ប៉ូលិសថៃមួយរូបបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ប៉ូលិសថៃបានចាប់ខ្លូនមេដឹកនាំនិស្សិតមួយរូបនៅថ្ងៃអង្គារនេះ ជាផ្នែកមួយនៃការបន្តការបង្ក្រាបប្រឆាំងសកម្មជននយោបាយដែលបានជួយរៀបចំបាតុកម្មប្រឆាំងរដ្ឋាភិបាលកាលពីខែកក្កដា។
កញ្ញា Jutatip Sirikhan អាយុ២១ឆ្នាំ ជាប្រធានសម្ព័ន្ធនិស្សិតប្រចាំប្រទេសថៃត្រូវបានចាប់ខ្លួន ដោយប៉ូលិសស្លៀកពាក់ស៊ីវិល នៅពេលដែលនាងធ្វើដំណើរតាមរថយន្តតាក់ស៊ីទៅកាន់សាកលវិទ្យាល័យបាងកក នេះបើយោងតាមវីដេអូដែលថតដោយកញ្ញា Jutatip បង្ហោះលើគណនីហ្វេកប៊ុកផ្ទាល់ខ្លួនរបស់នាង។ នៅក្នុងវីដេអូនោះ ប៉ូលិស [ដែលចាប់នាង] បានប្រាប់ថាខ្លួនជាសមាជិកប៉ូលិសប្រចាំទីក្រុងបាងកក មុនពេលបង្ហាញដីកាចាប់ខ្លួន។
ប៉ូលិសម្នាក់ប្រចាំស្ថានីយ៍ប៉ូលិស Samranrat នៅក្នុងទីក្រុងបាងកកបានឱ្យដឹងតាមទូរស័ព្ទថា៖ «យើងអនុវត្តតាមដីកាចាប់ខ្លួនករណីបាតុកម្មថ្ងៃទី១៨ ខែកក្កដា»។
ប៉ូលិសរូបនេះបានឱ្យដឹងទៀតថា កញ្ញា Jutatip នឹងត្រូវចោទប្រកាន់ពីបទរំលោភច្បាប់សន្តិសុខផ្ទៃក្នុង និងរំលោភបទប្បញ្ញត្តិហាមឃាត់មិនឱ្យមានការប្រមូលផ្ដុំជាសាធារណៈក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩ និងការចោទប្រកាន់ផ្សេងៗទៀត។
ក្រុមនិស្សិតបានតវ៉ាទូទាំងប្រទេសស្ទើតែរាល់ថ្ងៃចាប់ពីថ្ងៃទី១៨ ខែកក្ដដាមក អំពាវនាវឱ្យមានរដ្ឋធម្មនុញ្ញថ្មី និងបញ្ចប់ឥទ្ធិពលយោធាទៅលើនយាបាយថៃ៕