​ថា​ នៅ​មានការ​លំបាក​ក្នុង​ដំណាក់​ការ​ចុង​ក្រោយនៃ​ថ្នាំ​វ៉ាក់​សាំង​នេះ។​ មានមេ​រោគ​ជំងឺគ្រុន​ឈាមចំនួន​បួន​ប្រភេទ​ តែ​ថ្នាំ​វ៉ាក់​សាំង​តែ​មួយ​ម្ជុល(កម្រិត)ត្រូវ​តែ​មាន​ប្រសិទ្ធភាព​អាច​ទប់​ទល់​នឹង​មេរោគ​គ្រប់​ប្រភេទ​បាន ដើម្បីជៀស​វាង​កុំឲ្យ​អ្នក​ជំងឺ​មានប្រតិកម្ម​អាក្រក់​ពី​ថ្នាំ៕

ប្រែ​សម្រួល​ដោយ​ កែរ​ យ៉ាន

XS
SM
MD
LG