ដបប្លាស្ទិក និងកំប៉ុងស្រាបៀរ រមៀលចុះឡើងនៅលើបាតសមុទ្រក្នុងដែនទឹកជុំវិញកោះ Phuket ដែលនៅភាគខាងត្បូងប្រទេសថៃ ខណៈដែលសំរាមកាន់តែគរច្រើនឡើងនៅលើកោះនេះ ដែលជាកន្លែងទេសចរណ៍ដែលត្រូវបានគេស្គាល់ថាមានឆ្នេរស្អាត និងថ្ងៃលិចដ៏គួរឱ្យគយគន់។
នៅជ្រុងម្ខាងនៃកោះនេះ រថយន្តដឹកទំនិញ និងត្រាក់ទ័របើកចុះឡើងដើម្បីដឹកសំរាមទៅកន្លែងចាក់សំរាមដ៏ធំដែលជាទីដៅចុងក្រោយសម្រាប់កាកសំណល់ជាង១.០០០តោន ដែលប្រមូលបាននៅលើកោះ Phuket ជារៀងរាល់ថ្ងៃ។
តែក្នុងរយៈពេលប៉ុន្មានខែប៉ុណ្ណោះ ទីលានចាក់សំរាមបានរីកធំឡើង រហូតវាដល់បិទបាំងសម្រស់ភ្នំដ៏ស្អាតដែលពីមុនអាចមើលឃើញពីផ្ទះរបស់អ្នកស្រី Vassana Toyou។
អ្នកស្រី Vassana ថ្លែងថា៖ «យើងមិនអាចទៅធ្វើអ្វីនៅខាងក្រៅផ្ទះបានទេ។ (យើង) នៅតែក្នុងផ្ទះ។ ក្លិនខ្លាំងណាស់ យើងត្រូវពាក់ម៉ាស់»។
អ្នកស្រី Vassana បាននិយាយថា ដើម្បីទប់ទល់នឹងក្លិនស្អុយ អ្នកស្រីបើកម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនបន្សុទ្ធខ្យល់គ្រប់ពេល ដែលនេះធ្វើឱ្យថ្លៃភ្លើងកើនឡើងទ្វេដង។
កោះ Phuket ដែលជាកោះធំជាងគេរបស់ប្រទេសថៃ ត្រូវបានអភិវឌ្ឍយ៉ាងឆាប់រហ័ស ដោយសារវិស័យទេសចរណ៍របស់ប្រទេស ដែលជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសថៃទាំងមូល។ ក្នុងចំណោមទេសចរបរទេស ៣៥លាន ៥សែននាក់ដែលបានទៅលេងប្រទេសថៃនៅឆ្នាំ ២០២៤ ប្រហែល ១៣ លាននាក់បានធ្វើដំណើរទៅកាន់កោះនេះ។
លោក Suppachoke Laongphet អភិបាលរងក្រុងធំជាងគេនៅលើកោះ Phuket បានពន្យល់អំពីការណ៍ដែលកំណើនទេសចរណ៍ និងសំណង់បានធ្វើឱ្យបរិមាណសំរាមមានលើសពីកម្រិតមុនការរីករាលដាលនៃជំងឺកូវីដ១៩យ៉ាងដូច្នេះថា៖ «ការរីកចម្រើននៃទីក្រុង Phuket មានល្បឿនលឿនហួស»។
លោកបានថ្លែងបន្តថានៅដំណាច់ឆ្នាំនេះ កោះនេះអាចនឹងមានសំរាមរហូតដល់ ១.៤០០តោនក្នុងមួយថ្ងៃ ដែលលើសចំណុះកន្លែងចាក់សំរាមដែលមានតែមួយកន្លែងគត់។
លោកបាននិយាយទៀតថា អាជ្ញាធរកំពុងជំរុញផែនការកាត់បន្ថយកាកសំណល់ឱ្យបាន ១៥% ក្នុងរយៈពេលប្រាំមួយខែ ពង្រីកកន្លែងចាក់សំរាម និងសាងសង់កន្លែងដុតសំរាមថ្មីមួយ ខណៈដែលកោះនេះខិតខំដើម្បីក្លាយជាគោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាព។
ក៏ប៉ុន្តែ អ្នកជំនាញនិយាយថា ការបង្កើនសមត្ថភាព និងបង្កើនកន្លែងដុតសំរាមគឺគ្រាន់តែជាផ្នែកនៃដំណោះស្រាយប៉ុណ្ណោះ។
លោក Panate Manomaivibool សាស្រ្តាចារ្យរងផ្នែកគ្រប់គ្រងកាកសំណល់នៅសាកលវិទ្យាល័យ Burapha បាននិយាយថា៖ «ប្រសិនបើអ្នកគ្រាន់តែបន្តពង្រីកកន្លែងដុតសំរាមនោះ ខ្ញុំគិតថា វាមិនអាចដោះស្រាយបញ្ហានេះបានទេ។ ពួកគេត្រូវផ្តោតទៅលើការកាត់បន្ថយ និងការបំបែកសំរាមឱ្យត្រូវទៅតាមប្រភេទរបស់វា»៕
វេទិកាបញ្ចេញមតិ